ទេវបុត្រ​កើតក្តី​សង្វេគ​ព្រោះ​ទ​ង្វើ​សត្វលោក

សត្វលោក​នេះ​មាន​អាយុ​ខ្លី​ណាស់​តែ​សុទ្ធតែ​លិចលង់​នៅ​ក្នុង​សេចក្តី​ប្រមាទ​ដូចទេ​វបុ​​​ត្រ​​មួយ​អង្គ​គ្រាន់តែ​ឮ​សម្តី​ទេវតា​ទូល​ប្រាប់​តាម​ដំណើររឿង​ពី​សេចក្តី​ប្រមាទ​របស់​មនុស្ស​លោ​ក​ក៏​មាន​សេចក្តី​តក់ស្លុត​ដោយ​បញ្ចេញ​សូរសៀង​ថា ឱ​ហ្ន៎​! មនុស្ស​ទាំងឡាយ​សុទ្ធតែ​ជា​អ្នក​ដេក​លក់​ពេល​ណា​ទើប​រួច​ចាក​ទុក្ខ ។

បើ​តាម​ទ្រឹស្តី​នៅ​ក្នុង​គម្ពីរ​ធម្មបទ​មាន​សម្តែង​អំពី​ទេវតា​នៅ​ក្នុង​ឋាន​ចា​តុ​ម្មហា​រា​ជិ​កា​ថា សម័យមួយ​ទេវបុត្រ​មួយ​អង្គ​បាន​សួរ​ទៅ​ទេពធីតា​ដែល​ទើប​ស្លាប់​ពី​ឋានមនុស្ស​មក​ចាប់បដិសន្ធិ​នៅ​ភព​ទេវលោក​ថា តាំងពី​ព្រឹក​រហូត​ទល់​ល្ងាច ម្តេច​ក៏​មិនឃើញ​នាង​សោះ តើ​នាង​ទៅ​ណា​ពេញ​មួយ​ថ្ងៃនេះ ? ទេពធីតា​ឆ្លើយ​ថា បពិត្រ​លោក​ម្ចាស់ ខ្ញុំ​ច្យុត​ចាក​ឋាន​ទេវលោក​នេះ ទៅ​កើត​នៅ​ក្នុង​ត្រកូល​មួយ​នា​ក្រុង​សាវត្ថី ។

ទេវបុត្រ​សួរ​ទៀត​ថា ទៅ​កើត​នៅ​ទីនោះ​អស់​កាល​ប៉ុន្មាន ? តាំងពី​ខ្ញុំ​ចុះ​ចាប់បដិសន្ធិ​គម្រប់​១០​ខែ ក៏​ប្រសូត​ដល់​អាយុ​១៦​ឆ្នាំ​មាតាបិតា​ខ្ញុំ​លោក​ឲ្យ​មាន​ប្តី ខ្ញុំ​ទៅ​នៅ​រួមរស់​ជាមួយ​ប្តី​បានកូន​៤ ហើយ​តែង​ធ្វើបុណ្យ​ឲ្យ​ទាន ប្រាថ្នា​ឲ្យ​បាន​មក​កើត​ក្នុង​សំណាក់​លោក​ម្ចាស់​វិញ​។
មនុស្ស​ទាំងឡាយ​មាន​អាយុ​ប៉ុន្មាន​ឆ្នាំ ? ត្រឹមតែ​មួយ​រយ​ឆ្នាំ​ប៉ុណ្ណោះ​យ៉ាងច្រើន ។ មនុស្ស​ទាំងឡាយ​មាន​អាយុ​មួយ​រយ​ឆ្នាំ​នេះ សុទ្ធតែ​ជា​អ្នក​ដេក​លក់​ដោយ​សេចក្តី​ប្រមាទ ឬ​ក៏​មាន​ធ្វើបុណ្យ​ទាន​អ្វី​ដែរ ? មនុស្ស​ស្ទើរតែ​ទាំងអស់​សុទ្ធតែ​មាន​សេចក្តី​ប្រមាទ ព្រោះ​ប្រកាន់​ថា អាយុ​មួយ​រយ​ឆ្នាំ​នេះ​ហាក់ដូច​ជាមួយ​អសង្ខេយ្យ ហាក់ដូចជា​មិន​ចេះ​ចាស់​មិន​ចេះ​ស្លាប់​អ៊ីចឹង ។

គ្រាន់តែ​ឮ​សម្តី​នាង​ទេវធីតា​បែប​នេះ ទេវបុត្រ​មាន​សេចក្តី​សង្វេគ​កើតឡើង​ក្នុង​ចិត្ត​ភ្លាម លាន់​វាចា​ថា ឱ​ហ្ន៎​! មនុស្ស​ទាំងឡាយ​សុទ្ធសឹងតែ​ជា​អ្នក​លិចលង់​ក្នុង​ការ​ប្រមាទ តើ​កាលណា​ទើប​រួច​ផុត​ពី​សេចក្តី​ទុក្ខ ។ (ដោយសាន សារិន)