ភ្លើងចង្ក្រាន​លេប​ត្របាក់​តូប​លក់ដូរ​ទាំង​ព្រឹក​ត្រឹម​មួយប៉ប្រិចភ្នែក​ខ្ទេច​អស់​គ្មាន​សល់(មានវីដេអូ)

285

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា កម្ទេច​ភ្លើងចង្ក្រាន​បាន​បង្ក​ជា​អគ្គី​ភ័យ​លេប​ត្របាក់​តូប​លក់ដូរ​មួយ​កន្លែង​ត្រឹមតែ​មួយ​ប៉​ព្រិច​ភ្នែក​អស់​គ្មាន​សល់ នៅ​វេលា​ម៉ោង​៥​ព្រឹក ថ្ងៃ​ទី​១៩ វិច្ឆិកា​នេះ នៅ​ចំណុច​ភូមិ​បឹង​រាំង ឃុំ​ធិ​បតី ស្រុក​គាស់​ក្រឡ ដែល​ការ​ខូចខាត​គិត​ជា​ទឹក​អស់​ជិត​១០០​លាន​រៀល ។ នេះ​បើ​យោង​តាម​របាយការណ៍​បឋម​របស់​មន្ត្រី​កងរាជអាវុធហត្ថ ។

Loading...

សេចក្ដីរាយការណ៍​ពី​មន្ត្រី​កងរាជអាវុធហត្ថ​បាន​ឲ្យ​ដឹង​ទៀត​ថា អគ្គី​ភ័យ​នោះ​បាន​ឆេះ​តូប​លក់​អីវ៉ាន់​ចាប់ហួយ​របស់​ពលរដ្ឋ​ឈ្មោះ សុំ សា​វុន ប្រុស​អាយុ​៤០​ឆ្នាំ ដែល​មាន​ទំហំ ៦x៧​ម៉ែត្រ​ប្រក់​ស័ង្កសី ដែល​ពោ​ពេញ​ទៅ​ដោយ​ទំនិញ​គ្រប់សព្វ​នៅ​ក្នុង​តូប​នោះ ។ មន្ត្រី​ដដែល​បាន​ស្រង់​សម្តី​ជន​រង​គ្រោះ​ថា អគ្គី​ភ័យ​នោះ​ទំនង​ផ្ដើម​ចេញពី​កម្ទេច​ភ្លើងចង្ក្រាន​ដែល​ខ្ទាត​ប៉ះ​នឹង​សាំង​ទើប​បង្ក​ជា​អគ្គី​ភ័យ​តែ​ម្ដង ។

បើ​តាម​ជន​រង​គ្រោះ​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ថា ប្រាកដជា​កម្ទេច​ភ្លើងចង្ក្រាន​មែន​ដែល​នាំ​ឲ្យ​មាន​អគ្គី​ភ័យ​នេះ​កើតឡើង ។ គាត់​បាន​បញ្ជាក់​ថា កម្ទេច​ភ្លើងចង្ក្រាន​បាន​ខ្ទាត​ប៉ះ​ចំ​ប៊ីដុង​សាំង​ដែល​នៅ​ក្បែរ​នោះ ហើយ​វា​បាន​ឆាបឆេះ​យ៉ាង​សន្ធោរ​សន្ធៅ​យ៉ាង​កំ​ហុ​ក​ភ្លាម​រំពេច សូ​ម្បី​តែ​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​សមត្ថកិច្ច​ក៏​ជួយ​អន្តរាគមន៍​មិន​ទាន់​ដែរ ។ នៅ​ក្នុង​ស្ថានភាព​បែប​នេះ គេ​មិន​អាច​រំដោះ​អ្វី​បាន​ទេ ។ ពោល​ទ្រព្យសម្បត្តិ និង​អីវ៉ាន់​ទាំងអស់​ដែល​នៅ​ក្នុង​តូប​ត្រូវ​បាន​ក្លាយជា​ចំណី​ព្រះ​អគ្គី​ទាំងស្រុង​តែ​ម្ដង ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ដែរ​ថា រថយន្ត​ពន្លត់អគ្គីភ័យ​របស់​សមត្ថកិច្ច​ក៏​បាន​ចេញ​អន្តរាគមន៍​ភ្លាម​ៗ​ដែរ ពេល​ដែល​ភ្លើង​កំពុង​ឆេះ​ពេញបន្ទុក ។ ប៉ុន្តែ​គេ​ឃើញ​អីវ៉ាន់​នានា និង​តូប​លក់ដូរ​ស្ទើរ​រលាយ​ហិនហោច​អស់​ទៅ​ហើយ បើ​ទោះជា​រថយន្ត​ទឹកបាន​ប្រឹងប្រែង​បាញ់​ទឹក​ពន្លត់​ដោយ​ជោគ​មិន​អាច​ជួ​យស​ង្ក្រោះ​អីវ៉ាន់​នៅ​ក្នុង​តូប​បាន​ដែរ តែ​យ៉ាងណា​មិន​មាន​គ្រោះថ្នាក់​មនុស្ស​ទេ ។

យ៉ាងនេះ​ក្ដី និយាយ​ពី​ទំហំ​នៃ​ការ​ខូចខាត​វិញ បើ​តាម​ជន​រង​គ្រោះ​បាន​និយាយ​ត្រួស​ៗ ប្រាប់​សមត្ថកិច្ច​ថា អំណាច​កម្ទេច​ភ្លើងចង្ក្រាន​នេះ​បាន​លេប​ប្រាក់​ខ្មែរ​អស់​ចំនួន​១០​លាន​រៀល , ប្រាក់​ថៃ​ចំនួន​២,០០០​បាត និង​ទំនិញ​ទាំងអស់​នៅ​ក្នុង​តូប​ដែល​មាន​ទឹកប្រាក់​ប្រហែល​៨០​លាន​រៀល ។ ហើយ​បើ​សរុប​ពី​ទំហំ​នៃ​ការ​ខូចខាត​ទាំង​ប្រាក់សុទ្ធ និង​អីវ៉ាន់​សព្វគ្រប់​គិត​ជា​ទឹកប្រាក់​អស់​ជិត​១០០​លាន​រៀល ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់