រាជធានីភ្នំពេញ ៖ លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ អាចនឹងត្រូវបានស្នើសុំលើកលែងទោសពាក់ព័ន្ធនឹងសំណុំរឿងរបស់លោក នៅពេលតុលាការដំណើរការនីតិវិធីបានបញ្ចប់ជាស្ថាពរ ។ នេះបើតាមលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ។
លោក សុខ ឥសាន បានឲ្យដឹងនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩ថា ៖ «ករណីលោក កឹម សុខា គឺស្ថិតនៅក្នុងដៃតុលាការ ទោះបីជាតុលាការបានបញ្ចប់ការស៊ើបសួរក្តី ។ ប៉ុន្តែយ៉ាងណាក្តីក្រោយពេលតុលាការបញ្ចប់ការស៊ើបសួរហើយមានរបាយការណ៍ច្បាស់លាស់ហើយ មានន័យថារឿងនោះបានបញ្ចប់ហើយ ហើយនឹងឈាន ទៅបើកសវនាការនៅពេលខាងមុខ ដែលជាសិទ្ធិរបស់តុលាការ ដែលយើងមិនអាចប៉ាន់ស្មានបានទេ តែចុងក្រោយគឺស្ថិតក្នុងការកាត់សេចក្តីហ្នឹងឯង» ។
ទាក់ទិននឹងសំណួរថា តើអាចនឹងមានការចរចាផ្នែកនយោបាយណាមួយ ចំពោះករណីលោក កឹម សុខា ដើម្បីឲ្យមានសិទ្ធិធ្វើនយោបាយឡើងវិញដែរឬទេ ? លោក សុខ ឥសាន បញ្ជាក់ថា រឿងលោក កឹម សុខា គឺឲ្យចប់ផ្លូវច្បាប់សិន ហើយបញ្ហាបន្តទៀតគឺយើងមានគោលនយោបាយបង្រួបបង្រួមជាតិជាមួយកម្លាំងនយោបាយទាំងអស់ដែលមានអាទិភាពនៅកម្ពុជា ដោយមិនរើសអើងនោះទេ ។
លោក សុខ ឥសាន បានគូសបញ្ជាក់ថា៖ «យើងផ្សះផ្សាគឺផ្អែកលើកគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងគោលការណ៍ច្បាប់ ។ ឧទាហរណ៍ បើលោក កឹម សុខា បានកាត់សេចក្តីរួចហើយ ជាប់គុកប៉ុន្មានឆ្នាំៗ អាហ្នឹងយើងអនុវត្តតាមច្បាប់ ពេលអនុវត្តហើយ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជានាយករដ្ឋមន្ត្រី មានឆន្ទានុសិទ្ធិក្នុងការធ្វើលិខិតដើម្បីថ្វាយព្រះមហាក្សត្រ ដើម្បីស្នើសុំលើកលែងទោស»។ លោកបន្ថែមថា នៅពេលដែលលោក កឹម សុខា ត្រូវបានតុលាការកាត់ទោសហើយត្រូវបានស្នើសុំនោះ គឺគោរពតាមច្បាប់រដ្ឋធម្មនុញ្ញដែលមានចែង ។
លោក សុខ ឥសាន ថ្លែងថា ៖ «ចំណុចទាំងនេះហើយគឺយើងចង់ផ្សះផ្សាជាតិ ។ ពេលលើកលែងទោសហើយ កឹម សុខា មានសិទ្ធិសេរីភាពពេញលេញក្នុងការធ្វើសកម្មភាពនយោបាយ ។ នេះជាគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងគោលការណ៍ច្បាប់ គឺគ្មានខុសនោះទេ» ។ចំពោះសំណួរថា តើសម្តេចអាចនឹងលើកលែងទោសដែរឬទេ ? លោក សុខ ឥសាន បញ្ជាក់ថា ត្រង់ចំណុចនេះខ្ញុំមិនអាចបញ្ជាក់បានទេ មានតែសម្តេចបានដឹង ។ តែខ្ញុំយល់ថា មនោសញ្ចេតនា ចិត្តសន្តោសប្រណីរបស់សម្តេច តែងតែមានជាប្រចាំក្នុងនាមជាអ្នកដឹកនាំប្រទេស ចំពោះអ្នកនយោបាយ និងគ្រប់គណបក្សនយោបាយ ។
អុីចឹងទេ យើងមានសង្ឃឹម តែយើងមិនអាចអារកាត់ជំនួសសម្តេចទេ ។ យើងឃើញហើយថា ទោះបីទណ្ឌិត សម រង្ស៊ី មានការប្រទូស្តរ៉ាយមួយគ្នា ក៏សម្តេចបានលើកលែងទោស ដែរ តែនៅរយៈពេលចុងក្រោយគឺមិនអាចលើក លែងទោសបានទៀតទេ ។ លោក សុខ ឥសាន បញ្ជាក់ថា ៖ «ចំពោះ កឹម សុខា ខ្ញុំយល់ថាអាចមានលទ្ធភាពច្រើនជាង ទណ្ឌិត សម រង្ស៊ី ត្រូវបានសម្តេចតេជោ ហ៊ុន សែន ស្នើថ្វាយលើកលែងទោសច្រើនជា សម រង្ស៊ី» ។
សូមជម្រាបថា លោក គី ឫទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃ១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ បានបិទបញ្ចប់ការស៊ើបសួរលើសំណុំរឿងព្រហ្មទណ្ឌចុះថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ដែលមាន
ជនត្រូវចោទឈ្មោះ កឹម សុខា ត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យ ពីបទសន្ទិដ្ឋិភាពជាមួយបរទេស ប្រព្រឹត្តនៅកម្ពុជានិងទីកន្លែងផ្សេងទៀត កាលពីអំឡុងឆ្នាំ១៩៩៣ ដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ បទ
ល្មើសព្រហ្មទណ្ឌដែលមានចែងនិងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៤៤៣នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា នោះយើងបានសម្រេចបិទការស៊ើបសួរចាប់ពីពេលនេះតទៅ ។
លោក កឹម សុខា បានជាប់ពន្ធនាគារត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំ កាលពីចុងឆ្នាំ២០១៧ បន្ទាប់ពីអាជ្ញាធរកម្ពុជាចោទប្រកាន់ក្នុងអំពើក្បត់ជាតិដែលបរទេសនៅពីក្រោយខ្នង ។ បន្ទាប់មកលោកត្រូវបានសមត្ថកិច្ចដឹកយកមកបន្តឃុំខ្លួននៅក្នុងផ្ទះអស់ប្រមាណ១ឆ្នាំទៀត ហើយទើបបន្ធូរបន្ថយលក្ខខណ្ឌច្បាប់កាលពីថ្ងៃ១០ ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងមកនេះ ។ ក្រោយពីតុលាការសម្រេចឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន កាលពីថ្ងៃ១០ ខែវិច្ឆិកាកន្លងមកនេះភ្លាម លោក កឹម សុខា ត្រូវបានតំណាងស្ថានទូតមួយចំនួនចូលជួបសួរសុខទុក្ខជាបន្តបន្ទាប់ ។
ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្របញ្ចប់ការសិក្សានៅសាកលវិទ្យាល័យធនធានមនុស្ស កាលពីព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា នៅវិទ្យាស្ថានជាតិអប់រំសម្តេចតេជោបានគូសបញ្ជាក់ទាក់ទិននឹងករណីលោក កឹម សុខា ថា នោះគ្រាន់តែជាការបន្ធូរបន្ថយចំពោះមនុស្សម្នាក់ ដោយតុលាការបានបិទការស៊ើបសួរ ។ ក្រោយមក មានការលើកឡើងនិងមាននិយាយថា នឹងត្រូវបានដោះលែងអុីចេះអុីចុះ ប៉ុន្តែសូមចាំថា ដំណើរការរឿងក្តីមួយនេះមិនអាចធ្វើការមួយថ្ងៃឬពីរថ្ងៃ មួយខែឬពីខែចប់ទេ គឺត្រូវប្រើរយៈពេលវែង ។
សម្ដេចតេជោបញ្ជាក់ថា មានអ្នកមួយចំនួនលើកឡើងថា បន្តិចទៀតលោក កឹម សុខា នឹងត្រូវបានព្រះមហាក្សត្រលើកលែងទោស ។ សូមបញ្ជាក់ថា បើគ្មានទោសផងតើព្រះមហាក្សត្រមានអ្វីទៅលើកលែងទោសឱ្យនោះ ។ សូមពន្យល់ មិនទាន់កាត់ទោសផង តើមានទោសឯណាសម្រាប់ការលើកលែង ? លើក លែងការចោទប្រកាន់ក៏គ្មាន យើងមិនដឹងថាដំណើរការតុលាការពេលណា ប៉ុន្តែតុលាការគ្រាន់តែបានបញ្ចប់បិទសំណុំរឿងស៊ើបអង្កេត ដើម្បីបញ្ជូនទៅជំនុំជម្រះ ប៉ុន្តែជំនុំជម្រះហើយធ្វើពេលណាជារឿងរបស់តុលាការ យើងគ្មានសិទ្ធិទៅជ្រៀតជ្រែកទេ ៕
