កម្ពុជា​-​ចិន​នឹង​ប្រជុំ​​រឿង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នៅ​ប៉េ​កាំ​ង​នា​ដើមខែ​ធ្នូ ខណៈ​ចិន​ក៏​រៀបចំ​ប្លង់​មេ​អភិវឌ្ឍន៍​ខេត្ត​ព្រះ​សីហ​នុ

ក្រុង​សិន​ជិន​៖ ប្រទេស​កម្ពុជា​និង​ចិន​ក្នុង​ន័យ​ដើម្បី​សម្រេច​ឈាន​ដល់​កុង​សុង​ស៊ី​ស​ចម្បង​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​សេរី​រវាង​ប្រទេស​ទាំង​ពីរ ថ្នាក់ដឹកនាំ​កំពូល​កម្ពុជា​និង​ចិន​នឹង​រៀបចំ​កិច្ច​ពិភាក្សា​ផ្លូវការ​លើក​ដំបូង​ស្តី​អំពី «​ការ​សិក្សា​ស្រាវជ្រាវ​លទ្ធភាព​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​ភាគី​ចិន និង​កម្ពុជា​» ក្នុង​រដ្ឋធានី​ប៉េ​កាំ​ង នា​ស​ប្តា​ហ៍​ទី​១ នៃ​ខែធ្នូ ដ៏​ខ្លី​ខាង​មុខ​នេះ​។

Loading...

ការ​ប្រកាស​របស់​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា​ក៏​ដូច​ជា​ស្ថានទូត​ចិន​នៅ​កម្ពុជា​អំពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​ប្រទេស​ទាំង​ពីរ​ធ្វើ​ឡើង​ខណៈ​ចំ​ពេល​ដែល​ការ​រៀបចំ​ប្លង់​សម្រាប់​ការ​អភិវឌ្ឍន៍​ខេត្ត​ព្រះ​សីហ​នុ​កំពុង​ស្ថិត​នៅ​ក្នុង​ដៃ​របស់​ប្រទេស​ចិន ដែល​គ្រោង​នឹង​រៀបចំ​ខេត្ត​មាត់សមុទ្រ​មួយ​នេះ​ឲ្យ​មានការ​រីក​ចម្រើន​ដូច​គ្នា​នឹង​ទីក្រុង ក្រុង​សិន​ជិន (Shenzhen) របស់​មហាអំណាច​ចិន​។

បើ​យោង​តាម​ស្ថានទូត​ចិន​នៅ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា «​នេះ​ជា​ការ​រៀបចំ​ដ៏​ពិសេស​មួយ​នៃ​ភាគី​ចិន ដោយ​ផ្អែក​លើ​ទំនាក់ទំនង​មិត្តភាព​រវាង​ចិន និង​កម្ពុជា​។ ពេល​មុន​នេះ ថ្នាក់​ប្រតិបត្តិ​ការងារ​នៃ​ស្ថាប័ន​ពាណិជ្ជកម្ម​រវាង​ភាគី​ចិន និង​កម្ពុជា​បាន​បង្កើត​យន្តការ​ទំនាក់ទំនង​រួច​ជា​ស្រេច ដើម្បី​ជម្រុញ​កិច្ចការ​ដែល​ពាក់ព័ន្ធ​ឲ្យ​មាន​ទំនាក់ទំនង​យ៉ាង​ជិត​ស្និទ្ធ​ល្អ​»​។

ជាមួយ​គ្នា​នេះ​ផង​ដែរ​សម្តេច​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​មាន​ប្រសាសន៍​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ចំនួន​៣៤​ខ្សែ​នៅ​ខេត្ត​ព្រះ​សីហ​នុ កាលពី​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា​ថា នៅ​ថ្ងៃ​ទី​៤ ខែធ្នូ ២០១៩​ខាង​មុខ​នេះ ការ​ចរចារ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា និង​ចិន​នឹង​ចាប់​ដំណើរការ​និង​សម្រេច​ជោគជ័យ​ក្នុង​រយៈពេល​ខ្លី​។

សម្តេច​តេ​ជោ បាន​មាន​ប្រសាសន៍​សង្កត់ធ្ងន់​ថា «​ខ្ញុំ​សូម​បញ្ជាក់ នៅ​ប្រទេស​ដទៃ China Town គ្រប់កន្លែង ។ កម្ពុជា​អត់​ទាន់​មាន China Town ទេ​ណា ម៉េច​ក៏​មិន​ថា​។ ទៅ​សួរ​ទៅ​អា​មេ​រិ​ក China Town នៅ​ក្នុង​ប្រទេស​អា​មេ​រិ​ក​មាន​ប៉ុន្មាន​ទៅ ? គ្រប់​រដ្ឋ​ទាំងអស់​មាន China Town គេ​ហៅ​ថា​ផ្សារ​របស់​ចិន ទីក្រុង​របស់​ចិន ។ នៅ​បារាំង​នៅ​ប្រទេស​នានា មាន China Town ចុះ​ចង្រៃ​អី​គ្រាន់តែ​ចិន​មក​វិនិយោគ​នៅ​ស្រុក​ខ្មែរ វា​បង្កើត​ទៅ​ជា​រឿង ហើយ​រហូត​ទៅ​ដល់​វា​ប្រកាស​ថា ហ៊ុន សែន កំពុងលែង​ជាមួយ​ភ្លើង ព្រោះ​មាន​ទំនាក់ទំនង​ជាមួយ​ចិន វា​ឆ្កុយ​អ​ញ្ចេះ​។ សុំ​ផ្តាំ​ទៅ​អ្នកឯង ហ៊ុន សែន មិនមែន​ធ្វើ​ត្រឹមតែ​ទាញ​អ្នក​វិនិយោគ​មក​ត្រឹម​ប៉ុណ្ណឹង​ទេ ថ្ងៃ​ទី ៤ ខែធ្នូ ឆ្នាំ​២០១៩ នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ ការ​ចរចារ​កិច្ចព្រមព្រៀង​សេរី​រវាង​កម្ពុជា​-​ចិន នឹង​ចាប់​ដំណើរការ ហើយនឹង​សម្រេច​ជោគជ័យ​ក្នុង​រយៈពេល​ខ្លី ។

សម្តេច​តេ​ជោ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា «​ពេល​ណា​យើង​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី រវាង​កម្ពុជា​-​ចិន​។ ទីផ្សារ​ចិន​នឹង​បើកចំហរ​សម្រាប់​ទំនិញ​របស់​កម្ពុជា អីចឹង​នេះ​ជា​ផលប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច សូ​ម្បី​តែ​អា​មេ​រិ​ក​ក៏​រកស៊ី​ជាមួយ​ចិន ហើយ​អឺរ៉ុប​ក៏​រកស៊ី​ជាមួយ​ចិន ហេតុ​អ្វី​មក​បន្ទោស​ខ្មែរ​មិន​អាច​រកស៊ី​ជាមួយ​ចិន​មិន​បាន?​» ។​ពាក់ព័ន្ធ​និង​ការ​ចរចា​រលើ​កិច្ចព្រមព្រៀង​ធ្វើ​ពាណិជ្ជកម្ម​សេរី​ជា​រវាង​កម្ពុជា​និង​ចិន​នៅ​ថ្ងៃ​ខាង​មុខ​ដ៏​ខ្លី​នេះ សម្រាប់​វិស័យ​ឯកជន​យល់​ឃើញ​ថា​វា​មាន​ប្រយោជន៍​ច្រើន​សម្រាប់​វិនិយោគិន​ខ្មែរ​និង​ចិន ។

​លោកស្រី​ឧកញ៉ា កែវ​មុំ នាយិកា​ក្រុមហ៊ុន​ផលិត​នាំ​ស្រួយ​លី​លី មាន​ប្រសាសន៍​ថា ជាក់ស្តែង​ការ​ចរចារ​ធ្វើ​ពាណិជ្ជកម្ម​សេរី​វា​ជា​រឿង​ល្អ ប៉ុន្តែ​វា​ពាក់ព័ន្ធ​នឹង​របាំង​គុណភាព របាំង​ស្តង់ដា​រួម​នឹង​របាំង​ផ្សេង​ៗ បើសិនជា​គាត់​អនុវត្ត​យ៉ាងម៉េច​ឱ្យ​សងខាង​អនុវត្ត​បាន​ដូច​គ្នា កុំឱ្យ​តឹង​ម្ខាង ធូរ​ម្ខាង​។ ​លោកស្រី​បាន​បន្ត​ថា​« នៅ​ថ្ងៃ​អនាគត​បើ​ប្រទេស​ទាំង​ពីរ​អាច​ឈាន​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម​សេរី​រួម​គ្នា​បាន នេះ​ជា​រឿង​ល្អ​ពិតមែន​។ វា​អាច​ឱ្យ​កម្ពុជា​នាំ​ចេញ​ផលិតផល​របស់​យើង​ទៅ​ប្រទេស​ចិន​បាន តែ​ត្រូវធ្វើ​យ៉ាង​ត្រូវ​ផ្តល់​ភាព​ងាយស្រួល ព្រោះ​បច្ចុប្បន្ន​យើង​ជួប​ប្រទះ​ការ​ដែល​យើង​នាំ​ផលិតផល​ទៅ​ប្រទេស​ចិន​នេះ​នូវ​ជួយ​បញ្ហា​ច្រើន​មែនទែន​»​។ បើ​តាម​នាយិកា​រូប​នេះ បច្ចុប្បន្ន​នេះ​ក្រុមហ៊ុន​លី​លី​នាំ​ចេញ​ផលិតផល​ទៅ​កាន់​ប្រទេស​ចិន ក្នុង​មួយ​ឆ្នាំ​២​មាន​ប្រមាណ​តែ​១០​កុង​តេ​ន័​រ​គិត​ជា​ទឹកប្រាក់​ប្រមាណ​១០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ហើយ​បើ​នៅ​ពេល​អនាគត​ការ​នាំ​ចេញ​មាន​ភាព​ងាយស្រួល​ជាង​នៅ​ពេល​កន្លង​មក នោះ​ក្រុមហ៊ុន​នឹង​ប​ង្រើ​ន​ការ​ផលិត​នាំ​ចេញ​ទី​កាន់​ទីផ្សារ​ចិន​ឱ្យ​បាន​ច្រើន​ថែមទៀត​។

លោក សំ សិរី​រតន៍ រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​ធ្លាប់​មាន​ប្រសាសន៍​ថ្មី​ៗ​នេះ​ថា​ផ្អែក​តាម​ការ​កត់ត្រា​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ក្នុង​រយៈពេល ០៥ ឆ្នាំជាប់​ៗ​គ្នា ពី​ឆ្នាំ ២០១៤ ដល់​ឆ្នាំ ២០១៨ ប្រទេស​ចិន គឺជា​ប្រភព​ទុន​វិនិយោគ​ធំ​ជាងគេ​នៅ​កម្ពុជា​ក្នុង​បរិមាណ​សរុប ៨,១ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​បាន​បោះទុន​វិនិយោគ​លើ​គ្រប់​វិស័យ ដែល​រួម​មាន​៖ ការ​វិនិយោគ​ផ្នែក​តំបន់​សេដ្ឋកិច្ច​ពិសេស រោងចក្រ​ឧស្សាហកម្ម សហគ្រាស កសិកម្ម សំណង់ និង​អចលនទ្រព្យ​ជាដើម​។​៣-)​បន្ថែម​ពី​នេះ ដោយ​កម្ពុជា​រក្សា​បាន​នូវ​កំណើន​ទេសចរណ៍​ជា​រៀង​រាល់​ឆ្នាំ ក្នុង​ឆ្នាំ​២០១៨ មាន​អ្នកទេសចរ​ចំនួន​ប្រមាណ ៦,២ លាន​នាក់ កើនឡើង ១១% ដែល​ធ្វើ​ឱ្យ​វិស័យ​ទេសចរណ៍​បាន​ចូលរួម​ចំណែក​ប្រមាណ​ជាង ១២.៧% នៃ​ផលិតផល​ក្នុងស្រុក​សរុប​។ ក្នុង​នោះ​ភ្ញៀវ​ទេសចរណ៍​ចិន​ឈរ​នៅ​លំដាប់​នាំមុខ​គេ ដែល​មាន​ចំនួន​ប្រមាណ ១,៩​លាន​នាក់ កើនឡើង​ជាង ៧០% ហើយ​ធ្វើ​ឱ្យ​មាន​ជើងហោះហើរ​ត្រង់​កម្ពុជា​-​ចិន កាន់តែ​ច្រើន​ឡើង​។

ខណៈ​កម្ពុជា​-​ចិន​បង្ហាញ​នូវ​ការ​តាំងចិត្ត​មុតមាំ​ធ្វើ​យ៉ាងណា​សម្រេច​ឲ្យ​បាន​នូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​ប្រទេស​ទាំង​ពីរ​នោះ ថ្មី​ៗ​នេះ​ផង​ដែរ​ប្រធាន​វិទ្យាស្ថាន រៀបចំ​ផែនការ និង​រចនា​ទីក្រុង​នៃ​ក្រុង​សិន​ជិន បាន​ឲ្យ​ដឹង​ថា លោក​សម្លឹង​ឃើញ​ក្រុងព្រះសីហនុ​នឹង​ក្លាយជា​ទីក្រុង​មានការ​អភិវឌ្ឍ​ដូច​គ្នា​នឹង​ទីក្រុង​សិន​ជិន ប្រទេស​ចិន ។ ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ក្រុម​អ្នក​សារព័ត៌មាន​កម្ពុជា ដឹកនាំ​ដោយ លោក អ៊ុ​ក គឹ​ម​សេង អនុរដ្ឋលេខាធិការ ក្រសួង​ព័ត៌មាន កាលពី​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៩ បាន​ចុះ​ទៅ​ទស្សនកិច្ច​នៅ​វិទ្យាស្ថាន​រៀបចំ​ផែនការ និង​រចនា​ទីក្រុង នៃ​ក្រុង Shenzhen និង​បាន​ជួប​សំណេះសំណាល ជាមួយ លោក Sima Xiao ប្រធាន​វិទ្យាស្ថាន​រៀបចំ​ផែនការ និង​រចនា​ទីក្រុង នៃ​ក្រុង​សិន​ជិន​។

លោក Sima Xiao បាន​លើក​ឡើង​ថា ក្រុងព្រះសីហនុ​នឹង​ក្លាយជា​ទីក្រុង​មានការ​អភិវឌ្ឍ​ដូច​គ្នា នឹង​ក្រុង​សិន​ជិន​ដែរ តាម​រយៈ​ការ​សិក្សា​គម្រោង តំបន់​សេដ្ឋកិច្ច​ពិសេសពហុ​បំណង​របស់​រដ្ឋាភិបាល​កម្ពុជា ។ លោក Sima Xiao ប្រធាន​វិទ្យាស្ថាន រៀបចំ​ផែនការ និង​រចនា​ទីក្រុង នៃ​ក្រុង​សិន​ជិន​បាន​មាន​ប្រសាសន៍​ទៀត​ថា ទី​ក្រុ​កសិន​ជិន ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ ១៩៨០ នៅ​ពេល​នោះ មាន​ប្រជាជន​តែ​ប៉ុន្មាន​ម៉ឺន​នាក់​ប៉ុណ្ណោះ តែ ៤០​ឆ្នាំ​ក្រោយមក គិត​មក​ដល់​បច្ចុប្បន្ន​ប្រជាជន​នៅ ក្រុង​សិន​ជិន មាន​ចំនួន​ដល់​ទៅ​ជាង ២០ លាន​នាក់ ។ ជាដំបូង​ប្រាក់​ចំណូល​របស់ ប្រជា​ពល​(GDP) បាន​ត្រឹម ១០០ $​ប៉ុណ្ណោះ​ក្នុង​ម្នាក់ តែ​បច្ចុប្បន្ន​មាន​ទៅ​ដល់​ជិត 3​ម៉ឺន​ដុល្លារ​ក្នុង​ម្នាក់​។

លោក​បាន​បន្ត​ថា នៅ ២០១៩ តាម​រយៈ​អង្គការ​យូ​នី​ដូ (Unido) ជា​អ្នកសម្របសម្រួល បាន​ណែនាំ​ក្រុមហ៊ុន​របស់​លោក​ទៅ​កាន់​រដ្ឋាភិបាល​កម្ពុជា ព្រមទាំង​មានឱកាស​សិក្សា​ស្វែង​យល់ និង​ទទួល​គម្រោង​ពិសេស​មួយ ដែល​ជា​គម្រោង​តំបន់​ពិសេស​ពហុ​បំណង នៅ​ខេត្ត​ព្រះ​សីហ​នុ ដែល​ជា​ការ​ចង់បាន​ពី​កម្ពុជា តាម​គម្រោង​តំបន់​ពិសេស​ពហុ​បំណង​ស្រប​តាម​ផែនការ ២០១៥-២០២៥ ។ ​លោក Sima Xiao ប្រធាន​ក្រុមហ៊ុន​ខាងលើ​បាន​បន្ត​ថា ខាង​លោក​បាន​ចាត់ អ្នកតំណាង​ពី​វិទ្យាស្ថាន​បាន​ធ្វើ​ដំណើរ​សិក្សា​ចំនួន ៣ លើក​រួច​មក​ហើយ​នៅ​កម្ពុជា ដើម្បី​សិក្សា​ពី បញ្ហា​ប្រឈម ក្នុង​ការ​គូស​ប្លង់​មេ​ក្នុង​រយៈពេល ១៨ ខែ​ចាប់ពី​ខែមករា ឆ្នាំ ២០២០​តទៅ​។ លោក​បាន​យល់​ឃើញ​ថា គម្រោង​មួយ​នេះ​ពិតជា​សំខាន់​ណាស់ ដើម្បី​ជំរុញ​ដល់​កម្ពុជា ជា​ពិសេស​ក្រុងព្រះសីហនុ ក្លាយជា​ទីក្រុង ដែល​មាន​សេដ្ឋកិច្ច​ខ្លាំងក្លា​មួយ ។

លោក​បាន​ចាប់អារម្មណ៍​ជា​ខ្លាំង ចំពោះ​កម្ពុជា ហើយ​ជា​រឿង​ដ៏​ល្អ​ធំ​មួយ បើ​គម្រោង​តំបន់​ពិសេស​ពហុ​បំណង អាច​ដើរទៅ​មុខ ដោយ​ជោគជ័យ ក្រុងព្រះសីហនុ និង​ក្រុង​សិន​ជិន (Shenzhen) នឹង​ក្លាយជា​ទីក្រុង មានការ​អភិវឌ្ឍន៍​ដូច​គ្នា ដោយសារ​លោក​មើលឃើញ​ថា ខេត្ត​ព្រះ​សីហ​នុ ជា​ខេត្ត​មាន​អំណោយផល​ជាទី​បំផុត ផ្នែក​លើ​ការ​អភិវឌ្ឍ ដែល​មាន​ស្រាប់ ដូច​ជា​ព្រ​លាន​យន្តហោះ កំពង់​ផែ និង​តំបន់​ពិសេស ដែល​មាន​អគារ​ខ្ពស់​ៗ​ជា​ច្រើន បាន​នឹង​កំពុង​សាងសង់ និង​សាងសង់​រួចរាល់​៕ កែសម្រួលដោយ ៖ សុឃាក់