អត់ព្រមសហការ…ចូលចាប់សែងស្ត្រីម្នាក់បញ្ចូលក្នុងឡាន​ទៅសាកសួរ

273

រាជធានី​ភ្នំពេញ ៖ អាជីវករ​ដូរ​លុយ​និង​វេរ​លុយ​ម្នាក់ បាន​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថខណ្ឌទួលគោក ចាប់​សែង​ចេញពី​ក្នុង​អង្រឹង​យក​ដាក់​រថយន្ត បន្ទាប់​ពី​ហៅ​សាកសួរ​រឿង​បាត់​នាងក្រមុំ​ម្នាក់​ដែល​មក​ស្នាក់​នៅ​ជា​មួយ​មិន​ព្រមទៅ​ ។ ហេតុការណ៍​នេះ​ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពីវេលា​ម៉ោង​ប្រមាណ​៣​និង​៣០​នាទី​រសៀល​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្ទះ​ដូរ​លុយ និង​អាស៊ី​វេ​លុយ មាន​អាសយដ្ឋាន​លេខ​៣៧០ មហាវិថី​ម៉ៅ​សេ​ទុង មុខ​ផ្សារ​ដើម​គ ក្នុង​សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក ។

Loading...

ស្ត្រី​ដែល​សមត្ថកិច្ច​នាំ​ខ្លួន​នេះ​ ឈ្មោះលឹ​ម វ៉ា​ន្នី អាយុប្រមាណ​៦៣​ឆ្នាំ ស្នាក់​នៅផ្ទះ​ខាងលើ ។ តាម​ព័ត៌មាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខណ្ឌទួលគោក បាន​មកអញ្ជើញ​អាជីវករ​រូប​នេះ​ទៅ​សាកសួរ​នៅ​បញ្ជាការដ្ឋាន​កង​រាជ​អាវុធ​ខណ្ឌ តែ​គាត់​មិន​ព្រមទៅ​ព្រមទាំង​ប្រកែក​ថា ​មិន​បានដឹង​នោះ​ទេ ។ ដោយសារ​តែ​មិន​ព្រម​សហការ សមត្ថកិច្ច​ក៏​បាន​សុំគោលការណ៍​ហើយ​នាំ​ខ្លួន​តែ​ម្តង ។

តាម​ព័ត៌មាន​ឲ្យ​ដឹង​ទៀត​ថា ខណៈនោះ​គេ​ឃើញ​អាជីវករ​រូប​នេះ​ព្យាយាម​គេច ហើយ​ក៏​ត្រូវ​កម្លាំង​កងរាជ​អាវុធហត្ថ នាំ​គ្នា​ចូល​ទៅ​ចាប់ខ្លួន សែង​ចេញពី​ក្នុង​អង្រឹង​យក​ទៅ​ដាក់​ក្នុង​រថយន្ត​ប​ញ្ចូ​ន​ទៅ​កាន់​ញ្ជា​ការដ្ឋាន​ដើម្បី​សាកសួរ ។ មន្ត្រី​កងរាជអាវុធហត្ថ​ខណ្ឌទួលគោក បាន​ឲ្យ​ដឹង​ថា ការ​នាំ​ខ្លួន​អាជីវករ​រូប​នេះ​ធ្វើ​ឡើង​តាម​បញ្ជា​លោក កែវ សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បន្ទាប់​ពី​មាន​ពាក្យបណ្តឹង​របស់​ម្តាយមីង​នារី​ម្នាក់​ដែល​បាត់​ខ្លួន ខណៈ​មក​ស្នាក់​នៅ​ធ្វើការ​នៅផ្ទះ​ខាងលើ ។

តាម​ម្តាយមីង​ឈ្មោះ តូច សុផល អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ទួល​ក្រួស សង្កាត់​ចំរើន​ផល ក្រុង​ពោធិ៍​សាត់ ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹង​ថា ក្មួយ​ស្រី​របស់​គាត់​ឈ្មោះ ចាន់ ស្រី​ណ​យ អាយុ​១៨​ឆ្នាំ បាន​បាត់​ខ្លួន​មិនដឹង​ទៅ​ណា បន្ទាប់​ពី​មក​ធ្វើការ​ជា​អ្នកលក់​បាយ និង​ស្នាក់​នៅផ្ទះ ខាងលើ ។ ស្ត្រី​ជា​ម្តាយមីង​បាន​ឲ្យ​ដឹង​ទៀត​ថា តាម​រយៈអ្នក​ស្គាល់គ្នា គាត់​បាន​យក​កូនស្រី​២​នាក់​និង​ក្មួយ​ស្រី​ម្នាក់​មក​ធ្វើការ​ជាមួយ​ឈ្មោះ លឹ​ម វ៉ា​ន្នី ។

លុះ​ក្រោយមក គាត់​បាន​យក​កូន​ទៅ​រៀន​វិញ នៅ​សល់​តែ​ក្មួយ​មក​ធ្វើការ​ជា​អ្នកលក់​បាយ រយៈពេល​ជាង​១​ខែ​មក​ហើយ ។ នៅ​ពេល​ថ្មី​ៗ​នេះ ស្រាប់តែ​ឃើញ​ហ្វ្រេ​ស​ប៊ុ​កកូន​ស្រី​របស់​ឈ្មោះ លឹ​ម វ៉ា​ន្នីបង្ហោះ​រូបថត​ក្មួយ​ស្រី​គាត់​ជាមួយ​ជនជាតិ​ចិន ក៏​មានការ​សង្ស័យ​ថា ក្មួយ​របស់​គាត់​ត្រូវ​បាន​គេ​នាំ​យក​ទៅ​លក់​ឲ្យ​ជនជាតិ​ចិន និង​បាន​ទាក់ទង​តាម​ទូរស័ព្ទ​តែ​ក្មួយ​មិន​លើក ។ បន្ទាប់​មក គាត់​បាន​ធ្វើ​ដំណើរ​មក​ភ្នំពេញ​សួរនាំ​ឈ្មោះ លឹ​ម វ៉ា​ន្នី តែ​គេ​មិន​ឆ្លើយ​និង​មិន​និយាយ ថែម​ទាំង​ជេរ​ទៀត ទើប​គាត់​ជា​ម្តាយមីង​ទៅ​ប្តឹង​សមត្ថកិច្ច​តែ​ម្តង ។

ទោះបីជា​យ៉ាងណា គេ​ពុំ​ដឹង​ថា​នាង​ក្រមុំរូប​នេះ ​ត្រូវ​បាន​គេ​លក់​មែនឬ​យ៉ាងណា​នោះ​ទេ ដោយសារ​តែ​ស្ត្រី​អាជីវករ​មិន​និយាយ និង​បានត្រឹមតែ​ប្រកែក​ថា មិនដឹង​ទេ ដែល​ទំនងជាមានការ​លាក់បាំង​អ្វីមួយ ។ បន្ទាប់​ពី​នាំ​ខ្លួន​អាជីវករ​រូប​នេះ សមត្ថកិច្ច​បា​នប​ញ្ចូ​ន​បន្ត​ទៅ​កាន់​បញ្ជា ការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បីសាកសួរ​និង​ស្រាវជ្រាវ​រក​នារី​វ័យក្មេង​ដែល​បាត់​ខ្លួន​នោះ ។គិត​ត្រឹម​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ដដែល នៅ​មិន​ទាន់​ដឹង​ថា ការ​បាត់​ខ្លួន​នាង​ក្រមុំ​រូប​នេះ​ដោយសារមូលហេតុ​អ្វី​នៅឡើយ​ទេ ៕