តាមប្រភពព័ត៌មាន Sport Bible បានឱ្យដឹងថា កីឡាករប្រដាល់ Canelo Alvarez មានទំនុកចិត្តថាគាត់អាចសងសឹកការបរាជ័យតែមួយគត់របស់គាត់ចំពោះ Floyd Mayweather ប្រសិនបើពួកគេរៀបចំឱ្យមានការប្រកួតឡើងវិញ។
កីឡាករម៉ិកស៊ិកវ័យ ២៩ ឆ្នាំបានក្លាយជាម្ចាស់ជើងឯកពិភពលោក បន្ទាប់ពីបានផ្តួលកីឡាករ Sergey Kovalev កាលពីដើមខែនេះនៅសង្វៀន MGM Grand Garden Arena ក្នុងទីក្រុង Las Vegas ។ Alvarez មានភាពមុតមាំថាការជួបជាមួយ Mayweather ដែលឥឡូវចូលនិវត្តន៍ ហើយជឿជាក់ថាអាចនឹងប្រកួតសងសឹកយកឈ្នះទាល់តែបាន។
លោកមានប្រសាសន៍ថា «ឥឡូវនេះវាខុសគ្នាហើយ។ ខ្ញុំជាអ្នកប្រយុទ្ធខុសពីមុន។ ខ្ញុំគិតថាគាត់ក៏ល្អដែរ តែខ្ញុំជាអ្នកប្រយុទ្ធផ្សេង»។
Mayweather បានបង្ហាញស្នាដៃឆ្នើម ប្រកួតនឹងតារាម៉ិកស៊ិកកាលពីឆ្នាំ ២០១៣ និងបានទទួលជ័យជម្នះយ៉ាងស៊ីផុយតាមរយៈពិន្ទុ។ ប៉ុន្តែកីឡាករអាមេរិចវ័យ ៤២ឆ្នាំរូបនេះ បានចូលនិវត្តន៍ ក្រោយឡើងសង្វៀនចុងក្រោយជាមួយនឹងកីឡាករប្រដាល់ដាក់ទ្រុង Conor McGregor នៅកាលពីឆ្នាំ២០១៧។
គួរបញ្ជាក់ផងដែរថា Alvarez បានគ្រប់គ្រងការឈ្នះ ៥៣ដង ក្នុងការប្រកួតអាជីពចំនួន ៥៦ ដែលបានផ្តួលដូចជា Kovalev, Gennady Golovkin, Miguel Cotto និង Amir Khan ក្រោយពេលប្រកួតចាញ់ជាមួយនឹង Mayweather ៕
ប្រភព ៖ sportbible , កែសម្រួលដោយ ៖ សំណាង