រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បានរំឮកពីរបបខ្មៅងងឹតខ្មែរក្រហមដែលកម្ពុជាបានឆ្លងកាត់យ៉ាងជូរចត់ទៅកាន់ថ្នាក់ដឹកនាំមកពីបណ្តាប្រទេសនានាលើពិភពលោក និងថាកម្ពុជាបានទទួលភាពអយុត្តិធម៌បំផុត ចំពោះបណ្តាប្រទេសមួយចំនួនព្រមទាំងប្រទេសតាំងខ្លួនជា កាន់លទ្ធិប្រជាធិតេយ្យតែគាំទ្រប៉ុលពត ចូលអង្គុយនៅអង្កការសហប្រជាជាតិ ។

ថ្លែងចំពោះមុខថ្នាក់ដឹកនាំពិភពលោកក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកលើកទី២ (2nd ASIA PACIFIC SUMMIT ) នៅថ្ងៃទី១៩ ខែវិច្ឆិកា នៅវិមានសន្តិភាព សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាបានរំលឹកពីអតីតកាលថា ក្នុងប្រវត្តិសាស្ត្រកម្ពុជាសង្គ្រាមឥណ្ឌូចិនពីឆ្នាំ១៩៧០-១៩៧៥ និងរបបប្រល័យពូជសាសន៍ពីឆ្នាំ១៩៧៥- ១៩៧៩ បានបំផ្លិចបំផ្លាញដល់ឫសគល់នូវហេដ្ឋារចនាសម្ព័ន្ធសង្គម-សេដ្ឋកិច្ចជាតិរបស់កម្ពុជា ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាពេលនោះបានប្រើប្រាស់ដៃម្ខាងសម្រាប់ការពារប្រទេសពីការវិលត្រឡប់នៃរបបប្រល័យពូជសាសន៍ និងដៃម្ខាងទៀតធ្វើការអភិវឌ្ឍ ប្រទេសជាតិឡើងវិញពីចំណុចសូន្យជាមួយនឹងការការហ៊ុមព័ទ្ធខាងផ្នែកសេដ្ឋកិច្ចពីខាងក្រៅដោយអយុត្តិធម៌ ។ សម្ដេចបន្ដថា ក្រោយថ្ងៃរំដោះ ៧ មករា សម្ដេចបានប្រមូលធនធានមនុស្សដែល សេសសល់ពីការកាប់សម្លាប់មានប្រហែល១០០នាក់ប៉ុណ្ណោះ នៅទូទាំងប្រទេសកម្ពុជា ។
ជាមួយគ្នានោះដែរ ប្រមុខរាជរដ្ឋាភិបាលបានបន្តថា តាមរយៈនេះកម្ពុជាបានប្រកាន់យកគោលការណ៍ «អ្នកចេះច្រើនបង្រៀនអ្នកចេះតិច និងអ្នកចេះតិចបង្រៀនអ្នកមិនចេះ» ដើម្បីមកធ្វើការនៅក្នុងក្រសួង-ស្ថាប័នរដ្ឋរៀបចំស្តារប្រទេសជាតិឡើងវិញពីបាតដៃទទេ ខណៈដែលហេដ្ឋារចនាសម្ព័ន្ធ និងមូលដ្ឋានផលិតកម្មគ្រប់ប្រភេទត្រូវបានបំផ្លាញស្ទើរទាំងស្រុង ។
សម្តេចគូសបញ្ជាក់យ៉ាងដូច្នេះថា ៖ «នៅក្នុងប្រវត្តិសាស្ត្រកម្ពុជាសង្គ្រាមឥណ្ឌូចិនពីឆ្នាំ ១៩៧០-១៩៧៥ និងរបបប្រល័យពូជសាសន៍ពីឆ្នាំ១៩៧៥- ១៩៧៩ បានបំផ្លិចបំផ្លាញដល់ ឫសគល់នូវហេដ្ឋារចនាសម្ព័ន្ធសង្គម-សេដ្ឋកិច្ចជាតិ ។ ថ្វីត្បិតរបបខ្មែរក្រហមត្រូវបានបញ្ចប់ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ប៉ុន្តែសង្គ្រាមស៊ីវិលនៅក្នុងប្រទេសនៅតែបន្តអូសបន្លាយ រហូត» ។ បន្ថែមពីនេះសម្ដេចតេជោ ហ៊ុន សែន ក៏បានរំលឹកទៀតថា នៅឆ្នាំ១៩៧៩ នៅពេល ដែលសម្ដេចមកដល់ទីក្រុងភ្នំពេញ សម្ដេចជួបមនុស្សត្រឹមតែ៧០នាក់ប៉ុណ្ណោះ នៅទីក្រុងទាំង អស់របស់ប្រទេសកម្ពុជា គ្មានមនុស្សនៅរស់ទេ ។ហើយផ្លូវទាំងឡាយ គឺគ្មានការធ្វើចរាចរណ៍ នោះឡើយ ។ ប៉ុន្ដែឥឡូវនេះស្ថានភាពបានផ្លាស់ប្ដូរអ្វីដែលសម្ដេចចង់បញ្ជាក់ គឺកម្ពុជាបានចាប់ផ្ដើមពីបាតដៃទទេ ។ ក្នុងឱកាសនោដែរ សម្ដេចតេជោ លើកឡើងទៀតថា កម្ពុជាទទួលទណ្ឌកម្មដល់អយុត្តិធម៌បំផុតពីសំណាក់ប្រទេសមួយចំនួនរាប់ទាំងប្រទេសដែលតាំងខ្លួនថា «ប្រទេសប្រជាធិបតេយ្យ» តែពួកគេគាំទ្រប្រល័យពូជសាស្ដ្រប៉ុលពតឲ្យអង្គុយនៅអង្កការសហប្រជាជាតិ ពីឆ្នាំ១៩៧៩-១៩៩១ ។
សម្ដេចបន្ថែមថា កម្ពុជាធ្លាប់បានជួបប្រទះរួចហើយនៅពេលប្រទេសមួយចំនួនតាំងខ្លួនជាប្រទេសប្រជាធិបតេយ្យ ប៉ុន្ដែគាំទ្ររដ្ឋប្រហារយោធា ។ ប្រទេសតាំងខ្លួនប្រជាធិបតេយ្យគោរពសិទ្ធិមនុស្ស ប៉ុន្ដែបែរជាគាំទ្រឲ្យពួកកាប់សម្លាប់មនុស្សរំលោភសិទ្ធិមនុស្ស និងប្រល័យពូជសាស្ដ្រឲ្យទៅអង្គុយនៅអង្កការសហប្រជាជាតិ ។ សម្ដេចក៏បានសម្តែងក្តីសង្ឃឹមថា បទពិសោធន៍នៅកម្ពុជា គឺជាមេរៀនមួយសម្រាប់ប្រទេសដ៏ទៃ ៕ កែសម្រួលដោយ ៖ សុឃាក់