ហ៊ី​ត្លែរ​ប្រឈម​នឹង​ជីវិត​យុវវ័យ​ដ៏​វេទនា

អា​ដុល​ហ្វ៍ ហ៊ី​ត្លែរ បាន​ទៅ​រៀន​ក្នុង សាលា​របស់​ព្រះ​វិហារ​គ្រិស្តសាសនា​ចំនួន​២​ឆ្នាំហើយ​ចូលរួម​ច្រៀង​ក្នុង​ក្រុម​ចំរៀង​រួម​របស់​សាលា​ផង ។ ហ៊ី​ត្លែរ​បាន​សុ​បិ​ន្ត​ថា​នឹង​ក្លាយ​ខ្លួនទៅ​ជា​អាចារ្យ​គ្រិស្តសាសនា​មួយ​រូប​ក្នុង​ថ្ងៃ​ណាមួយ ក៏​ប៉ុន្តែ​ទោះជា​មាន​ប្រាជ្ញា​ក្តី ក៏​ហ៊ី​ត្លែរ រៀន​មិន​បាន​ល្អ​ដែរ សូ​ម្បី​តែ​មុខ​វិជ្ជា​គាត់​ចូល​ចិត្ត​ដូច​ជា​ប្រវត្តិវិទ្យា ភូមិវិទ្យា និង​គំនូរ ក៏​ហ៊ី​ត្លែរបាន​ពិន្ទុ​ក្រោម​មធ្យម​ដែរ គេ​ចាត់​ទុក​ហ៊ី​ត្លែរ​ជា​សិស្ស​ពិបាក​ប្រដៅ ឆាប់​ខឹង​មួម៉ៅ ព្រហើនហើយខ្ជិល ។ ហ៊ី​ត្លែរ​ចូល​ចិត្ត​លេង​ឆាឆៅ​គ្រូ​ៗ ហ៊ី​ត្លែរ​គ្មាន​ខិតខំ​រៀន​ទេ បែរជា​ចូល​ចិត្ត​មើល សៀវភៅ​រូប​ស្តី​ពី​សង្គ្រាម ឬ​លេងល្បែង​សង្គ្រាម​ជាមួយ​អ្នករៀន​ជាមួយ​គ្នា​ទៅ​វិញ ។ ក្នុង​ល្បែង​ទាំងនោះ ហ៊ី​ត្លែរ​ទាមទារ​ដើរតួ​ជា​អ្នកដឹកនាំ​គេ​ជា​និច្ច ។

Loading...

នៅ​ខែមករា ១៩០៣ ពេល​ហ៊ី​ត្លែរ​អាយុ​បាន ១៣​ឆ្នាំ ឪពុក​ទទួលអនិច្ចកម្ម​ទៅ វា​ជាការ​ពិត​ដែល​ថា​ហ៊ី​ត្លែរ​ស្អប់​និង​ខ្លាច​ឪពុក តែ​ក៏​មានការ​គោរព​ឪពុក​ផង​ដែរ ។ ក្នុង​រយៈពេល​៣​ឆ្នាំ​បន្ត​មក​ទៀត ឬ​រហូត​មក​ដល់​អាយុ​១៦​ឆ្នាំ ហ៊ី​ត្លែរ​បាន​រៀន​បន្ត​ទៅ​ទៀត​ដោយ​សង្ឃឹមថានឹង​បាន​ក្លាយ​ខ្លួន​ជា​សិល្បករ តែ​ហ៊ី​ត្លែរ​ធ្លាក់ខ្លួន​ឈឺ​ជំងឺ​សួត ក៏​លែង​បាន​ទៅ​រៀន​ព្រោះ​ត្រូវ​សំរាក​អោយ​មាន​សុខភាព​ល្អ​ឡើង​វិញ ។ ពេល​នោះ​គឺ​ហ៊ី​ត្លែរ​បញ្ចប់​ការ​សិក្សា​ជា​ផ្លូវការ​ហើយ ។ ៣​ឆ្នាំ​បន្ត​មក​ទៀត ពី​អាយុ​១៦​ដល់​១៩​ឆ្នាំ ហ៊ី​ត្លែរ​តែងតែ​នឹកឃើញ​ថា​នេះ​ជា “​រយៈពេលសប្បាយ​បំផុត​ក្នុង​ជីវិត​ខ្ញុំ​” ពេល​នោះ​ហ៊ី​ត្លែរ​ដែល​រស់នៅ​ក្រុង​លី​ន​ស៍ ប្រទេស​អូ​ទ្រី​ស​គិតតែពី​ដើរ​លេង​តាម​វិ​ថី​នានា និង​នៅ​តាម​ជនបទ​ជាយក្រុង ។ នៅ​បណ្ណាល័យ គាត់​ចូល​ចិត្ត អានសៀវភៅ​ប្រវត្តិសាស្ត្រ​ណាស់ ពេល​យប់​ទៅ​មើលល្ខោន​អូ​ប៉េ​រ៉ា ។ បើ​តាម​មិត្តភក្តិ​ជិត​ស្និទ្ធម្នាក់​នៅ​ពេល​នោះ​និយាយ​អោយ​ដឹង​ថា​ហ៊ី​ត្លែរ អត់​ដែល​ដេក​យប់​ជា​ញឹកញយ គឺ​គាត់​ច្រើនដើរ​ក្រោម​ពន្លឺ​ផ្កាយ ហើយ​ស្រមៃ​ថា​ថ្ងៃ​ណាមួយ​នឹង​ក្លាយទៅជា​សិល្បករ ឬ​ជា​ស្ថាបត្យករ ឬ​ក៏​ក្លាយទៅជា​“​អ្នក​ការពារ​”​ដ៏​មហិមា​របស់​ប្រជាជន​អា​ល្លឺ​ម៉​ង់​ទៅ​វិញ ។ មាន​អ្នក​ភូមិ​ម្នាក់និយាយ​ថា គាត់​ធ្លាប់​ឃើញ​ហ៊ី​ត្លែរ​និយាយ​ថ្លែងការណ៍​ទៅ​កាន់​ដើមឈើ​តែ​ម្នាក់ឯង ។


ទោះជា​ម្តាយ​បីបាច់​ចិញ្ចឹម​ដោយសារ​ប្រាក់​សំរាប់​ស្ត្រី​មេម៉ាយ​ដ៏​ស្តួចស្តើង​យ៉ាងណា​ក្តីក៏​ហ៊ី​ត្លែរ​មិន​ព្រម​ធ្វើការ​អ្វីមួយ​ជាប់លាប់​ដែរ ។ ពេល​ព្រឹក​គាត់​ដេក​ដំអក់​នៅ​លើ​គ្រែ​រង់ចាំអោយ​ម្តាយ​បំរើ​ខ្លួន ពី​ពេល​ព្រលប់​រហូត​ដល់​យប់​ជ្រៅ ហ៊ី​ត្លែ​រតែង​អាន​សៀវភៅ ឬ​ក៏​ចេញដើរទៅ​ក្រៅ ទាល់តែ​ឡើង​ធ្វើ​ជា​អធិការបតី​ប្រទេស អា​ល្លឺ​ម៉​ង់​ទើប បាន​ហ៊ី​ត្លែរ​ធ្វើការ ធម្មតា​ដូច​អ្នក​រដ្ឋការ​ដទៃ​ទៀត​ដែរ ។ នៅ​ឆ្នាំ​១៩០៧ ម្តាយ​ក៏​ទទួលអនិច្ចកម្ម​ដោយ​រោគ​មហារីក ។ មួយ​រយៈ​វែង​ក្រោយមកហ៊ី​ត្លែរ​បាន​សរសេរ​ថា “​ពេល​នោះ​គឺជា​ព្រឹត្តិការណ៍​អាក្រក់​បំផុត​” ។ ក្រោយ​ធ្វើបុណ្យ​បញ្ចុះសព​ម្តាយ​ហើយ ហ៊ី​ត្លែរ​បាន​អង្គុយ​សំកុក​យំ​នៅ​ក្បែរ​ផ្នូរ​អស់​ជាង​១​ម៉ោង ។ គាត់​កើតទុក្ខ​ខ្លាំង​ណាស់ ។

ហ៊ី​ត្លែរ​ប្រឈម​នឹង​ជីវិត​យុវវ័យ​ដ៏​វេទនា

អាយុ​១៩​ឆ្នាំ​សញ្ញាប័ត្រ​មធ្យមសិក្សា​ក៏​គ្មាន​មុខ​របប​ជំនួញ​ក៏​គ្មាន ហ៊ី​ត្លែរ​រស់នៅ​ក្នុង​ភាពក្រីក្រ​ទីក្រុង​វី​យែ​ន រដ្ឋធានី​ប្រទេស​អូ​ទ្រី​ស ។ ដើម្បី​ទិញ​ម្ហូបអាហារ​និង​បង់ថ្លៃ​ឈ្នួល​ផ្ទះហ៊ី​ត្លែរ​ម្តង​ធ្វើការ​នេះ ម្តង​ធ្វើការ​នោះ ជួនកាល​ទៅ​ធ្វើការ​បោស​ទឹកកក​ចេញពីផ្ទះ​គេ ជួនកាលទៅ​យួរ​ហឹប​នៅ​ស្ថានីយ​រថភ្លើង ឬ​ជួនកាល​ទៅ​ធ្វើការ​ងារ​ដែល​ហ៊ី​ត្លែរ​យល់​ថា​គួរ​អោយអាម៉ាស់​បំផុត គឺ​ទៅ​ធ្វើការ​ជា​គូលី​សំណង់ ពេល​ខ្លះទៅ​ស្នាក់​នៅ​បន្ទប់​ផ្ទះ​ថោក​ៗ ជួនកាលទៅ​នៅ​កន្លែង​គេ​ដាក់​ទាន មាន​ពេល​ខ្លះ​អស់​រយៈពេល​ជា​ច្រើន​ស​ប្តា​ហ៍ គាត់​មិន​បាន​ងូតទឹកឬ​កោរ​ពុកមាត់​ទាល់តែ​សោះ ខោអាវ​ច្រើន​តែ​មាន​សត្វ​សង្កើច ឬ​ចៃ​ទំ​ជាប់ ។ រឿងនេះនឹងមានផ្សាយជូននៅវគ្គបន្តទៀត ៕ កែសម្រួលដោយ ៖ សុឃាក់

បញ្ជាក់ ៖ នេះវគ្គទី១ អាដុលហ្វ៍ ហ៊ីត្លែរ មេដឹកនាំ​ដ៏​មហា​វិនាសកម្ម​ក្នុង​ពិភពលោក