ឡាន​ពណ៌​ត្រេ​អុ​ីពាក់​ស្លាក​ខ​.​ម…សង្ស័យ​ចេញ​មុខ​ជំនួស​ឡាន​ស៊ី​វិល

34

ខេត្តសៀមរាប ៖ ប្រភព​ព័ត៌មាន​ច្បាស់ការ​មួយ​ប្រចាំការ​នៅ​ស្រុក​ស្វាយ​លើបាន​អះអាង​ថា​ ​រថយន្ត​ពណ៌​ត្រេ​អី ពាក់​ស្លាក​លេខខ​.​មជា​ច្រើន​គ្រឿង បាន​ដឹក​ជញ្ជូន​ឈើចេញពី​ខេត្តព្រះវិហារ ឆ្លងកាត់ស្រុក​ស្វាយ​លើ ចូល​មក​ចែកចាយ​ក្នុង​ខេត្តសៀមរាបយ៉ាង​រលូនបំផុត ដោយ​គ្មាន​​រំខាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ណាឡើយ ។

Loading...

ប្រភព​បាន​បញ្ជាក់​ថា បច្ចុប្បន្ននេះ​ សកម្មភាពរថយន្ត​ដឹកឈើ ចេញពី​ទឹកដី​ខេត្តព្រះវិហារ ឆ្លងកាត់​តាម​ភូមិ​សាស្ត្រ​ស្រុក​ស្វាយ​លើទាំង​យប់ទាំង​ថ្ងៃ ចូល​មក​ចែកចាយលក់​តាម​ដេប៉ូ​ និង​រោង​សិប្បកម្មនានា នៅ​ក្រុង​សៀមរាប ​នៅ​តែ​បន្ត​កើត​មានដដែលជា​ដដែល បើ​ទោះបីជា​មានការរឹត​បន្តឹង​ពី​ថ្នាក់​ជាតិយ៉ាងណា​ក៏​ដោយ ក៏​សកម្មភាពឈ្មួញ​ជា​ច្រើន​នាក់នៅ​តែ​អាច​បន្តសកម្មភាព​ដឹក​ជញ្ជូន​ឈើ ចេញពី​ខេត្តព្រះវិហារមក​ខេត្ត
សៀ​មរាបបាន​ដោយ​រលូន​ដែរ ដែលគេនិយាយថា រថយន្ត​ស្បែកត្រេអុីចេញមុខរកស៊ីម្តង ជំនួសឱ្យ​រថ​យន្ត ឯក​ជន ។

គួរ​បញ្ជាក់​ផង​ដែរ​ថា កាលពី​ពេល​ថ្មី​ៗ​នេះ រថយន្តត្រេអុីដឹក​ជញ្ជូន​ឈើពាក់​ស្លាកសុទ្ធតែលេខ​ខេមរភូមិន្ទ បាន​​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ បណ្ដាលឱ្យ​មាន​មនុស្ស​២​នាក់ ដែល​ជិះ​ម៉ូតូ​រង​របួសធ្ងន់​និង​ស្រាល ស្ថិត​នៅ​ចំណុច​ផ្លូវបំបែក​ជា​បួន ភូមិ​ស្ទឹង ឃុំ​សំរោង ស្រុក​សូទ្រនិគម ខេត្តសៀមរាបផង​ដែរ ​។

ក្រោយ​កើតហេតុ អ្នក​រង​របួសត្រូវ​បាន​បញ្ជូន​ទៅសង្គ្រោះ​នៅ​មន្ទីរពេទ្យ ​។ ចំណែក​រថយន្ត​និង​ឈើ​ជា​វត្ថុ​តាង​ត្រូវបាន​សមត្ថកិច្ចយក​ទៅ​រក្សា​ទុក នៅ​អធិការដ្ឋាននគរបាល ស្រុក​សូទ្រនិគម​ ។ ដោយឡែក​ អ្នក​បើក​បរ​រថយន្ត​ដឹកឈើ នោះ​បាន​រត់គេច​ខ្លួន​ពី​កន្លែង​កើតហេតុ​។

ប្រភព​បាន​បញ្ជាក់​បន្ថែម​ថា ប្រសិនបើ​គ្មាន​ការ​ឃុបឃិត ឬបើកភ្លើង​ខៀវពី​សំណាក់មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ ក៏​ដូច​ជាសមត្ថកិច្ច​ពាក់ព័ន្ធខេត្តព្រះវិហារ និងខេត្តសៀមរាប​ទេ​នោះ ក៏​គ្មាន​ឈ្មួញ​ណា ថ្លើមធំដឹក​ជញ្ជូន​ឈើចូល​មក​ក្នុង​ក្រុង​សៀមរាប ឬឆ្លងកាត់​ស្រុក​ស្វាយ​លើ ចូល​មក​ចែកចាយ​ក្នុង​ខេត្តសៀមរាប បាន​ឡើយ​ ។