ប៉ូលិស​ចរាចរណ៍​ជើង​ទឹក​ម្នាក់​ផឹក​ប៉ះ​ចំ​ស្រា​កាច​…​ទាញ​អាកា​បាញ់​មេឃ​១០​គ្រាប់

ខេត្តសៀមរាប ៖ សេចក្តីរាយការណ៍​បឋម បើ​តាម​ការ​អះអាង​ពី​សមត្ថកិច្ច​មូលដ្ឋាន​បាន​លួច​ប្រាប់​ភ្នាក់ងារ​កោះសន្តិភាព​តាម​ទូរស័ព្ទ​នៅ​រសៀល ថ្ងៃ​ទី​១៩ ខែវិច្ឆិកា​នេះ​យ៉ាង​ខ្លី​ថា ករណី​ប៉ូលិស​ចរាចរណ៍​ជើង​ទឹក​ដែល​បាន​យក​កាំភ្លើង​អាកា​ស្វាយ​បត់​មក​បាញ់បោះ​សេរី ចំនួន​១០​គ្រាប់ នៅ​តំបន់​ចុង​ឃ្នៀស នោះ​ពិតជា​មាន​ពិតប្រាកដ​មែន ប៉ុន្តែ​ករណី​បាញ់បោះ​នេះ​ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ​សង្កាត់​ចុង​ឃ្នៀស បាន​រៀបចំ​ធ្វើ​សំណុំរឿង​បញ្ជូន​ទៅ ដល់​ថ្នាក់លើ​អស់ហើយ ។

Loading...

ហេតុការណ៍​បាញ់បោះ​សេរី​របស់​មន្ត្រី​នគរបាល​ចរាចរណ៍​ជើង​ទឹក​នោះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​១៨​និង​៤៥​នាទី​ល្ងាច ថ្ងៃ​ទី​១៧ ខែវិច្ឆិកា​នេះ ស្ថិត​នៅ​ជិត​ផែបណ្ដែត​ទឹក​របស់​ការិយាល័យ​ចរាចរណ៍​ផ្លូវទឹក ត្រង់​ចំណុច​ខាងត្បូង​ក្បាល​ក​ន្ធី​គម ក្នុងភូមិ​ទី​៥ ចម្ងាយ​១០០​ម៉ែត្រ ពី​សង្កាត់​ចុង​ឃ្នៀស ក្រុង​សៀមរាប ។

បើ​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​សង្កាត់​ចុង​ឃ្នៀស​បានឱ្យ​ភ្នាក់ងារ​កោះសន្តិភាព​ដឹង​តាម​ទូរស័ព្ទ​នៅ​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​១៩ ខែវិច្ឆិកា​ថា មន្ត្រី​ម្នាក់​ដែល​បាញ់បោះ​សេរី​នោះ គឺជា​មន្ត្រី​ប៉ូលិស​ចរាចរណ៍​ជើង​ទឹក ដែល​ធ្វើការ​នៅ​ក្នុង​ប៉ុស្តិ៍​មូលដ្ឋាន​ចុង​ឃ្នៀស បាន​ផឹកស្រា​ស្រវឹង ហើយ​បាន​យក​កាំភ្លើង​អាកា​មក​បាញ់បោះ​ដោយ​សេរី​យ៉ាង​អនាធិបតេយ្យ នៅ​តាម​បណ្តោយ​ផ្លូវ​ទៅ​កំពង់​ផែ ស៊ូ ជី​ង ។

ចំណែក​លោក​ឧត្តមសេនីយ៍ទោ ទិ​ត្យ ណា​រ៉ុ​ង ស្នងការ​នគរបាល​ខេត្តសៀមរាប​បាន​មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​នៅ​វេលា​ម៉ោង​១១​និង​៥០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា​នេះ​ថា រឿង​ករណី​ប៉ូលិស​បាញ់បោះ​នៅ​ចុង​ឃ្នៀស​នោះ​មាន​កូនចៅ​បាន​ប្រាប់​មក​ហើយ ដូច្នេះ​លោក​កំពុង​ឱ្យ​គេ​យក​របាយការណ៍​មក​ឲ្យ​មើល ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់