ឡានខុសលក្ខណៈបច្ចកទេសស្ទើរពាក់​កណ្តាល…នៅតែអាចធ្វើចរាចរណ៍បាន

ខេត្តបាត់ដំបង ៖ យោង​តាម​របាយ​ការ​ណ៍​ប្រចាំ​ថ្ងៃ​របស់​មន្ត្រី​ជំនាញ​ ដែល​ចុះ​ត្រួតពិនិត្យ​លើ​យានយន្ត
«​ខុស​លក្ខណៈ​បច្ចេកទេស​» ដែល​បាន​និង​កំពុង​ធ្វើ​ចរាចរ​ណ៍​លើ​ដងផ្លូវ​សាធារណៈ​សព្វថ្ងៃ ត្រូវ​គេ​រក​ឃើញ​ថា រថយន្ត​គ្រប់​ប្រភេទ​ស្ទើរ​ជិត​ពាក់កណ្ដាល​នៃ​ចំនួន​រថយន្ត​ដែល​បាន​ត្រូ​ត​ពិនិត្យ គឺ​នៅ​តែ​មាន​កំហុស​ដដែល​ៗ ដោយ​មិន​បាន​គោរព​ច្បាប់ ឬ​អនុវត្ត​តាម​ការ​ណែនាំ​របស់​មន្ត្រី​ជំនាញ​ឡើយ​ ។ នេះ​ដោយសារ​តែ​ច្បាប់​បាន​ត្រឹមតែ​ផាកពិន័យ តែ​គ្មាន​ច្បាប់​ហាមឃាត់​មិន​ឲ្យ​រថយន្ត​មាន​កំហុស​ទាំងនោះ​ធ្វើ​ច​រារ​ច​ណ៍ នៅ​ពេល​រក​ឃើញ​ថា មាន​កំហុស​ដដែល​ៗ​មិន​ព្រម​គោរព​ច្បាប់ ​។

Loading...

ជាក់ស្ដែង​ គ្រាន់តែ​រយៈពេល​៤​ថ្ងៃ​នៃ​ការ​ចុះ​ត្រួត​ពិនិត្យ​របស់​កម្លាំង​ជំនាញ ត្រូវ​គេ​រក​ឃើញ​ថា មាន​រថយន្ត​គ្រប់​ប្រភេទ​យ៉ាងតិច​ជិត​២០០​គ្រឿង ក្នុង​ចំណោម​រថយន្ត​ដែល​បាន​ត្រួត​​ពិនិត្យ​ជាង​៤០០​គ្រឿង «​មាន​កំហុស​»​។ រថយន្ត​ទាំងនោះ ​នៅ​តែ​អាច​ធ្វើ​ចរាចរ​ណ៍​លើ​ផ្លូវ​សាធារណៈ​បាន​ដោយ​រលូន បើ​ទោះជា​រថយន្ត​ខ្លះ​ធ្លាប់​ត្រូវ​មន្ត្រី​ជំនាញ ចាប់​ផាកពិន័យ​ច្រើន​លើក​ស្ទើរ​រាប់​ភ្លេច​ក្ដី ក៏​ម្ចាស់​យានយន្ត​នៅ​តែ​មិន​ព្រម​គោរព​ច្បាប់​ឬ​អនុវត្ត​តាម​ការ​ណែនាំ​របស់​មន្ត្រី​ជំនាញ​ឡើយ ​។

យោង​តាម​របាយ​ការ​ណ៍ដែលកោះសន្តិភាពទ​ទូល​បាន​ចំនួន​៤​លើក​ជា​បន្តបន្ទាប់​ចុង​ក្រោយ​នេះ បាន​បង្ហា​ញ​ថា រថយន្ត​ដែល​មាន​កំហុស​ភាគច្រើន​ជា​រថយន្ត​ដឹក​ទំនិញ​ទាំង​តូច​ទាំង​ធំ​គ្រប់​ធុន​ ។ បើ​តាម​របាយ​ការ​ណ៍ទាំង​៤​លើក​នោះ គឺ​នៅ​ថ្ងៃ​ទី​១៤ វិច្ឆិកា កម្លាំង​ចម្រុះ​បាន​ចុះ​ត្រួត​ពិនិត្យ​លើ​ផ្លូវជាតិ​លេខ​៥៧ ចំណុច​ភូមិ​រំ​ជៃ ឃុំ​ស្នឹង ស្រុក​បាណ​ន់ បាន​រក​ឃើញ​រថយន្ត​ដែល​មាន​កំហុស​ចំនួន​៣៨​គ្រឿង ក្នុង​ចំណោម​រថយន្ត​៨៥​គ្រឿង ដែល​ត្រូវ​បាន​ត្រូ​ត​ពិនិត្យ ​។

នៅ​ថ្ងៃ​ទី​១៥ វិច្ឆិកា កម្លាំងចម្រុះបាន​ចុះ​ត្រូត​ពិនិត្យ​លើ​ផ្លូវជាតិ​លេខ​៥ ចំណុច​ភូមិ​សា្វ​យ​ជ្រុំ ឃុំ​ជ្រៃ ស្រុក​ថ្ម គោល បាន​រក​ឃើញ​រថយន្ត​ដែល​មាន​កំហុស​ចំនួន​៥៧​គ្រឿង ក្នុង​ចំណោម​រថយន្ត​១២៨​គ្រឿង ដែល​ត្រូវ​បាន​ត្រូ​ត​ពិនិត្យ​ ។

នៅ​ថ្ងៃ​ទី​១៦ វិច្ឆិកា កម្លាំង​ដដែល​បាន​ចុះ​ត្រូ​ត​ពិនិត្យ​លើ​ផ្លូវជាតិ​លេខ​៥ ចំណុច​ភូមិ​ដំបូក​ខ្ពស់ ឃុំ​អូរ​ដំបង ស្រុក​សង្កែ បាន​រក​ឃើញ​រថយន្ត​ដែល​មាន​កំហុស​ចំនួន​៥៥​គ្រឿង ក្នុង​ចំណោម​រថយន្ត​១៣៨​គ្រឿង​ដែល​បាន​ត្រូ​ត​ពិនិត្យ​។ ដោយឡែក​ នៅ​ថ្ងៃ​ទី​១៨ វិច្ឆិកា កម្លាំង​ចម្រុះ​នេះ បាន​ចុះ​ត្រួត​ពិនិត្យ​លើ​ផ្លូវជាតិ​លេខ​៥៧ នៅ​ភូមិ​រំ​ជៃ ឃុំ​ស្នឹង ស្រុក​បាណ​ន់ បាន​រក​ឃើញ​រថយន្ត​ដែល​មាន​កំហុស​ចំនួន​៣០​គ្រឿង ក្នុង​ចំណោម​រថយន្ត​ដែល​បាន​ត្រូ​ត​ពិនិត្យ​៧៥​គ្រឿង​ ។

មន្ត្រី​ជំនាញ​បាន​ប្រាប់​ថា រថយន្ត​ទាំងនោះ​មាន​កំហុស​ដូច​ជា «​គ្មាន​ឯកសារ​ត្រឹម​ត្រូវ​សម្រាប់​ធ្វើ​អាជីវកម្ម កែ​ច្នៃខុស​លក្ខណៈ​បច្ចេកទេស គ្មាន​ឯកសារ​បញ្ជាក់​ពី​លក្ខណៈ​បច្ចេកទេស​យានយន្ត​(​ឈៀក​) និង អ្នក​បើកបរ​គ្មាន​ប័ណ្ណបើកបរ​»​។ ប៉ុន្តែ​មន្ត្រី​ដដែល​នេះ​បាន​បញ្ជាក់​ថា រថយន្ត​ដែល​មាន​កំហុស​ភាគច្រើន គឺជា​រថយន្ត​ដឹក​ទំនិញ​ដែល«​គ្មាន​ឈៀក និងគ្មាន​ឯកសារ​សម្រាប់​ធ្វើ​អាជីវកម្ម​» តែ​ចំពោះ​អ្នកបើកបរ​គ្មាន​ប័ណ្ណ គឺ​មាន​តិច​តួច ។

ពាក់ព័ន្ធ​នឹង​កំហុសឆ្គង​ដដែល​ៗ​ខាងលើ​នេះ ម្ចាស់​រថយន្ត​ដែល​សុំ​មិន​ប្រាប់​ឈ្មោះ​មា្ន​ក់ បាន​សារភាព​ប្រាប់ កោះសន្តិភាព​ថា «​រថយន្ត​ខ្ញុំ ប្រភេទ​ដឹក​ទំនិញ​ធុន​ធ្ងន់​គ្មាន​ឈៀក​ទេ ព្រោះ​គេ​មិន​ធ្វើ​ឲ្យ​ដោយសារ​តែ​រថយន្ត​ខ្ញុំ​កែ​ច្នៃ​ខុស​បច្ចេកទេស​»​។ គាត់​បាន​ប្រាប់​ពី​កំហុស​នេះ​ថា «​ខ្ញុំ​បាន​យក​រថយន្ត​ទៅ​ធ្វើ​ឈៀក​នៅ​មន្ទីរ​សា​ធារណៈ​ច្រើន​លើក​ដែរ តែ​គេ​មិន​ធ្វើ​ឲ្យ​ ។ គេ​ប្រាប់​ថា រថយន្ត​ខ្ញុំ​កែ​ច្នៃ​ទ្រុង និងកង់​ធំ​មិន​ត្រិ​ម​ត្រូវ​តាម​លក្ខណៈ​បច្ចេកទេស ទើប​ខ្ញុំ​ប្រើ​រថយន្ត​ខុសច្បាប់​រហូត​ដល់​សព្វ​ថ្ងៃនេះ​»​ ។

ព័ត៌មានបន្ថែមកោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។