ក្រសួង​សាធារណការ ៖ សុវត្ថិភាព​ចរាចរណ៍​ទាមទារ​ដោះស្រាយ​ជា​បន្ទាន់

68

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​សាធារណការ​អះអាង​ថា សុវត្ថិភាព​ចរាចរណ៍ គឺជា​បញ្ហា​សុខភាព​សាធារណៈ និង​ការងារ​អភិវឌ្ឍន៍​ដ៏​ចម្បង​ដែល​ទាមទារ​ឲ្យ​មានការ​ដោះស្រាយ​បន្ទាន់ ។ ថ្លែង​នៅ​ក្នុង​ពិធី​ផ្សព្វផ្សាយ និង​បើក​វគ្គ​បណ្ដុះបណ្ដាល​ស្ដី​ពី​ការ​បើកបរ​ទោចក្រយានយន្ដ​ប្រកបដោយ​សុវត្ថិភាព ការ​សង្គ្រោះ​ជន​រង​គ្រោះ ដោយ​គ្រោះថ្នាក់​ចរាចរណ៍​បូក​រួម​ជាមួយនឹង​ហានិភ័យ​នៃ​ការ​បើកបរ ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង​ដល់​សិក្សា​នុ​សិស្ស​វិទ្យាល័យ​១០​មក​រា ខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា​។

Loading...

លោកស្រី មឹន មាណវី រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បាន​ថ្លែង​ថា រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​ពុះពារ​យ៉ាង​សកម្ម​ទប់ស្កាត់​លុប​បំបាត់​គ្រោះថ្នាក់​ចរាចរណ៍​ដែល​កំពុង​តែ​កើត​មាន​ជា​រាងរាល់ថ្ងៃ​នា​ពេល​បច្ចុប្បន្ន​នេះ ។

លោកស្រី​បាន​ជំរុញ​ដល់​យុវជន​ទាំងអស់​ត្រូវធ្វើ​ជា​គំរូ​ក្នុង​ការ​គោរព​ច្បាប់​របស់​ប្រទេស​ជាតិ​យើង ដែល​ផ្តើម​ពី​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក​ចាប់ពី​ពេល​នេះ​ទៅ​ព្រោះថា សកម្មភាព​របស់​យើង​ក្នុង​ការ​គោរព និង​អនុវត្ត​ច្បាប់ គឺ​បាន​បង្ហាញ​យ៉ាង​ច្បាស់​អំពី​ឥរិយាបថ និង​ស្មារតី​ទទួលខុសត្រូវ​យ៉ាង​ជាក់ស្តែង ។ លោកស្រី​បាន​បញ្ជាក់​ថា​៖«​សុវត្ថិភាព​ចរាចរណ៍ គឺជា​បញ្ហា​សុខភាព​សាធារណៈ និង​ការងារ​អភិវឌ្ឍន៍​ដ៏​ចម្បង​ដែល​ទាមទារ​ឱ្យ​មានការ​ដោះស្រាយ​បន្ទាន់ ខណៈ​ចំនួន​អ្នក​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​លើ​ពិភពលោក នៅ​តែ​មាន​ចំនួន​ខ្ពស់ និង​បន្ដ​កើនឡើង​យ៉ាង​ខ្លាំង ដែល​មាន​ចំនួន​ប្រមាណ​១,៣៥​លាន​នាក់​ជា​រៀង​រាល់​ឆ្នាំ ។

យោង​តាម​របាយការណ៍​នៃ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​កម្ពុជា បាន​បង្ហាញ​ថា នៅ​ក្នុង​ត្រីមាស​ទី​៣ នៃ​ឆ្នាំ​២០១៩​នេះ គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​៩៨៨​លើក​នៅ​លើ​ដងផ្លូវ ដែល​បណ្តាល​ឱ្យ​មាន​អ្នក​ស្លាប់​ចំនួន​៤៨៨​នាក់ និង​របួស​ចំនួន​១,៤៩៤​នាក់ ដែល​ក្នុង​នោះ​ខេត្តសៀមរាប​ស្លាប់​ចំនួន​៣៧​នាក់​ផង​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់