សិល្បករ​សៀ​ក​កម្ពុជា ​ទទួល​ពានរង្វាន់​សម្ដែង​ល្អ​ឥត​ខ្ចោះ​លើ​ឆាក​អន្តរជាតិ

រាជធានី​ភ្នំពេញ ៖ ក្រុម​សិល្បៈ​សៀ​ក​នៃ​សាលា​មធ្យម​វិចិត្រសិល្បៈ នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ទទួល​ពានរង្វាន់ ការ​សម្តែង​ល្អ​ឥត​ខ្ចោះ “Excellent Performance Prize” ក្នុង​កម្មវិធី​មហោស្រព​សៀ​ក​ពិភពលោក​ឆ្នាំ​២០១៩ នៅ​ទីក្រុង​ហា​ឡុ​ង ប្រទេស​វៀតណាម “The World Circus Festival Ha Long 2019” ចាប់ពី​ថ្ងៃ​ទី​១១ ដល់​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៩ ។ នេះ​បើ​តាម​ការ​ប្រកាស​លើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់​សាលា​មធ្យម​វិចិត្រ​សិល្បៈ កាលពី​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៩ ។

Loading...

កម្មវិធី​មហោស្រព​សៀ​ក​ពិភពលោក ឆ្នាំ​២០១៩ នៅ​ប្រទេស​វៀតណាម បាន​ចាប់ពី​ថ្ងៃ​ទី​១៤ ដល់​​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១៩ ខណៈ​ពេល​ដែល​គណៈប្រតិភូ​សៀ​ក​កម្ពុជា មានការ​ចូលរួម​ពី​លោកគ្រូ អ្នកគ្រូ និង​សិស្ស ផ្នែក​សៀ​ក​ចំនួន​៦​រូប ដែល​ដឹកនាំ​ដោយ​លោកស្រី ភោគ ណា​រិ​ន ប្រធាន​ផ្នែក​សៀ​ក​នៃ​សាលា​មធ្យម​វិចិត្រសិល្បៈ ។ ក្រោយ​ពី​បាន​បង្ហាញ​ជាមួយនឹង​ប្រកួតប្រជែង​ជាមួយ​បណ្តា​ប្រទេស​ជា​ច្រើន​ដែល​មក​ពី​ជុំវិញ​ពិភពលោក​នោះ ក្រុម​សៀ​ក​របស់​កម្ពុជា​ធ្វើ​បាន​យ៉ាង​ល្អ ដោយ​ទទួល​បាន​ពានរង្វាន់ ដែល​ក​ក្តា​នេះ​បាន​ធ្វើ​ឲ្យ​ក្រុម​សិល្បៈ​សៀ​ក​របស់​កម្ពុជា​មានមុខមាត់​យ៉ាង​ខ្លាំង​នៅ​ក្នុង​ឆាក​អន្តរជាតិ ។

ដំណឹង​ពី​ការ​បាន​ពានរង្វាន់​ល្អ និង​មាន​លក្ខណៈ​ជា​អន្តរជាតិ​នេះ​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ច្រើន​បាន​សម្តែង​ការ​អបអរសាទរ​យ៉ាង​ខ្លាំង បើ​ទោះបីជា​បច្ចុប្បន្ន​សិល្បៈ​សៀ​ក​ហាក់​មិនសូវ​មានការ​និយម​គាំទ្រ​ទស្សនា និង​មាន​សិស្ស​ច្រើន​សម្រាប់​ការ​ហាត់រៀន​បន្តវេន​លើ​សិល្បៈ​មួយ​នេះ​ក៏​ដោយ ។ លោកស្រី​ភោគ ណា​រិ​ន នាយិកា​សាលា​សៀ​ក​ជាតិ ធ្លាប់​មាន​ប្រសាសន៍​ថា លោកស្រី​ទទួលស្គាល់​ថា​វិស័យ​សៀ​ក នៅ​ក្នុង​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​នេះ​មិន​ទាន់​រីក​ចម្រើន​នៅឡើយ​នោះ​ទេ ដោយសារ​តែ​មហាជន​ខ្មែរ​មិន​ទាន់​យល់ មិន​ទាន់​ស្គាល់ និង​មិន​ទាន់​ឱ្យ​តម្លៃ​សិល្បៈ​សៀ​ក​របស់​ជាតិ​ខ្លួន ។

នៅ​ពេល​ដែល​មិន​មានការ​គាំទ្រ​បែប​នេះ ចំនួន​សិស្ស​ចូល​ហាត់​សៀ​ក​កាន់តែ តិច​ទៅ​ៗ ។ នៅ​ពេល​ប៉ុន្មាន​ឆ្នាំ​មុន​ៗ​មក មាន​សិស្ស​ចូល​រៀន​ច្រើន មួយ​ឆ្នាំ មាន​ពី​២០​ទៅ​៣០​នាក់ តែ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ពោល​កាលពី​អំឡុង​ឆ្នាំ​សិក្សា​២០១៥-២០១៦​កន្លង​ទៅ សាលា​សៀ​ក​គ្មាន​សិស្ស​ចូល​រៀន​ទេ ដោយសារ​ទី​១ នៅ​ពេល​ដែល​រៀន​ចប់ កូនសិស្ស​ទាំងអស់​ពិបាក​រក​ការងារ​ធ្វើ។

សាលា​សៀ​ក​ជាតិ ដែល​ចំណុះ​ឱ្យ​សាលា​មធ្យមសិក្សា​វិចិត្រសិល្បៈ ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​១៩៨១ ។ សិស្ស​ត្រូវ​សិក្សា​ហាត់រៀន​នៅ​សាលា​នេះ​រយៈពេល​៩​ឆ្នាំ មុន​នឹង​ទទួល​បាន​សាលា​កប​ត្រ​សិល្បៈ​សៀ​ក ដែល​ទទួលស្គាល់​ដោយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។

សិល្បៈ​សៀ​ក ជា​ទម្រង់​សិល្បៈ​ទស្សនីយភាព​មួយ​ប្រភេទ​ដែល​មាន​វត្តមាន​តាំងពី​យូរលង់​ណាស់​មក​ហើយ​នៅ​ប្រទេស​កម្ពុជា ហើយ​ប្រហែល​ត្រូវ​បាន​រីក​ចម្រើន យ៉ាង​ខ្លាំង នៅ​ក្នុង​សម័យ​មហានគរ​ព្រោះ​បើ​យើង​ពិនិត្យ​មើលរូប​ចម្លាក់ នៅ​ប្រាសាទបាពួន ស្នា​ព្រះ​ហស្ត​ព្រះបាទ ឧទ័យ​ទិ​ត្យា​វរ្ម័ន​ទី​២ (១០៥០ ដល់​១០៦៦ ឥសូរ​និយម​)​។

រហូត​មក​ដល់​អំឡុង​ឆ្នាំ​១៩៨០ ឬ ១៩៨១ គឺ​រយៈពេល​មួយ​ឆ្នាំ ឬ​ពីរ​ឆ្នាំ​ក្រោយ​ពេល​ដែល​របប​ប្រល័យពូជសាសន៍​ប៉ុ​ល ពត បាន​ដួល​រំលំ​ទៅ ដោយ​មាន​ជំនួយ​ពី​បរទេស ពិសេស​គឺ​សហភាព​សូ​វៀត និង​វៀតណាម​ផង ពោល​គឺ​នៅ​ក្នុង​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ទើប​ក្រសួង​វប្បធម៌​បាន​បង្កើត​ឲ្យ​មាន​ក្រុម​សិល្បៈ​សៀ​ក​ដែល​បាន​ទទួល​ការ​អប់រំ​រៀនសូត្រ​បច្ចេកទេស​នានា​ក្នុងស្រុក​ផង ហើយ​បញ្ជូន​និស្សិត​ឲ្យ​ទៅ​រៀន​ជំនាញ​សៀ​ក​នេះ​នៅ​បរទេស​ផង ។

ចាប់ពី​ពេល​នោះ​មក​ហើយ ដែល​ប្រទេស​ខ្មែរ​យើង​មាន​ទម្រង់​សិល្បៈ​សៀ​ក និង​មាន​សិល្បករ​សៀ​ក​ធ្វើ​សកម្មភាព​សម្ដែង​ជា​ផ្លូវការ ទាំង​ក្នុង​ឆាក​ជាតិ និង​ឆាក អន្តរជាតិ​ឡើង​វិញ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)