សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ រំពឹង​លោត​ខ្លាំង​នៅ​ក្នុង​អាណត្តិ​ថ្មី

រាជធានី​ភ្នំពេញ ៖ រយៈពេល​ច្រើន​ឆ្នាំ​មក​ហើយ ដែល​កីឡា​កាយសម្ព័ន្ធ​កម្ពុជា​ត្រូវ​បាន​បង្កើត​ឡើង ហើយ​មិនសូវ​មាន​អ្នក​ចាប់អារម្មណ៍ ដោយសារ​តែ​មិន​ទាន់​មាន​សមាសភាព​កីឡាករ​ខ្លាំង​ៗ​រះ​ឡើង​។ យ៉ាងណាមិញ ក្រោយ​ចំណាត់ការ​ថ្មី​ជា​បន្តបន្ទាប់ និង​ក្រោម​ការ​រៀបចំ​រចនាសម្ព័ន្ធ​ថ្មី​ក្នុង​អាណត្តិ​ថ្មី​របស់​លោក​ថោ​ង ខុន ដែល​ទើបត្រូវ​បាន​ជ្រើស​ជា​សមាសភាព​ជាន់ខ្ពស់​មួយ​រូប ដើម្បី​ដឹកនាំ គេ​រំពឹង​យ៉ាង​ខ្លាំង​ថា កីឡា​នេះ​នឹង​ឈាន​ឡើង ស្របគ្នា​ដែល​កីឡា​កាយសម្ព័ន្ធ ក៏​មាន​ធនធាន​ល្អ​ៗ ត្រៀម​បង្ហាញ​សមត្ថភាព​លើ​ឆាក​ក្នុង​ព្រឹត្តិការណ៍​អាស៊ាន​។

Loading...

លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា (NOCC) ដែល​ត្រូវ​បាន​សមាជិក​បោះ​ឆ្នោត​គាំទ្រ​ឲ្យ​បន្ត​ដឹកនាំ​សហព័ន្ធ​កីឡា កាយសម្ព័ន្ធ​កម្ពុជា​អាណត្តិ​ទី​៦ បាន​បង្ហាញ​ពី​ការ​ប្ដេជ្ញា​យ៉ាង​មុតមាំ​ថា នឹង​ធ្វើ​ឱ្យ​កាយសម្ព័ន្ធ​ឈាន​ឡើង​ក្នុង​ពេល​ដ៏​ខ្លី។

ការ​បោះ​ឆ្នោត​អាណត្តិ​ថ្មី​ធ្វើ​ឡើង​ក្នុង​សន្និបាត​បូក​សរុប​ការងារ​កាលពី​ថ្ងៃ​ទី ៥ វិច្ឆិកា ឆ្នាំ​២០១៩ កន្លង​ទៅ ដោយ​ថ្នាក់ដឹកនាំ​វាយតម្លៃ​ថា សហព័ន្ធ​ត្រូវ​តែ​សម្រេច​ឱ្យ​បាន​សមិទ្ធផល​ជោគជ័យ​ឱ្យ​បាន​ច្រើន​បន្ថែម​ទៀត បន្ទាប់​ពី​រយៈពេល​ចុង​ក្រោយ​មានការ​ឈាន​ឡើង​ទៅ​ហើយ ។ បើ​ទោះជា​មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​ដែល​ចាំបាច់​ត្រូវ​ដោះស្រាយ តែ​លោក ថោ​ង ខុន ប្រធាន NOCC ដែល​ទទួល​សំឡេង​គាំទ្រ ១០០​ភាគរយ​ពី​ការ​បោះ​ឆ្នោត​ដើម្បី​បន្ត​ធ្វើ​ជា ប្រធាន​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា​អាណត្តិ ទី​៦​ចាប់ពី​ឆ្នាំ​២០១៩-២០២៣ អះអាង​ថា ភាព​ប្រែប្រួល​នឹង​កើត​មាននៅ​ក្នុង​សហព័ន្ធ​មួយ​នេះ​។

ការ​បោះ​ឆ្នោត​នេះ​ធ្វើ​ឡើង​ក្នុង​សន្និបាត​បូក​សរុប​ការងារ​អាណត្តិ​ចាស់​និង​ដាក់​ទិស​ដៅ​អនុវត្ត សម្រាប់​អាណត្តិ​ថ្មី​នៅ​រសៀល​ថ្ងៃ​ទី​៥ ខែវិច្ឆិកា នា​ទីស្នាក់ការ NOCC ដោយ​មានការ​ចូលរួម​ពី​សមាជិក​ប្រតិបត្តិ​សហព័ន្ធ និង​តំណាង​ក្លិប សមាគម​ដែល​ជា​សមាជិក​គ្រូបង្វឹក​និង​កីឡាករ ជា​ច្រើន​រូប ។

សមាសភាព​ថ្មី និង​ចាស់​រួម​មាន លោក សុខ ហុង បន្ត​ធ្វើ​ជា​អនុប្រធាន​, លោក​ណ​យ ផា​ណា អគ្គលេខាធិការ​, លោក​មាស សា​រ៉េ​ត អគ្គលេខាធិការ​រង​, លោក​ខៀវ ចិន្តា អគ្គ​ហិ​រញ្ញឹក និង​សមាជិក​៤​រូប​ទៀត រួម​មាន លោកស្រី ដួង សា​ម៉ៃ​, លោកស្រី​ពេជ្រ យូ​, លោក​ជុំ រ៉ា​ទី និង​លោក អៀម វ៉ា​វ៉ាង​ឌុ​ល សុទ្ធតែ​អះអាង​ពី​ការ​ស្វែងរក​គន្លឹះ​ដូច​ម្ដេច​ដើម្បី​បញ្ជូន​កីឡាករ​កាយសម្ព័ន្ធ​ទៅ​ហ្វឹកហាត់​នៅ​ក្រៅប្រទេស​ឱ្យ​បាន​ច្រើន ដើម្បី​ដណ្ដើម​យក​មេដាយ ។ ថ្នាក់ដឹកនាំ​ទាំងអស់​កំពុង​អ៊ុត​មើល​លទ្ធផល​នៅ​សុ​ី​ហ្គេ​ម ដែល​នឹង​បង្ហាញ​ក្នុង​ពេល​ដ៏​ខ្លី​នេះ ដោយ​អះអាង​ថា ទោះជា​លទ្ធផល​ស៊ី​ហ្គេ​ម​ឆ្នាំ​នេះ​យ៉ាងណា ក៏​ក្នុង​ពេល​បន្តបន្ទាប់ នឹង​ធ្វើ​ឱ្យ​ប្រសើរ​ផង​ដែរ ។

លោក ណ​យ ផា​ណា អគ្គលេខាធិការ​សហព័ន្ធ​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​ដែល​សម្រេច​បាន​ក្នុង​រយៈពេល​៤​ឆ្នាំ​កន្លង​មក​ថា សហព័ន្ធ​ទទួល​បាន​លទ្ធផល​ជោគជ័យ​យ៉ាង​ល្អ​ប្រសើរ​ទាំង​នៅ​ថ្នាក់​ជាតិ​និង​អន្តរជាតិ ។

សមិទ្ធផល​ទាំងនោះ​រួម​មាន សហព័ន្ធ​បាន​ទំនាក់ទំនង​ស្វែងរក​ការ​គាំទ្រ​ផ្នែក​សម្ភារ​ពី​បណ្តា​ទូត​នានា​និង​ការ​ហ្វឹកហាត់​នៅ​ក្រៅប្រទេស​, បាន​ទំនាក់ទំនង​ជាមួយ​សហព័ន្ធ​អន្តរជាតិ អាស៊ី​និង​អាស៊ាន ដើម្បី​ដឹង​ពី​ព័ត៌មាន​នានា​ពាក់ព័ន្ធ​ការ​ប្រកួត​និង​វគ្គ​បណ្តុះបណ្តាល​,​បញ្ជូន​គ្រូបង្វឹក​ពីរ​រូប​ទៅ​បណ្តុះបណ្តាល​នៅ​សិង្ហ​បុរី​,​បញ្ជូន​មន្ត្រី​ពីរ​រូប​ទៅ​ចូលរួម​វគ្គ​អាជ្ញាកណ្តាល​ចៅក្រម​អន្តរជាតិ​នៅ​ជប៉ុន និង​បញ្ជូន​មន្ត្រី​ពីរ​រូប​ទៅ​ចូលរួម​សិក្ខាសាលា​អន្តរជាតិ​នៅ​ហ្វី​លី​ពី​ន​។

ក្នុង​នោះ សម្រាប់​ការ​ប្រកួត​ថ្នាក់​ជាតិ និង អន្តរជាតិ សហព័ន្ធ​បាន​ចូលរួម​ការ​ប្រកួត​ថ្នាក់​ជាតិ​ពីរ​លើក​, រៀបចំ​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​៥​លើក និង​ពានរង្វាន់​ឯកឧត្តម​បណ្ឌិត ថោ​ង ខុន ចំនួន​៣​លើក​, រៀបចំ​ការ​ប្រកួត​តេស្ត សមត្ថភាព​កីឡាករ​រៀង​រាល់​១​ខែ​ម្តង​, បញ្ជូន កីឡាករ​១​រូប និង​គ្រូបង្វឹក​១​រូប​ទៅ​បោះជំរំ ហ្វឹកហាត់​នៅ​ជប៉ុន​, ទទួល​បាន​មេដាយ​សំរឹទ្ធ ១​ពី​ការ​ចូលរួម​ប្រកួត​ជើងឯក​អាស៊ី​នៅ​វៀតណាម​, ចូលរួម​ប្រកួត​ជើងឯក​ពិភពលោក​នៅ កូរ៉េ​, ចូលរួម​ប្រកួត SEA Games នៅ​សិង្ហ​បុរី និង​ម៉ា​ឡេ​ស៊ី​, ចូលរួម​ប្រកួត​ជើងឯក​អាស៊ី​នៅ ឥណ្ឌូ​ណេ​ស៊ី​, បញ្ជូន​កីឡាករ​ទៅ​ចូលរួម​ប្រកួត Korean Open និង Pre Sea Games នៅ កូរ៉េ និង​កសាង​ហេ​ដ្ឋា​ន​រចនា​សម្ព័ន្ធ​ដល់​ក្លិប​មួយ​ចំនួន​ជា​សមាជិក ។

ជាមួយ​គ្នា​នេះ លោក​ណ​យ ផា​ណា បាន អះអាង​យ៉ាង​ម៉ឺងម៉ាត់​ថា ចាប់ពី​ឆ្នាំ​២០២០ កីឡាករ​-​កីឡាការិនី​កាយសម្ព័ន្ធ​ត្រូវ​រក​មេដាយ ឲ្យ​បាន​នៅ​លើ​ឆាក​អន្តរជាតិ ។ ដើម្បី​សម្រេច ឲ្យ​បាន​ផែនការ​នេះ លោក​ជំរុញ​ឲ្យ​កីឡាករ កីឡាការិនី​ត្រូវ​បង្កើន​ការ​យកចិត្តទុកដាក់ និង​ខិតខំ​ព្យាយាម​ហ្វឹកហាត់ ពង្រឹងសមត្ថភាព ឲ្យ​កាន់តែ​ខ្លាំង ។ ចាប់ពី​ឆ្នាំ​២០២០​តទៅ លោក​ថា កាយសម្ព័ន្ធ​ត្រូវ​ស្វែងរក​មេដាយ​កម្រិត​អាស៊ី​អាគ្នេយ៍​ឱ្យ​បាន​ដាច់ខាត ដើម្បី​យើង វាស់​ស្ទង់​លើ​សមត្ថ​ម​ត្ថភាព​កីឡាករ​កីឡាការិនី​របស់​ខ្លួន ដែល​កំពុង​ពង្រឹង​ក្នុង​កម្រិត​អាយុ​១៤​ទៅ​១៥​ឆ្នាំ ។

លោក​រំពឹង​យ៉ាង​ខ្លាំង​ថា ចាប់ពី​ឆ្នាំ​២០២០ ដាច់ខាត​កីឡា​កាយសម្ព័ន្ធ​ត្រូវ​ស្វែងរក​លទ្ធផល​ជា​មេដាយ ទោះបី​ក្នុង​កម្រិត​ណា​ក៏​ដោយ​ទាំង​ក្នុង​តំបន់​និង​ក្រៅ​តំបន់ ។ ទន្ទឹម​នឹង​លើក​ពី​សកម្មភាព និង​សមិទ្ធផល​ដែល​សម្រេច​បាន​ក្នុង​អាណត្តិ​ទី​៥ លោក​ណ​យ ផា​ណា ក៏​បាន​លើក​ពី​បញ្ហា​ប្រឈម​មួយ​ចំនួន​ដែល​សហព័ន្ធ​កំពុង​ខ្វះខាត​នា​ពេល​បច្ចុប្បន្ន​ផង​ដែរ ។ បច្ចុប្បន្ន​សហព័ន្ធ​ពុំ​ទាន់​មាន​ឧបករណ៍​ទំនើប​ៗ​គ្រប់គ្រាន់​ដែល បម្រើ​ឲ្យ​ការ​ហ្វឹកហាត់​របស់​កីឡាករ កីឡាការិនី ដែល​ជា​កត្តា​រាំងស្ទះ​ដល់​ការ​អភិវឌ្ឍ​សមត្ថភាព របស់​កីឡាករ ។

លើស​ពី​នេះ ធនធាន​មន្ត្រី បច្ចេកទេស គ្រូបង្វឹក និង​ចៅក្រម​ក៏​នៅ​តែ​ចោទ​ជា​បញ្ហា​ផង​ដែរ ។ បញ្ហា​ប្រឈម​ដ៏​សំខាន់ មួយទៀត​នោះ គឺ​សហព័ន្ធ​នៅ​ខ្វះខាត​ថវិកា​ក្នុង​ការ​បញ្ជូន​មន្ត្រី​ទៅ​ចូលរួម​វគ្គ​បណ្តុះបណ្តាល​អន្តរជាតិ​នានា​ក៏​ដូច​បញ្ជូន​កីឡាករ​ទៅ​ហ្វឹកហាត់​និង​ប្រកួត​នៅ​ក្រៅប្រទេស​ទាំង​ក្នុង​តំបន់​និង ក្រៅ​តំបន់ ។

ក្នុង​ឱកាស​នោះ​ដែរ លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា ប្រធាន​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ក៏​បាន​ជំរុញ​ឲ្យ​មន្ត្រី​របស់​ខ្លួន​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ឲ្យ​កាន់តែ​ល្អជា​មួយ​ទូត​នានា​ដើម្បី​ស្វែងរក​ជំនួយ​គាំទ្រ​ជា​សម្ភារ​និង​ការ​ហ្វឹកហាត់​នៅ​ក្រៅប្រទេស​, ប្រជុំ​យ៉ាងតិច​ពីរ​ដង​ក្នុង​មួយ​ឆ្នាំ​, រៀបចំ​វគ្គ​បណ្តុះបណ្តាល​មន្ត្រី​រដ្ឋបាល មន្ត្រី​បច្ចេកទេស គ្រូបង្វឹក និង​ចៅក្រម​ថ្នាក់​ជាតិ​ឲ្យ​បាន​ច្រើន​, រៀបចំ​វគ្គ​បណ្តុះបណ្តាល អាជ្ញាកណ្តាល​ចៅក្រម​២​ដង​ក្នុង​១​ឆ្នាំ​យ៉ាងតិច​, បញ្ជូន​កីឡាករ​ទៅ​បោះជំរំ​ហ្វឹកហាត់​នៅ​ក្រៅ ប្រទេស​យ៉ាងតិច​១​ដង​ក្នុង​១​ឆ្នាំ ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ និង​ពង្រឹងសមត្ថភាព​ឲ្យ​កាន់តែ​ប្រសើរ​, ពង្រឹងសមត្ថភាព​គ្រូបង្វឹក​នៅ​តាម​ក្លិប សមាគម​ជា​សមាជិក​, បង្កើន​ទំនាក់ទំនង​ជាមួយ សហព័ន្ធ​អន្តរជាតិ អាស៊ាន និង​អាស៊ី​ដើម្បី​បញ្ជូន​គ្រូបង្វឹក អាជ្ញាកណ្តាល ចៅក្រម​កម្រិត​អន្តរ ជាតិ​នានា និង​ចូលរួម​មហាសន្និបាត​សហព័ន្ធ អន្តរជាតិ​ប្រចាំឆ្នាំ​ជាដើម ។

សម្រាប់​ផែនការ​ប្រកួត ប្រធាន NOCC រូប​នេះ បាន​ជំរុញ​ឲ្យ​ប្រកួត​តេស្ត​សមត្ថភាព​កីឡាករ​រៀង​រាល់​ខែ​ទាំង​យុវជន​ថ្នាល និង​ជម្រើសជាតិ​, ពង្រឹង​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ដើម្បី​ស្វែងរក​កីឡា​ករ មានគុណ​ភាព​, ស្វែងរក​ដៃគូ​ឧបត្ថម្ភ​នានា​ដើម្បី រៀបចំ​ការ​ប្រកួត​ពានរង្វាន់​លក្ខណៈ​Cup ប្រចាំឆ្នាំ និង​រក​វិធីសាស្ត្រ​បញ្ជូន​កីឡាករ​ទៅ​ប្រកួត​អន្តរ ជាតិ​យ៉ាងតិច​៣​ដង​ក្នុង​១​ឆ្នាំ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)