ទាំងនេះ​ជា​មូលហេតុ​ដែល​អ្នកមាន​ភាគច្រើន​បរាជ័យ​ក្នុង​រឿង​ស្នេហា

បញ្ហា​លុយ​ភាគច្រើន​ជា​កត្តា​ធំ​មួយ​ដែល​ធ្វើ​ឲ្យ​គូស្នេហ៍​ចែកផ្លូវ​គ្នា និង​គ្រួសារ​បែកបាក់​គ្នា​។ សម្រាប់ គូស្នេហ៍​ដែល​មានទ្រព្យ​សម្បត្តិ​ច្រើន​វិញ បញ្ហា​នេះ​ប្រហែលជា​មិន​ជះ​ឥទ្ធិពល​ប៉ុណ្ណា​ទេ ។ យ៉ាងណា​ក្តី​គូស្នេហ៍​មួយ​ណា​ក៏​ដូច​មួយ​ណា​ដែរ គឺ​ពួក​គេ​មិន​អាច​ជៀស​ផុត​ទាំងស្រុង​ពី​ការ​ឈ្លោះ​គ្នា ឬ​ខ្វែងគំនិត​គ្នា​ឡើយ ។

Loading...

ជាក់ស្តែង លុយ​មិន​អាច​ទិញ​ក្តី​ស្រលាញ់​បាន​ទេ ប៉ុន្តែ​វា​អាច​ទិញ​ជម្រើស​ឲ្យ​មនុស្ស និង​ទិញ​អ្វី​ដែល​ល្អ​សម្រាប់​ស្នេហា​របស់​មនុស្ស​បាន ។ តែ​យោង​តាម​ការ​សិក្សា​មួយ​របស់ Royal Society បាន​ឲ្យ​ដឹង​ថា អ្នក​ដែល​មានទ្រព្យ​សម្បត្តិ​ច្រើន​ភាគច្រើន​អាច​ជួបនឹង​បញ្ហា​ក្នុង​រឿង​ស្នេហា​ទៅ​វិញ ។​មូលហេតុ​សំខាន់​មួយ​គឺ​មក​ពី​ពួក​គេ​ខ្វះ​កត្តា​ដែល​មាន​សារៈសំខាន់​ក្នុង​ស្នេហា​ដូច​ជា ភាព​បើក​ចិត្ត​ទូលាយ ភាព​បត់បែន និង​ការ​យល់​ដឹង​ពី​អ្នក​ដទៃ​ព្រោះតែ​មូលហេតុ​ខាងក្រោម​នេះ​៖

១. អ្នកមាន​អាច​មានចិត្ត​អំនួត និង​គិតតែ​ពី​ខ្លួនឯង​៖
យោង​ទៅ​តាម​លោក ហ្វ្រា​ន វ៉​ល​ហ្វី​ស (Fran Walfish) ដែល​ជា​អ្នកជំនាញ​ផ្នែក​ចិត្តសាស្ត្រ​បាន​ឲ្យ​ដឹង​ថា អ្នក​ដែល​មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ​អាច​មាន​ក្តី​ស្រលាញ់​លើ​ខ្លួន​ពេក​ដែល​ធ្វើ​ឲ្យ​ពួក​គេ​គិតតែ​ពី​ភាព​ជោគជ័យ វណ្ណៈ និង​ទស្សនៈ​របស់​អ្នក​ដទៃ​ជាង​គិត​ពី​ស្នេហា និង​ក្រុម​គ្រួសារ ។ ភាគច្រើន មនុស្ស​ទាំងនេះ​ខ្វះ​ទំនួល​ខុស​ត្រូវ និង​ការ​យល់​ដឹង​ពី​ខ្លួនឯង ដែល​ធ្វើ​ឲ្យ​ពួក​គេ​តែងតែ​ស្តីបន្ទោស​អ្នក​ដទៃ ។

២. ទ្រព្យសម្បត្តិ​ច្រើន​អាច​បង្កើត​បញ្ហា​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នក​ដទៃ​៖
អ្នកស្រី ស៊ូ​សាន ត្រ​ម​បេ​ទី (Susan Trombetti) ដែល​ជា​អ្នកជំនាញ​ផ្សំផ្គុំ​គូស្នេហ៍​បាន​ឲ្យ​ដឹង​ថា​អ្នកស្រី​មើលឃើញ​ជា​រៀង​រាល់ពេល​ថា អ្នក​ដែល​មានទ្រព្យ​សម្បត្តិ​ភាគច្រើន​មិន​សម​ហេតុ​សម​ផល​ទេ ព្រោះ​ពួក​គេ​មាន​ទម្លាប់​ចង់បាន​អ្វី​នឹង​បាន​ភ្លាម ។ លើស​ពី​នេះ​ទៅ​ទៀត នៅ​ជុំវិញ​ខ្លួន​អ្នកមាន​ភាគច្រើន​មាន​សុទ្ធតែ​មនុស្ស​ដែល​ពឹងផ្អែក​លើ​ពួក​គេ​ឬ​មនុស្ស​ដែល​មិន​ហ៊ាន​បដិសេធ ឬ​ប្រឆាំង​ឡើយ ។

៣. លុយ​កាន់តែ​ច្រើន​ជម្រើស​កាន់តែ​ច្រើន​៖
អ្នកមាន​ក៏​មាន​ជម្រើស​ច្រើន​ជាង​មនុស្ស​ទូទៅ​ដែរ ហើយ​ពេល​ខ្លះ​វា​មិនមែន​ជា​រឿង​ល្អ​ទេ ។ លោក​ខេ​វិ​ន ដា​ណេ (Kevin Darne) ដែល​ជា​គ្រូបង្វឹក​ផ្នែក​ស្នេហា និង​អ្នកនិពន្ធ​មួយ​រូប​បាន​ចែករំលែក​មក​ថា ជា​ទូទៅ​អ្នកមាន​តែង​សម្រេចចិត្ត​ចែកផ្លូវ​លឿន​ជាង​មនុស្ស​ទូទៅ​ព្រោះ​ពួក​គេ​មាន​ជម្រើស​ច្រើន និង​គិត​ថា​ដៃគូ​អាច​ជំនួស​ដោយ​អ្នក​ដទៃ​បាន​យ៉ាង​ងាយ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់