លោក ប៊ី​ល ហ្គេ​ត​ស៍ ជាប់​ជា​អ្នកមាន​ទ្រព្យ​ច្រើន​ជាងគេ​លើ​លោក​ជា​ថ្មី​ម្តងទៀត

សហ​ស្ថាបនិក​របស់​ក្រុមហ៊ុន Microsoft Corp គឺ​លោក ប៊ី​ល ហ្គេ​ត​ស៍ (Bill Gates) បាន​យកឈ្នះ​លោក ជេ​ហ្វ បេ​សូ​ស (Jeff Bezos) របស់ Amazon ក្នុង​ពេល​ថ្មី​ៗ​នេះ និង​ក្លាយជា​បុគ្គល​ដែល​មានទ្រព្យ​សម្បត្តិ​ច្រើន​ជាងគេ​លើ​លោក ។

Loading...

វា​កើត​មាន​ឡើង​បន្ទាប់​ពី​ក្រសួងការពារជាតិ​អា​មេ​រិ​ក​ប្រកាស​នៅ​ថ្ងៃ​ទី ២៥​ខែតុលា​កន្លង​មក​ថា ពួក​គេ​នឹង​ចុះ​កុងត្រា​មួយ​តម្លៃ ១០​ប៊ី​លាន​ដុល្លារ​ជាមួយនឹង Microsoft ដែល​ធ្វើ​ឲ្យ​តម្លៃ​ភាគហ៊ុន​ក្រុមហ៊ុន​កើនឡើង​ដល់​ទៅ ៤% និង​ធ្វើ​ឲ្យ​លោក ហ្គេ​ត​ស៍ មានទ្រព្យ​ដល់​ទៅ ១១០​ប៊ី​លាន​ដុល្លារ ។

ជាមួយ​គ្នា​នេះ​ផង​ដែរ ភាគហ៊ុន​របស់ Amazon បាន​ធ្លាក់​ចុះ​ប្រមាណ ២% វិញ​និង​ធ្វើ​ឲ្យ​ទ្រព្យ​សរុប​របស់​លោក​បេ​សូ​ស​ធ្លាក់​មក​ត្រឹម ១០៨.៧​ប៊ី​លាន​ដុល្លារ ។​កាលពី​ខែ​មុន លោក ហ្គេ​ត​ស៍ ក៏​បាន​យកឈ្នះ​លោក បេ​សូ​ស ម្តង​ដែរ​ប៉ុន្តែ​ក៏​បាត់បង់​តំណែង​ទៅ​វិញ​មិនយូរ​ប៉ុន្មាន ។

ក្រុមហ៊ុន Microsoft លូតលាស់​បាន ៤៨% ក្នុងឆ្នាំនេះ ដែល​បាន​បង្កើន​តម្លៃ​ភាគហ៊ុន ១% ដែល​ជា​កម្មសិទ្ធិ​របស់​លោក ហ្គេ​ត​ស៍ ។ ទ្រព្យសម្បត្តិ​ដទៃ​ទៀត​របស់​លោក​កើត​ចេញពី​ការ​លក់​ភាគហ៊ុន និង​ការ​វិនិយោគ​ផ្សេង​ៗ ។

គួរ​បញ្ជាក់​ដែរ​ថា ចំណាត់ថ្នាក់​របស់​បុគ្គល​ទាំង ៥០០ នាក់​ដែល​មានទ្រព្យ​សម្បត្តិ​ច្រើន​ជាងគេ​នេះ​ត្រូវ​បាន​ធ្វើ​បច្ចុប្បន្នភាព​ជា​រៀងរាល់ថ្ងៃ​បន្ទាប់​ពី​ទីផ្សារ​ភាគហ៊ុន​អា​មេ​រិ​ក​បិទ​។ មហាសេដ្ឋី​ដែល​មានទ្រព្យ​សម្បត្តិ​ច្រើន​ជាងគេ​នៅ​អឺរ៉ុប​គឺ​លោក បឺ​ណា​ដ អាណូត (Bernard Arnault) ជាប់​ចំណាត់ថ្នាក់​លេខ ៣ ដោយ​មានទ្រព្យ​សម្បត្តិ​សរុប​ប្រមាណ ១០២.៧​ប៊ី​លាន​ដុល្លារ ។

យ៉ាងណា​ក្តី លោក បេ​សូ​ស មានទ្រព្យ​សម្បត្តិ​ច្រើន​ជាង​លោក ហ្គេ​ត​ស៍ ប្រសិនបើ​លោក​មិន​បាន​លែងលះ​ភរិយា​របស់​ខ្លួន​កាលពី​ខែកក្កដា ។ ជាមួយ​គ្នា​នេះ​ផង​ដែរ លោក ហ្គេ​ត​ស៍ ប្រហែលជា​មិន​ត្រូវ​បោះបង់​តំណែង​ជា​បុគ្គល​ដែល​មានទ្រព្យ​ច្រើន​ជាងគេ​នេះ​ទេ​ប្រសិនបើ​លោក​មិន​បរិច្ចាគ​ទ្រព្យសម្បត្តិ​ប្រមាណ ៣៥​ប៊ី​លាន​ដុល្លារ​ឲ្យ​តៅ​មូលនិធិ​សប្បុរសធម៌ Bill & Melinda Gates Foundation របស់​លោក ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់