តើកម្ពុជានិងចិនត្រៀមបើកកិច្ចចរចាលើការធ្វើពាណិជ្ជកម្មសេរីទ្វេភាគីផ្តោតលើវិស័យសំខាន់អ្វីខ្លះ?

រាជធានី​ភ្នំពេញ​៖ បន្ទាប់​ពី​ប្រមុខ​រាជរដ្ឋាភិបាល​ប្រកាស​ថា​នៅ​ថ្ងៃ​ទី​៤ ខែធ្នូ ឆ្នាំ​២០១៩​ខាង​មុខ កម្ពុជា​និង​ចិន​និង​ធ្វើការ​ចរចា​រលើ​ការ​ពាណិជ្ជកម្ម​សេរី​ជាមួយ​គ្នា ។ ប៉ុន្តែ​មាន​ប្រជាពលរដ្ឋ​ភាគច្រើន​នូវ​មិន​ទាន់​បានដឹង​នៅឡើយ​នោះ​ទេ​ថា​តើ​ការ​ចរចា​ផ្អោ​តទៅ​លើ​វិស័យ​សំខាន់​ណាខ្លះ​នោះ​ទេ ហើយ​មន្ត្រី​ជំនាញ​ប៉ុន្មាន​នាក់​ដែល​នឹង​ធ្វើ​ដំណើរ​ទៅ​ចូលរួម​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ?

Loading...

​ពាក់ព័ន្ធ​នឹង​ចំណុច​ខាងលើ​នេះ បើ​តាម​មន្ត្រី​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​បានឱ្យ​ដឹង​ថា​ក្រសួងពាណិជ្ជកម្ម​បាន​ត្រៀម​រួចរាល់​នឹង​មាន​ប្រតិភូ​កម្ពុជា​ទៅ​ចរចា​ប្រមាណ​៥​ទៅ​៦​នាក់ ហើយ​ការ​ចរចា​នេះ​គឺ​ផ្តោត​ទៅ​លើ​ចំណុច​សំខាន់​៤​មុខ​។

លោក ស៊ា​ង ថៃ មន្ត្រី​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម មាន​ប្រសាសន៍​ឱ្យ​ដឹង​កាលពី​ម្សិលមិញ​ថា នៅ​ថ្ងៃ​ទី​៣ និង​ទី​៤ ខែធ្នូ​ខាង​មុខ​នេះ​ដូច​អ្វី​ដែល​សម្តេច​តេ​ជោ បាន​មាន​ប្រសាសន៍​អីចឹង យើង​មាន​ប្រតិភូ​កម្ពុជា​យើង​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​ប៉េ​កាំ​ង​ដើម្បី​សិក្សា​ពី​លទ្ធភាព FTA (​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​) រវាង​កម្ពុជា​ជាមួយនឹង​ចិន​។ គណៈប្រតិភូ​នឹង​ដឹកនាំ​ដោយ​រដ្ឋលេខាធិការ​មួយ​រូប​និង​មាន​មន្ត្រី​ក្រសួងពាណិជ្ជកម្ម​អម​៣​រូប និង​មានមន្ត្រី​អន្តរក្រសួង​ផ្សេង​ទៀត​ធ្វើ​ដំណើរ​ទៅ​ជាមួយ​គ្នា​សរុប​ប្រមាណ​៥​ទៅ​៦​រូប​។​លោក ស៊ា​ង ថៃ​បាន​បន្ត​ថា «​តាម​ពិត​ទៅ​ការ​ចរចា​លើ FTA ខ្ញុំ​ចង់​ប្រាប់​ថា​យើង​មិនមែន​ចរចា​តែ​រឿង​មួយ​មុខ​នោះ​ទេ​។ នៅ​ក្នុង​កញ្ចប់​នៃ​ការ​ធ្វើ FTA មុខ​ដែល​ត្រូវ​ចរចា​គ្នា​នេះ​យ៉ាងតិច​ក៏​មាន​៤​មុខ​ដែរ​៖១-) ចរចា​អំពី​ពាណិជ្ជកម្ម​លើ​មុខទំនិញ​, ២-) ចរចា​លើ​ពាណិជ្ជកម្ម​លើ​សេវាកម្ម​,៣-) ការ​វិនិយោគ និង​ទី​៤-) បញ្ហា​ពាក់ព័ន្ធ​មួយ​ចំនួន​ផ្សេង​ទៀត​។ អីចឹង​បើសិនជា​ការ​ចរចា​ឱ្យ​ចប់​ទាំង​៤​ចំណុច​នេះ​អាច​ប្រើ​ពេលវេលា​មិនយូរ​នោះ​ទេ ផ្នែក​ទៅ​លើ​មិត្តភាព​រវាង​កម្ពុជា​និង​ចិន​»​។

បើ​តាម​មន្ត្រី​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម ប្រទេស​ណា​ដែល​បាន​ធ្វើ​ពាណិជ្ជកម្ម​សេរី​ជាមួយ​គ្នា​នោះ​នឹង​ទទួល​បាន​ផលប្រយោជន៍​ធំ តួយ៉ាង​បើ​កម្ពុជា​និង​ចិន​អាច​ឈាន​ទៅ​ដល់​ចំណុច​ធ្វើ​ពាណិជ្ជកម្ម​សេរី​រួម​គ្នា ប្រាកដ​ណាស់​ប្រទេស​ចិន​និង​ផ្តល់​អាទិភាព​ច្រើន​ដល់​កម្ពុជា​។ ​លោក ស៊ា​ង ថៃ បាន​មាន​ប្រសាសន៍​បញ្ញា​ក់ថា «​ការ​ចរចា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ (FTA) ក្តោប​លើ​វិស័យ​ស្ទើ​តែ​អស់​។ ដូច្នេះ​វា​មាន​ផលប្រយោជន៍​ធំ សម្រាប់​ប្រទេស​ណា​បាន​ធ្វើ FTA ជាមួយ​គ្នា តាម​រយៈ​ការ​ចរចា​គ្នា​។ ចំពោះ​កម្ពុជា​យើង​ឃើញ​ថា​ទីផ្សារ​ប្រទេស​ចិន​វា​ធំ បើ​យើង​បាន​ចរចា​បាន​លក្ខ​ណ្ឌ​ល្អ ហើយ​ប្រទេស​ចិន​មានការ​យោគយល់​មក​លើ​ប្រទេស​កម្ពុជា​ឱ្យ​អាទិភាព​យើង​ច្រើន​។ យើង​មានការ​ជឿ​ទុកចិត្ត​ថា​ប្រទេស​ចិន​នឹង​ផ្តល់​ភាព​អនុគ្រោះ​មក​ឱ្យ​កម្ពុជា​ច្រើន ពីព្រោះ​ស្ថិត​នៅ​ក្នុង​ការ​ចរចា​រវាង​អាស៊ាន​-​ចិន ទាល់តែ​ចិន​នោះ​ផ្តល់​អាទិភាព​ដល់​កម្ពុជា​ច្រើន​ជាង​ប្រទេស​ដទៃ​ដែរ​»​។

លោក​បាន​បន្ត​ថា «​កាលណា​ប្រទេស​ទាំង​ពីរ​កម្ពុជា និង​ចិន​មាន FTA ជាមួយ​គ្នា​ហើយ នោះ​របាំង​អនាម័យ ភូតគាម​អនាម័យ​ទៅ​លើ​ផលិតផល​កសិកម្ម​របស់​យើង​នឹង​មាន​លក្ខណៈ​ងាយស្រួល​ជាង​មុន​ហើយ​។ យើង​បានដឹង​ហើយ​ថា​មករ​ហូត​មក​ដល់​ពេល​នេះ​យើង​បាន​ចរចា​លើ​មុខទំនិញ​ជាមួយ​ចិន​ទើបតែ​បាន​៤​មុខ​ទេ ហើយ​យើង​ត្រៀម​ប៉ុន្មាន​មុខ​ផ្សេង​ទៀត​ធ្វើ​ជាមួយនឹង​ចិន ។ តែបើ​យើង​អាច​ធ្វើ FTA បាន យើង​នឹង​ធ្វើ MOU រួម​គ្នា​មួយ​សម្រាប់​ទៅ​លើ​មុខទំនិញ​ច្រើន​បាន នោះ​វា​នឹង​ប្រសើរ​បំផុត​សម្រាប់​យើង​»​។

លោកស្រី​ឧកញ៉ា កែវ​មុំ នាយិកា​ក្រុមហ៊ុន​ផលិត​នាំ​ស្រួយ​លី​លី មាន​ប្រសាសន៍​ថា ជាក់ស្តែង​ការ​ចរចា​ធ្វើ​ពាណិជ្ជកម្ម​សេរី​វា​ជា​រឿង​ល្អ ប៉ុន្តែ​វា​ពាក់ព័ន្ធ​នឹង​របាំង​គុណភាព របាំង​ស្តង់ដា​រួម​នឹង​របាំង​ផ្សេង​ៗ បើសិនជា​គាត់​អនុវត្ត​យ៉ាងម៉េច​ឱ្យ​សងខាង​អនុវត្ត​បាន​ដូច​គ្នា កុំឱ្យ​តឹង​ម្ខាង ធូរ​ម្ខាង​។លោកស្រី​បាន​បន្ត​ថា​« នៅ​ថ្ងៃ​អនាគត​បើ​ប្រទេស​ទាំង​ពីរ​អាច​ឈាន​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម​សេរី​រួម​គ្នា​បាន នេះ​ជា​រឿង​ល្អ​ពិតមែន​។ វា​អាច​ឱ្យ​កម្ពុជា​នាំ​ចេញ​ផលិតផល​របស់​យើង​ទៅ​ប្រទេស​ចិន​បាន តែ​ត្រូវធ្វើ​យ៉ាង​ត្រូវ​ផ្តល់​ភាព​ងាយស្រួល ព្រោះ​បច្ចុប្បន្ន​យើង​ជួប​ប្រទះ​ការ​ដែល​យើង​នាំ​ផលិតផល​ទៅ​ប្រទេស​ចិន​នេះ​នូវ​ជួយ​បញ្ហា​ច្រើន​មែនទែន​»​។

បើ​តាម​នាយិកា​រូប​នេះ បច្ចុប្បន្ន​នេះ​ក្រុមហ៊ុន​លី​លី​នាំ​ចេញ​ផលិតផល​ទៅ​កាន់​ប្រទេស​ចិន ក្នុង​មួយ​ឆ្នាំ​២​មាន​ប្រមាណ​តែ​១០​កុង​តេ​ន័​រ​គិត​ជា​ទឹកប្រាក់​ប្រមាណ​១០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ហើយ​បើ​នៅ​ពេល​អនាគត​ការ​នាំ​ចេញ​មាន​ភាព​ងាយស្រួល​ជាង​នៅ​ពេល​កន្លង​មក នោះ​ក្រុមហ៊ុន​នឹង​ប​ង្រើ​ន​ការ​ផលិត​នាំ​ចេញ​ទី​កាន់​ទីផ្សារ​ចិន​ឱ្យ​បាន​ច្រើន​ថែមទៀត​៕ កែសម្រួលដោយ ៖ សុឃាក់