កសិករ ​៖ តម្លៃ​កសិផល​មិន​ច្បាស់លាស់ ​ស្ថិត​នៅ​លើ​មាត់​ឈ្មួញកណ្ដាល​តែ​ប៉ុណ្ណោះ

​ខេត្ត​ត្បូងឃ្មុំ ៖ ប្រជា​កសិករ​ដែល​ដាំ​ដំណាំ​កសិកម្ម​ផ្សេង​ៗ​នៅ​ស្រុក​ត្បូងឃ្មុំ​បាន​ឲ្យ​ដឹង​ថា​តម្លៃ​កសិផល​របស់​ពួក​គាត់​គឺ​មិន​ទៀងទាត់​នោះ​ទេ ជួនកាល​ហើម​ជួនកាល​ស្រក ព្រោះ​តម្លៃ​គឺ​ស្ថិត​នៅ​លើ​មាត់​ឈ្មួញកណ្តាល ដូច្នេះ​បើ​បាន​ថ្លៃ​ក៏​គ្រាន់​ចំនេញ តែបើ​អណ្តាត​ឈ្មួយកណ្តាល​ឲ្យ​តម្លៃ​ទាប​វិញ គឺ​សឹង​មិន​ចំនេញ​សោះតែ​ម្តង ។

Loading...

​ជាក់ស្តែង​ក្នុង​រដូវ​ទឹកសម្រក​នៅ​ក្នុង​ឃុំ​ជី​រោទ៍​ទី ១ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ​ដែល​ស្ថិត​នៅ​ជួរ​ដង​ទន្លេមេគង្គ ជាប់​នឹង​ផ្លូវ​បេតុង គេ​ឃើញ​មាន​ដំណាំ​ដាំ​ដុះ​ក្នុង​នោះ​មាន​ពោត ល្ពៅ ស្ពៃ​ក្ងោក ព្រមទាំង​ដំណាំ​រួម​ផ្សំ​ផ្សេង​ៗ​ទៀត​ជា​ច្រើន​មុខ ដើម្បី​លក់​ដោះស្រាយ​ជីវភាព​គ្រួសារ​។​ពេល​ណា​ដំណាំ​ហុច​ផល​ត្រូវ​បាន​ឈ្មួញកណ្ដាល​ចុះ​មក​ប្រមូល​ទិញ​ដើម្បី​យក​ទៅ​លក់​បន្ត​នៅ​តាម​ទីផ្សារ​នានា​ក្នុង​ខេត្ត​ត្បូងឃ្មុំ​និង​ក្រុង​កំពង់ចាម​។

​អ្នកស្រី គឹ​ម ស្រឿ​ន អាយុ ៥០ ឆ្នាំ រស់នៅ​ភូមិ​ជី​រោទ៍​ក្រោម​ទី ១ ឃុំ​ជី​រោទ៍​ទី ១ បាន​ប្រាប់​ឲ្យ​ដឹង​ថ្មី​ៗ​នេះ​ថា ក្នុង​ពេល​រដូវ​ទឹកទន្លេ​មេគង្គ​បាន​ឡើង​មក​ជន​លិច​ភូមិឋាន​របស់​គាត់​ធ្វើ​ឱ្យ​ផ្ទៃដី​ចំការ​ប្រមាណ​ជា​កន្លះ​ហិច​តា ត្រូវ​បាន​ជន់​លិច​។ ហើយ​ក្រោយ​ពី​ទឹកទន្លេ​ស្រក​ទៅ​វិញ​ផ្ទៃដី​ត្រូវ​បាន​ព្រួស​គ្រាប់​ស្ពៃ​ក្ងោក ដោយ​ចំណាយ​អស់​ជាង​២​គីឡូក្រាម ហើយ​ក្នុង​មួយ​គីឡូ​តម្លៃ ១៨ ម៉ឺន​រៀល ដែល​ទិញ​មកពីផ្សារ​ធំ​ក្រុង​កំពង់ចាម​។

អ្នកស្រី គឹ​ម ស្រឿ​ន បាន​ប្រាប់​បន្ត​ថា ក្នុង​ពេល​ដែល​ដើម​ស្ពៃ​ដុះ​ចេញ​មក​ប្រវែង ៣ ថ្នាំងដៃ​មនុស្ស​ចាស់ ដោយ​មាន​ស្មៅ​ដុះ​ច្រើន​គាត់​ត្រូវ​ជួល​កម្មករ​បី​បួន​នាក់​មក​ជួយ​សម្អាត​។​ប្រសិនបើ​អាកាសធាតុ​ល្អ​ស្ពៃ​នេះ​មាន​រយៈពេល​ត្រឹមតែ ២៥ ថ្ងៃ​នឹង​អាច​កាត់​ស្លឹក​លក់​បាន​ជាមួយ​ក៏​មាន​ឈ្មួញកណ្ដាល ចុះ​មក​ទិញ​ដល់​កន្លែង​ជូន​ក្នុង​មួយ​គីឡូក្រាម​បាន ៣០០០ រៀល​ឬ​ក៏​ជាង ២០០០ រៀល ហើយ​ចុះថោក​ជាង​នេះ​ទៀត​នឹង​ត្រូវ​ចូល​ថ្លៃដើម​។

​អ្នកស្រី​បន្ត​ថា «​បើសិនជា​ឈ្មួញកណ្តាល​ឲ្យ​តម្លៃ​សមរម្យ​គឺ​អាច​ចំនេញ​បាន​ខ្លះ តែ​ជួនកាល​ឈ្មួញកណ្តាល​បន្ថោក​តម្លៃ​ក្រោម ២០០០ រៀល​ក្នុង​មួយ​គីឡូក្រាម​អី គឺ​សឹង​ចូល​ដើម​ហើយ ព្រោះ​ថ្លៃ​គ្រាប់ពូជ​ផង​ថ្លៃ​កម្លាំង​ពលកម្ម​កម្មករ​ផង គឺ​មិន​ចំនេញ​ទេ​» ។ យ៉ាងណាមិញ ស្ត្រី​មេម៉ាយ​រូប​នេះ នៅ​ប្រឹង​ធ្វើ​ចំការ​ដើម្បី​ផ្គត់ផ្គង់​កូន​នៅ​ក្នុង​បន្ទុកគ្រួសារ និង​តែងតែ​តស៊ូ​ពុះពារ​ជម្នះ​រាល់​ឧបសគ្គ​តូច​ធំ​បើ​ទោះបីជា​គាត់​ត្រូវ​មើលថែ​ដីចំការ​ពីរ​បី​កន្លែង​នៅ​ក្នុងភូមិ​គាត់​ដាំ​ដុះ​ផលដំណាំ​គឺ​អាច​ផ្គត់ផ្គង់​ជីវភាព​គ្រួ​សារបាន​សម​ល្មម​។ ហើយ​ផ្ទៃដី​ដាំ​ស្ពៃ​នេះ​គាត់​តែងតែ​ផ្លាស់​ប្ដូរ​ដាំ​ដំណាំ​ទៅ​តាម​រដូវ​កាល​នីមួយ​ៗ ដើម្បី​ថែរក្សា​គុណភាព​ដី​មិន​ឱ្យ​ខូច​។

ចំណែក​លោក ស្រ៊ុ​ន វណ្ណៈ អាយុ ៥១ ឆ្នាំ​នៅ​ភូមិ​ជី​រោទ៍​ក្រោម​ទី ១ ប្រាប់​ថា​គាត់​មាន​ផ្ទៃដី​ប្រមាណ​ជាង​ពី​រហិក​តា ក្នុង​នោះ​មាន​ដាំពោត ល្ពៅ​និង​ស្ពៃ​ក្ងោក​។ ស្ពៃ​ដាំ​លើ​ផ្ទៃដី​ប្រមាណ ២០ អា គឺ​មិន​ទាន់​ច្រូត​នៅឡើយ​ទេ ដោយ​ទុក​អោយ​ចេញ​ផ្កា​និង​គ្រាប់​ទុំ​ត្រៀម​ច្រូត​ទុក​ហាល​ឲ្យ​ស្ងួត​ល្អ​សម្រាប់​ដាំ​ដុះ​នៅ​ឆ្នាំ​ខាង​មុខ​ទៀត​។ ជួន​ក៏​មាន​អ្នក​ភូមិ​គេ​មក​ទិញ​គ្រាប់​ស្ពៃ​ក្ងោក​លក់​បាន​មួយ​គីឡូ​តម្លៃ ១៨ ម៉ឺន​រៀល​។ នៅ​លើ​ផ្ទៃដី​ដដែល​គាត់​តែងតែ​ដាំ​ដំណាំ​ឆ្លាស់គ្នា​ដើម្បី​ថែរក្សា​គុណភាព​ដី​មិន​ឱ្យ​ហឹរ​ខូច​នោះ​ទេ ឱ្យ​បច្ចេកទេស​នេះ​មិន​មាន​អ្នក​ណា​មក​បង្រៀន​ឡើយ គឺ​ចេះ​ពី​ឪពុក​ម្ដាយ​ក្នុង​គ្រា​ដែល​គាត់​នៅ​កំលោះ​មិន​ទាន់​មាន​ប្រពន្ធ​។ ក្នុង​ពេល​ខាង​មុខ​ស្ពៃ​ក្ងោក​របស់​គាត់​នឹង​ត្រូវ​ច្រូត​ហើយ​ដើម​ដែល​នៅ​សល់​ពាក់កណ្ដាល​ទៀត​និង​ប្រើ​គ្រឿងចក្រ កែ​ច្នៃ​ដើម្បី​ឲ្យ​ទៅ​ជា​ជីធម្មជាតិ​សម្រាប់​ដាក់​ផលដំណាំ​ដាំ​ដុះ​បន្ត​ទៀត​។ ជាមួយ​នោះ​គាត់​ក៏​បាន​ប្រើប្រាស់​ជីសរីរាង្គ​ដាក់​លើ​ដំណាំ​មាន​ពោត​ល្ពៅ និង​ស្ពៃ​ដោយ​មិន​ប៉ះពាល់​សុខភាព​ហើយ​អ្នក​ដែល​យក​ទៅ​ទទួលទាន​ក៏​គេ​ចូល​ចិត្ត​ហូប​ដែរ​។

លោក ស្រ៊ុ​ន វណ្ណៈ បន្ត​ថា​ផលដំណាំ​ដែល​បាន​ដាំ​ដុះ​នៅ​ក្រោយ​រដូវ​ទឹកសម្រក​សម្រាប់​ផល​កម្រៃ​ដែល​ប្រមូល​លក់​បាន​នៅ​លើ​ទីផ្សារ​គឺ​អាច​ដោះស្រាយ​ជីវភាព​គ្រួ​សារបាន​ដោយ​ផ្គត់ផ្គង់​ឲ្យ​កូន​កូន​ចំនួន ៣ នាក់​បាន​រៀនសូត្រ​នៅ​សាលា​ផង​ដែរ​។ ដីចំការ​នេះ​អាច​បង្កបង្កើន​ផល​បាន​តែ​នៅ​ក្រោយ​រដូវ​ទឹកសម្រក​ប៉ុណ្ណោះ​។ លោក​បាន​បន្ត​ថា ប្រជា​កសិករ​រស់នៅ​ក្នុង​ឃុំ​ជី​រោទ៍​ទី ១ បាន​លើក​ឡើង​ថា​ផលដំណាំ​ដែល​ដាំ​ដុះ​បាន​ជួន​លក់​បាន​ថ្លៃ​ទទួល​ប្រាក់​ចំណេញ​គ្រាន់បើ​ហើយ​កុំ​មាន​ពេល​ខ្លះ​ទៀត​លក់​បាន​ថោក​ត្រូវ​ចូល​ដើម​ក៏​មាន ព្រោះ​តម្លៃ​ស្ថិត​នៅ​លើ​មាត់​របស់​ឈ្មួញកណ្ដាល​៕ កែសម្រួលដោយ ៖ សុឃាក់