ប្រាសាទ​ថ្នម​ប្តី ជា​ការ​រំ​ឮ​ក​ភាព​ស្មោះ​ត្រង់​​របស់​ប្រពន្ធ​ចំពោះ​ប្តី​នា​សម័យ​ដើម

78

ខេត្តកំពង់ឆ្នាំង ៖ ប្រាសាទ ស្លុត​តី ឬ​ប្រាសាទ​ថ្នម​ប្តី គឺជា​ប្រាសាទ​មួយ​ដែល​មាន​វ័យ​ចំណាស់ ក្នុង​ចំណោម​ប្រសាទ​ជា​ច្រើន​ក្នុងស្រុក​កំពង់លែង ។ ប្រាសាទ​នេះ ត្រូវ​បាន​បុព្វបុរស​ខ្មែរ​កសាង​ឡើង​នៅ​មុន​សម័យ​អង្គរ លើ​ទីទួល​មួយ​កន្លែង​ក្បែរ​ជើងភ្នំ​ទូក​មាស ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជាង​២៧​គីឡូម៉ែត្រ​ពី​ទីរួមស្រុក​កំពង់លែង និង​ចម្ងាយ​ប្រមាណ​ជាង​៧០០​ម៉ែត្រ ពី​ខាងត្បូង​ភូមិ​ជ្រលង ឃុំ​ដា ស្រុក​កំពង់លែង ។

Loading...

អ្វី​ដែល​គួរ​ឱ្យ​សោកស្តាយ​នោះ បច្ចុប្បន្ន​នេះ​ជញ្ជាំង​នៃ​តួ​ប្រាសាទ​​មួយ​ចំនួន​ត្រូវ​បាន​រលុះ​បាក់បែក និង​នៅ​ក្នុង​ប្រាសាទ​មួយ ក្នុង​ចំណោម​ប្រាសាទ​ទាំង​២​ដែល​ឈរ​ទទឹម​គ្នា ត្រូវ​បាន​គេ​ជីករណ្តៅ​ជ្រៅ​ប្រមាណ​១​ម៉ែត្រ ដូច​ជា​ការ​ជីក​រុករក វត្ថុ​អ្វីមួយ ដែល​មិន​បាន​លុប​វិញ​នោះ​ឡើយ ហើយ​ក្នុង​ខែវស្សា ទឹក​អាច​នឹង​ដក់​ក្នុង​រណ្តៅ​នោះ ដែល​អាច​ប៉ះពាល់​ដល់​គ្រឹះ​ប្រាសាទ​ជាក់​ជា​ពុំខាន ។

លោក សុខ ធួ​ក ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តកំពង់ឆ្នាំង បានឱ្យ​ដឹង​ថា ប្រាសាទ ស្លុតី ឬ ប្រាសាទ​ថ្នម​ប្តី​នេះ កសាង​ឡើង​មុន​សម័យ​អង្គរ ហើយ​ប្រាសាទ​នេះ កសាង​ឡើង​អំពី​ឥដ្ឋក្រហម តាម​រចនា​បទ​កំពង់ព្រះ ដើម្បី​ឧទ្ទិស​ចំពោះ​ព្រហ្មញសាសនា ដែល​គូសបញ្ជាក់​ការ​ស្មោះត្រង់​ចំពោះ​ប្តី នៃ​ភរិយា​ទាំងឡាយ ។ ចំពោះ​ពាក្យ «​ស្លុតី​» ជា​នាម មាន​ន័យ​ថា ៖ ស្ងើច​សរសើរ ឬ សេចក្តី​ស្ងើច ។ អាច​មក​ពី​ការ​យកចិត្តទុកដាក់​ថ្នាក់ថ្នម​របស់​ភរិយា​ចំពោះ​ប្តី ទើប​មានការ​ស្ងើចសរសើរ ។

កាល​ដើម​ឡើយ ទីតាំង​ប្រសាទ​នេះ​មាន​ចំនួន​៣ ប៉ុន្តែ​មួយ​នៅ​ចំ​កណ្តាល​បាន​បាក់​រលំ​ខូចខាត​ទាំងស្រុង ហើយ​ប្រាសាទ​ដែលរ​លំបាក់​នោះ ត្រូវ​គេ​សន្មត់​ថា ជា​ប្រាសាទ​ប្រុស រីឯ​ប្រាសាទ​២​សងខាង ដែល​នៅ​សល់​ដល់​សព្វ​ថ្ងៃជា​ប្រាសាទ​ស្រី ។

បើ​តាម​រឿងនិទាន​ត​ៗ​គ្នា​មក​ថា កាលពីព្រេងនាយ មាន​បុរស​ម្នាក់​មាន​ប្រពន្ធ​២ ដែល​រស់នៅ​យ៉ាង​សុខសាន្ត លើ​ទីទួល​នេះ ។ លុះ​តំណរ​ក្រោយមក បុរស​ជា​ប្តី​បាន​កើត​ជំងឺ ឃ្លង់ ហើយ​ស្ត្រី​ជា​ប្រពន្ធ​បាន​យកចិត្តទុកដាក់​មើលថែ​ជំងឺ ប្តី ទោះបី​មាន​ដំបៅ​រលេះរលួយ​យ៉ាងណា​ក្តី ទើប​ដំណ​រត​មក ដោយសារ​តែ​មានរឿង​និទាន​បែប​នេះ​ហើយ ទើប​គេ​ហៅ​ប្រាសាទ​នោះ​ថា ជា​ប្រាសាទ​ថ្នម​ប្តី​រហូត​មក ។

បើ​តាម​លោក​ប្រធាន​មន្ទីរ​ប្ប​ធម៌ និង​វិចិត្រសិល្បៈ​ក៏​បាន​បញ្ជាក់​ដែរ​ថា បច្ចុប្បន្ន មន្ទីរ​បាន​ដាក់​ឆ្មាំ​ការពារ​រាល់ថ្ងៃ​ដែរ គឺ​បុរស​ម្នាក់​ដែល​មាន​ទីលំនៅ​ជិត​ប្រាសាទ​នោះ ។ ចំពោះ​រឿង​រណ្តៅ​ក្នុង​ប្រាសាទ​វិញ គឺ​ឃើញ​មាន​យូរយារ​ណាស់​មក​ហើយ តាំងពី​ឆ្នាំ​៨០​ជាង​មក​ម្ល៉េះ មិន​មាន​ជីក​ថ្មី​ៗ​នោះ​ទេ ។ ចំពោះ​ការ​ថែទាំ​ជួសជុល​វិញ ក្រសួង​មិន​មាន​លទ្ធភាព​នោះ​ទេ ព្រោះ​ប្រាសាទ​ស្រុក​ខ្មែរ​មាន​ច្រើន​ណាស់ រាប់​មិន​អស់​នៅឡើយ ។

​សូម​បញ្ជាក់​ថា ស្រុក​ដែល​មាន​ប្រាសាទ​ច្រើន​ជាងគេ​ក្នុង​ខេត្តកំពង់ឆ្នាំង គឺ​ស្រុក​កំពង់លែង ក្នុង​មាន​ដូច​ជា​ប្រាសាទ សក្ល ,​ប្រាសាទ​ប្រុស​, ប្រាសាទ​ស្រី , ប្រាសាទ​ពណ្ណរាយ និង​ប្រាសាទ​ថ្នម​ប្តី​ជាដើម​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)