មី​យ៉ា​ន់​ម៉ា​ជំរុញ​ឲ្យ​ការ​ផ្លាស់​ប្តូរ​ដំណើរ​ទស្សនកិច្ច​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ឲ្យ​គ្រប់​កម្រិត​ជាមួយ​កម្ពុជា

រាជធានី​ភ្នំពេញ ៖ អនុ​ប្រធានាធិបតី​ប្រទេស​មី​យ៉ា​ន់​ម៉ា​បាន​ជំរុញ​ទស្សនៈកិច្ច​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ឲ្យ​គ្រប់​កម្រិត​ជាមួយ​កម្ពុជា ។ ក្នុង​ជំនួប​សវនាការ​ជាមួយ​សម្តេច ហេង សំ​រិ​ន ប្រធានរដ្ឋសភា​បាន​ទទួល​ជួប​សវនាការ​ជាមួយ​លោក ហេ​ន​រី វ៉ា​ន់​ធៀ អនុ​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​សហភាព​មី​យ៉ា​ន់​ម៉ា នៅ​វិមាន​រដ្ឋសភា នា​រសៀល​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ខណៈ​ដែល លោក​ដឹកនាំ​គណៈប្រតិភូ​មក​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​ក នៅ​រាជធានី​ភ្នំពេញ ។

Loading...

លោក​ហេ​ន​រី វ៉ា​ន់​ធៀ បាន​លើក​ឡើង​ពី​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​រវាង​ប្រទេស​ទាំង​ពីរ​ដែល​មាន​តាំងពី​យូរណាស់​មក​ហើយ ។ លោក​ថា ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ល្អ​រវាង​កម្ពុជា និង​មី​យ៉ា​ន់​ម៉ា គឺ​មាន​ទាំង​ខាង​នីតិប្បញ្ញត្តិ និង​នីតិប្រតិបត្តិ និង​ក្នុង​ក្រប​ខណ្ឌ​ទ្វេភាគី និង​ពហុភាគី ។ ប្រទេស​ទាំង​ពីរ​បាន​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​លើ​ឆាក​អន្តរជាតិ ។

អនុ​ប្រធានាធិបតី​ក៏​បាន​លើក​ឡើង​ថា ដើម្បី​ឲ្យ​ទំនាក់ទំនង​នេះ​កាន់តែ​រឹង​មាំ​ថែម​ទៀត​កម្ពុជា​និង​មី​យ៉ា​ន់​ម៉ា​ត្រូវ​ជំរុញ​ឲ្យ​ការ​ផ្លាស់​ប្តូរ​ដំណើរ​ទស្សនកិច្ច​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​គ្រប់​កម្រិត ។ ជាមួយ​គ្នា​នោះ​ដែរ លោក​អនុ​ប្រធានាធិបតី​បាន​អបអរសាទរ​ដែល​កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​ក ទទួល​បាន​ជោគជ័យ ។ ប្រទេស​មី​យ៉ា​ន់​ម៉ា​នឹង​ទទួល​ធ្វើ​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​នេះ បន្ត​ពី​កម្ពុជា នៅ​ឆ្នាំ​២០២០​ខាង​មុខ ។

ចំណែក​សម្តេច ហេង សំ​រិ​ន បាន​ចាត់​ទុក​វត្តមាន​របស់​គណៈប្រតិភូ​ជាន់ខ្ពស់​នៃ​សាធារណរដ្ឋ​សហភាព​មី​យ៉ា​ន់​ម៉ា​នៅ​កម្ពុជា បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ពី​វឌ្ឍនភាព​រីក​ចម្រើន​នៃ​ទំនាក់ទំនង មិត្តភាព​ស្អិតរ​មួ​ត និង​កិច្ច​សហប្រតិបត្តិការ​ល្អ​រវាង​ប្រទេស​ទាំង​ពីរ កម្ពុជា​មី​យ៉ា​ន់​ម៉ា ទាំង​ពេល​បច្ចុប្បន្ន និង​អនាគត ។

សម្តេច​បាន​គូសបញ្ជាក់​ថា ការ​បន្ត​ថែរក្សា​ទំនាក់ទំនង​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​ជា​ទ្វេភាគី និង​ក្នុង​ក្របខ័ណ្ឌ​សហ​គម​អាស៊ាន​ពិតជា​មាន​សារសំខាន់​នៅ​ក្នុង​កាលៈទេសៈ​បច្ចុប្បន្ន និង​ទៅ​អនាគត​នៅ​ចំពោះ​មុខ​សភាពការណ៍​សកលលោក​កំពុង​មានការ​ប្រែប្រួល​វិ​វត្ត​ឥត​ឈប់​ឈរ ។ សម្តេច​បាន​លើក​ឡើង​ថា រដ្ឋសភា​កម្ពុជា​គាំទ្រ និង​ពេញចិត្ត​ចំពោះ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ពហុភាគី​ដែល​រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ​បាន​អនុវត្ត​ជាមួយ​គ្នា​យ៉ាង​សកម្ម​ទាំង​នៅ​ក្នុង​ក្រប​ខណ្ឌ​តំបន់ និង​អន្តរជាតិ ដើម្បី​នាំ​មក​នូវ​ឧត្តម​ប្រយោជន៍​សម្រាប់​ប្រជាជាតិ​ទាំង​សងខាង និង​រួមចំណែក​ដល់​ការ​ថែរក្សា សន្តិភាព ស្ថិរភាព និង​ការ​អភិវឌ្ឍន៍​ទាំង​ក្នុង​តំបន់ និង​សកលលោក​ផង​ដែរ ។

សម្តេច​ហេង សំ​រិ​ន បាន​កោតសរសើរ​ថ្នាក់ដឹកនាំ​មី​យ៉ា​ន់​ម៉ា ចំពោះ​កិច្ច​ខិតខំ​ស្វែង រក​ដំណោះស្រាយ​នយោបាយ​ផ្ទៃក្នុង​រួម ដើម្បី​នាំ​មក​នូវ​ការ​បង្រួបបង្រួម​ជាតិ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់