ខេត្តប៉ៃលិន ៖ រហូតមកដល់ពេលនេះគេសង្កេតឃើញតម្លៃទីផ្សារកសិផលដំណាំតាង៉ែន ហៅមៀនប៉ៃលិនមានការធ្លាក់ថ្លៃគួរឲ្យកត់សម្គាល់ ជាហេតុធ្វើឱ្យឈ្មួញកណ្តាលមួយចំនួន ដែលបានកក់ប្រាក់ម្ចាស់ចម្ការរួចហើយក្នុងតម្លៃខ្ពស់បន្តិចបែរជាទម្លាក់តម្លៃចុះវិញធ្វើឱ្យម្ចាស់ចម្ការមិនអាចទទួលយកបានក៏បង្ខំចិត្តលក់ឲ្យឈ្មួញដទៃទៀតចូលទៅប្រមូលផលទាំងចិត្តមិនសប្បាយរីករាយនោះឡើយ ខណ:ឈ្មួញខ្លះលើកឡើងថា ថៃផ្អាកការបញ្ជាំទិញមួយរយ:ពេលពោល គឺទិញដែរតែទិញក្នុងតម្លៃទាប ។

ជាក់ស្តែងកាលពីរសៀលថ្ងៃទី១៩ ខែវិច្ឆិកានេះ នៅក្នុងចម្ការតាង៉ែនហៅមៀនប៉ៃលិនមួយកន្លែង ស្ថិតក្នុងភូមិក្បាលព្រលាន សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ជាចម្ការរបស់កសិករម្នាក់ឈ្មោះ ឡោ សុខបូន ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិនបានម៉ៅឱ្យឈ្មួញជួលឱ្យកម្មករចូលទៅប្រមូលផលនៅចម្ការរបស់ខ្លួន ក្នុងតម្លៃទាប ដើម្បីយកទៅលក់ដូរនៅប្រទេសថៃ ។

បើតាមប្រភពព័ត៌មានពីលោក ឡោ សុខបូន ជាម្ចាស់ចម្ការ បានរៀបរាប់ទាំងទឹកមុខស្រពាប់ស្រពោនឲ្យដឹងថា គាត់បានដាំដំណាំតាង៉ែនហៅមៀនប៉ៃលិនជាង១០០០ដើម ដោយបានដាក់បញ្ជាឲយផ្លែជាង១០០ដើមហើយ ។ ហើយកាលពីប៉ុន្មានខែមុនមានឈ្មួញម្នាក់បានយកប្រាក់ចំនួន៣លានរៀលទៅកក់ថ្លៃផ្លែតាង៉ែនរបស់គាត់ដោយសន្យាថា ពេលប្រមូលផលគេនឹងទិញក្នុងតម្លៃ១គីឡូក្រាម៣៦០០រៀល ។ ប៉ុន្តែរហូតមកដល់ពេលនេះ ស្រាប់តែឈ្មួញនោះបានប្រាប់គាត់ថា ខាងភាគីថៃគេផ្អាកទិញផ្លែតាង៉ែនមួយរយ:ពេលសិនឲ្យរង់ចាំរហូតដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះទើបគេទទួលទិញក្នុងតម្លៃខ្ពស់ដោយបច្ចុប្បន្ននេះគេទិញដែរ តែក្នុងតម្លៃទាបប៉ុណ្ណោះ គឺ១គីឡូក្រាមត្រឹមតែជាង២០០០រៀលប៉ុណ្ណោះ ។

លោកបន្តទៀតថា ដោយសារកសិផលតាង៉ែនផ្លែទុំពេញដើមអស់ហើយ មិនអាចបង្អង់ចាំយូរបាន ព្រោះបើហួសពេលអាចនឹងជ្រុះ ឬប្រេះបែកខូចទើបគាត់ហៅម៉ូយដទៃទៀតចូលទៅបេះដោយក្នុង១គីឡូក្រាមលក់បានត្រឹមតែ២៥០០រៀល ។

លោកបញ្ជាក់ទៀតថា ពេលនេះគេបានម៉ៅផ្លែតាង៉ែនរបស់គាត់ដោយជាង១០០ដើម តម្លៃ៥លានរៀល ហើយគាត់ដាច់ចិត្តលក់ទាំងតម្លៃធ្លាក់មិនអាចទទួលយកបានតែម្តង ។ លោកក៏សូមអំពាវនាវដល់ថ្នាក់ដឹកនាំមន្ទីរកសិកម្មក៏ដូចជា មន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិន ជាពិសេសលោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន មេត្តាជួយរកទីផ្សារកសិផលជូនប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិន ដែលបានបង្កបង្កើនផលរួចតែបែរជាតម្លៃមានការធ្លាក់ចុះស្ទើរតែបោះបង់មុខរបរដំណាំកសិកម្មនេះចោលទៅហើយ ។

ចំណែកឈ្មួញកណ្តាលម្នាក់ឈ្មោះ ឡាយ ស្រីនាង ភេទស្រី អាយុ៣៥ឆ្នាំ រស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ បានរៀបរាប់ទាំងទឹកមុខភ័យបារម្ភឲ្យដឹងថា គាត់បានចូលទៅម៉ៅទិញផ្លែតាង៉ែននៅក្នុងចម្ការខាងលើដោយ១គីឡូក្រាមតម្លៃត្រឹមតែ២៥០០រៀល តែគិតចុះគិតឡើងឃើញថា មិនអាចចំណេញបានក៏សុំអង្វរកម្ចាស់ចម្ការម៉ៅផ្លែបេះវិញម្តង ដោយជាង១០០ដើមនេះគាត់ម៉ៅតែចំនួន៥លានរៀល ហើយក៏ជួលកម្មករឲ្យចូលទៅបេះ ដោយគិតកម្រៃពលកម្មក្នុងម្នាក់១កញ្ឆេ ទម្ងន់១០គីឡូក្រាមតម្លៃ៥០០០រៀល ។

គាត់បន្តទៀតថា ការរកស៊ីជួញដូរផ្លែឈើពេលនេះពិតជាមានការលំបាកខ្លាំងដោយសារតែការនាំចេញទៅលក់នៅប្រទេសថៃ ត្រូវបង់ប្រាក់ចំនួន៦កន្លែង រួមទាំងខ្មែរ និងខាងថៃ ហើយដោយសារថៃទម្លាក់តម្លៃទៀតធ្វើឱ្យការរកស៊ីមុខរបរមួយនេះ ប្រឈមនឹងការខាតបង់ច្រើន ប៉ុន្តែដោយសារគ្មានការងារ អ្វីក្រៅពីនេះ គាត់ក៏ប្រថុយប្រថានទាំងមានចិត្តព្រួយបារម្ភយ៉ាងខ្លាំង ។
តាមដែលគាត់ដឹង គឺខាងភាគីថៃគេមិនងាយទិញកសិផលយើងដោយតម្លៃខ្ពស់នោះទេ ព្រោះគេចង់ឲ្យកសិករគេប្រមូលផលលក់បន្តទៅប្រទេសចិនរួចរាល់ទើបគេទទួលទិញកសិផលខាងខ្មែរយើងម្តង ដូច្នេះហើយទើបធ្វើឱ្យកសិផលរបស់យើងមានការធ្លាក់ចុះជារៀងរាល់ឆ្នាំ ៕ កែសម្រួលដោយ ៖ សុឃាក់