ទៅ​លេង​ទីក្រុង​ហ្សា​ការ​តា មាន​អ្វី​ពិសេស​​សម្រាប់​អ្នកទេសចរ?

មិន​ចាំបាច់​តែ​ទៅ​លេង​កោះ​បាលី​នោះ​ទេ អ្នកទេសចរ​ដែល​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​ហ្សា​ការ​តា​ដ៏​ធំ​ទូលាយ​ដែល​មាន​ប្រជាជន​រស់នៅ​ជាង ១០ លាន​នាក់ របស់​ប្រទេស​ឥណ្ឌូ​នេ​ស៊ី ក៏​មាន​កន្លែង​ទស្សនា​កម្សាន្ត​ប្លែក​ៗ​ជា​ច្រើន និង​ស្រស់​ស្អាត​គួរ​ឱ្យ​ចាប់អារម្មណ៍ ហើយ​ប្លែក​ភ្នែក​ផង​ដែរ ។

Loading...

ជាក់ស្តែង TAMAN MINI INDONESIA INDAH ដែល​ហៅ​កាត់​ថា (TMII) គឺជា​ឧទ្យាន​កម្សាន្ត​មួយ​ដែល​ផ្អែក​លើ​វប្បធម៌ ហើយ​មាន​ទីតាំង​ស្ថិត​នៅ​ភាគ​ខាងកើត​នៃ​ទីក្រុង​ហ្សា​ការ​តា ។ ឧទ្យាន​កម្សាន្ត​ដ៏​ពេញ​និយម​នេះ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោកស្រី ស៊ី​ទី ហារ​ទីណា (Siti Hartinah) ជា​ស្ត្រី​ទី​មួយ​របស់​អតីត​ប្រធានាធិបតី​ឥណ្ឌូ​នេ​ស៊ី លោក ស៊ូ​ហារ​តូ (Suharto) ។
បន្ទាប់​ពី​ស្នាក់​នៅ​ក្នុង​សណ្ឋាគារ Pullman ដ៏​ទំនើប និង​ស្រស់ស្រូប​អាហារ​ពេល​ព្រឹក​ដ៏​មាន​រសជាតិ​រួច ក្រុម FAMTRIP ពី​ប្រទេស​កម្ពុជា ទៅ​កាន់​ប្រទេស​ឥណ្ឌូ​នេ​ស៊ី ដែល​រៀបចំ​ឡើង​ដោយ​ក្រសួងទេសចរណ៍​ឥណ្ឌូ​នេ​ស៊ី ក៏​បាន​ទៅ​ទស្សនា​កម្សាន្ត​ឧទ្យាន TMII នេះ​ផង​ដែរ ព្រោះ​ជា​ឧទ្យាន​មួយ​ដែល​កសាង​ឡើង​ក្រោម​ប្រធានបទ​វប្បធម៌​ឥណ្ឌូ​នេ​ស៊ី ។

TMII ត្រូវ​បាន​គេ​ស្គាល់​ដោយសារ​ភាព​លាយឡំ​គ្នា​នៃ​ប្រជុំ​កោះ ។ ទិស​ដៅ​សម្រាប់​អ្នកទេសចរ​ទៅ​កម្សាន្ត​នៅ TMII នេះ គឺ​មានផ្ទះ​បែប​បុរាណ​ដែល​ដំណាង​ឱ្យ​ខេត្ត​ចំនួន ៣៤ ក្នុង​ប្រទេស​ឥណ្ឌូ​នេ​ស៊ី ។ ក្រៅពី​នេះ​នៅ​កណ្តាល TMII មាន​បឹង​មួយ​ដែល​ពណ៌នា​ពី​ប្រជុំ​កោះ​តូច​ៗ​នៅ​ក្នុង​ប្រទេស​ឥណ្ឌូ​នេ​ស៊ី ព្រមទាំង​មាន​សារមន្ទីរ​ផ្សេង​ៗ​ជា​ច្រើន​ទៀត​រួម​ទាំង​រោង​មហោស្រព IMAX Keong Mas និង​រោងល្ខោន Tanah Airku ផង​ដែរ ។

អ្វី​ដែល​ធ្វើ​ឱ្យ​ភ្ញៀវ​ទេសចរ​ទស្សនា ហើយ​ចាប់អារម្មណ៍​ខ្លាំង​បំផុត​នោះ គឺ​នៅ​ក្នុង​ឧទ្យាន កម្សាន្ត TMII មានផ្ទះ​បុរាណ​ដែល​សាងសង់​ឡើង​តំណាង​ឱ្យ​តំបន់​ស៊ូ​ម៉ា​ត្រា​ភាគ​ខាងលិច​ដែល​មាន​រូបរាង និង​រចនាប័ទ្ម ព្រមទាំង​ប្រវត្តិ​គួរ​ឱ្យ​ចាប់អារម្មណ៍​បំផុត ។ បន្ទាប់​មក​ទៀត​យើង​បន្តដំណើរ​ទៅ​ទស្សនា​ភូមិ​មួយ​ផ្សេង​ទៀត​ដែល​មាន​ពន្លា​តំណាង​ឱ្យ​ជនជាតិ Papua នៅ​ក្នុង​ប្រទេស​នេះ​ផង​ដែរ រួច​បង្ហួស​ទៅ​ទស្សនា​ផ្ទះ​គំរូ​នៃ​ភូមិ​មួយ​ដែល​មានឈ្មោះ​ថា Toraja មាន​រូប​រាងដូចជា​ទូក​យ៉ាង​ដូច្នោះ​ដែរ គឺ​ពិតជា​គួរ​ឱ្យ​ទាក់ទាញ​ខ្លាំង​ណាស់ ។

ក្រៅពី​ទស្សនា​នៅ​ផ្នែក​ខាងក្រោម​រួចរាល់​ហើយ​នោះ អ្នកទេសចរ​ថែម​ទាំង​អាច​ជិះ Cable Car ដើម្បី​ទស្សនា​ទិដ្ឋភាព​ទាំងស្រុង​នៃ​ឧទ្យាន TMII ពី​ខាងលើ​បាន​យ៉ាង​ស្រស់​ស្អាត​ថែម​ទៀត​ផង។

បន្ទាប់​ពី​ទស្សនា​ឧទ្យាន TMII ដ៏​ជក់ចិត្ត​ហើយ​នោះ យើង​អាច​សម្រាក​ដើម្បី​ទទួលទាន​អាហារ​ថ្ងៃត្រង់​ដ៏​ឈ្ងុយ​ឆ្ងាញ់​នៅ​ក្នុង​ទីក្រុង​ហ្សា​ការ​តា រួច​ហើយ​បន្តដំណើរ​ទៅ​ដើរ​ផ្សារ (Shopping) វិញ​ម្តង ដើម្បី​ឱ្យ​ប្លែក​អារម្មណ៍​បន្តិច ។ យើង​អាច​ធ្វើ​ដំណើរ​តាម​រថភ្លើង​ក្រោម​ដី ដោយ​ប្រើប្រាស់​កាត​ឆ្លាត​វៃ​ដ៏​ទំនើប ។ កាត​ឆ្លាត​វៃ​នេះ អាច​ទិញ​បាន​ពី​ម៉ាស៊ីន​លក់​សំបុត្រ ឬ​ការិយាល័យ​លក់​សំបុត្រ​ដែល​មា​នទី​តាំងនៅ​គ្រប់​ស្ថានីយ ។

រថភ្លើង​នេះ បាន​នាំ​យើង​ទៅ​ដល់ GRAND INDONESIA SHOPPING TOWN ដែល​ជា​មជ្ឈមណ្ឌល​លក់​ឥ​វ៉ា​ន់​ចម្រុះ​ដ៏​សម្បូរ​បែប​មួយ​នៅ​ផ្លូវ Thamrin ចំ​កណ្តាល​ទីក្រុង​ហ្សា​ការ​តា ។ អគារ​ដែល​មាន​ទំហំ ៦៤០,០០០ ម៉ែត្រការ៉េ មាន​ផ្សារ​ទំនើប​ធំ​មួយ មាន​អគារ​ការិយាល័យ Menara BCA (BCA Tower) អគារ​ខ្ពស់ Kempinski Residences និង​សណ្ឋាគារ Indonesia Kempinski លំដាប់​ផ្កាយ ៥ ដែល​មា​នទី​តាំងនៅ​ជិត​វិមាន SelamatDatang ។ កាលពី​ខែមករា​ឆ្នាំ ២០១៧ ទស្សនាវដ្តី Forbes បាន​ទទួលស្គាល់ GRAND INDONESIA ជាទី​ផ្សារ​ទំនើប​មួយ​ក្នុង​ចំណោម​ផ្សារ​ទំនើប​កំពូល​ទាំង ៥ នៅ​ហ្សា​ការ​តា ។

GRAND INDONESIA មាន​រោងកុន​ដ៏​ទំនើប​នៅ​ជាន់​ទី ៨ និង​រោង​មហោស្រព Sphere X ធំ​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក ដែល​មាន​អេ​ក្រង់​កោង​ធំ​ដូច​ទីលាន​បាល់បោះ​មាន​ទំហំ ២៦ គុណ ១៤ ម៉ែត្រ និង​អាច​ប្រើប្រាស់​បានជា​មួយ​ខ្សែភាពយន្ត ២D និង 3D ។ GRAND INDONESIA ក៏​មានទឹក​វេទមន្ត​បាញ់​ចេញពី​ក្នុង​ដី​រាល់ថ្ងៃ​ដែល​អាច​រេ​រាំ​ទៅ​តាម​បទ​ចម្រៀង និង​តន្ត្រី ព្រម​ជាមួយ​ការ​បញ្ចេញ​ពន្លឺភ្លើង​ចម្រុះ​ពណ៌​ពេល​បាញ់​ទឹក​ថែម​ទៀត​ផង ៕ សោម វិសាល (​កែសម្រួល​ដោយ ៖ បុប្ផា​)