​ការ​យក​ត្រី​ពុល​ងាប់​ទៅ​ធ្វើ​​អាហារ​…​គ្មាន​ការ​ប្រកាសពីផលប៉ះពាល់ទាល់តែសោះ

ខេត្តកំពត ៖ មន្ត្រី​ជំនាញ​ក៏​មិន​បាន​បញ្ជាក់​នៅឡើយ​ទេ​ថា ​ការ​យក​ត្រី​ពុល​ងាប់​ទៅ​ធ្វើ​ជា​អាហារ​នោះ តើ​នឹង​អាច​ប៉ះពាល់​សុខភាព​អ្នក​បរិភោគ​ឬទេ​នោះ? គឺ​គ្មាន​ការ​ប្រកាស​ឱ្យ​ដឹង​ទាល់តែ​សោះ ម្ល៉ោះហើយ​អ្នក​ស្រុក​លើកគ្នា​ទៅ​ប្រមូល​ដោយ​គ្មាន​ភ័យ​ខ្លាច ។ សូមបញ្ជាក់ថា ក្នុង​រយៈពេល​២​ថ្ងៃ​ចុង​ក្រោយ​នេះ ត្រី​គ្រប់​ប្រភេទ​បាន​ងាប់​អណ្តែត​នៅ​ក្នុង​ប្រឡាយ​ទឹក​មួយ​ជាប់​រោងចក្រ​ផលិត​ទឹកកក ហើយ​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​នៅ​ភូមិ​អូរ​ច្រនៀង និង​ភូមិ​កំពង់ត្រាច ស្រុក​កំពង់ត្រាច បាន​នាំ​គ្នា​ចុះ​ដងត្រី​ដែល​ងាប់ និង​ត្រី​ពុល​មិន​ទាន់​ងាប់​ជា​ច្រើន​ទៀត​ក្នុង​ប្រឡាយ​ទឹក​មួយ​នេះ ។

តាម​ការ​ឱ្យ​ដឹង​ពី​ក្រុម​កម្មក​រោងចក្រ​ផលិត​ទឹកកក​ក៏​ដូច​ប្រជាពលរដ្ឋ​ដែល​នាំ​គ្នា​មក​ប្រមូល​ត្រី​ងាប់​និយាយ​ថា មុន​ពេល​មាន​ត្រី​ពុល​ងាប់ ប្រឡាយ​ទឹក​នេះ​ក៏​មានទឹក​ពេញព្រៀប ស្រាប់តែ​ព្រឹក​ថ្ងៃ​ទី​១៧ វិច្ឆិកា ទឹក​ប្រឡាយ​នេះ​បាន​ហូរ​ចុះ​ទៅ​ក្នុង​ព្រែក​អស់ ស្រាប់តែ​ត្រី​ក្នុង​ប្រឡាយ​បាន​ចាប់ផ្តើម​ពុល​ងាប់​អណ្ដែត​ទឹកស​សំពោង ។

អ្នក​ភូមិ​មក​ដងត្រី​ពុល​ក្នុង​ប្រឡាយ​ទឺ​ក​និយាយ​ថា កាលពី​ថ្ងៃ​ទី​១៧ វិច្ឆិកា មនុស្ស​ជា​ច្រើន​នាក់ ម្នាក់​ៗ​ដង​ត្រី​ងាប់​ផង ត្រី​កំពុង​ប្រកាច់​ផង​មិន​តិច​ជាង​ពីរ​ទៅ​បី​ធុង​នោះ​ទេ ។នៅ​ព្រឹក​ថ្ងៃ​ទី​១៨ វិច្ឆិកា អ្នក​ភូមិ​នៅ​តែ​បន្ត​ដងត្រី​ងាប់​ក្នុង​ប្រឡាយ​នេះ​ទៀត តែ​ភាគច្រើន​ត្រី​ឆ្លូញ ត្រី​ឆ្លាំង អន្ទុង​ក្នុង​ភក់​ក៏​ងាប់​ដែរ​អណ្តែតត្រសែត​លើ​ផ្ទៃ​ទឹក ។

លោក យន់ វេហា មន្ត្រី​ជលផល​កំពង់ត្រាច​ប្រាប់​ថា លោក​មិន​ទាន់​បានដឹង​រឿង​ត្រី​ពុល​ងាប់​នោះ​ទេ ។ ពាក់ព័ន្ធ​រឿង​ត្រី​ពុល​ងាប់​ក្នុង​ប្រឡាយ​ទឹក​នេះ លោក​កំពុង​ចាត់ការ​ឱ្យ​មន្ត្រី​កសិកម្ម និង​មន្ត្រី​បរិស្ថាន​និង​ស្ថាប័ន​ផ្សេង​ទៀត​ចុះ​ទៅ​ពិនិត្យ​ជាក់ស្ដែង​តើ​បណ្ដាល​មក​ពី​អ្វី​បានជា​ត្រី​ពុល​ងាប់​ច្រើន​យ៉ាងនេះ​ដែល​មិន​ធ្លាប់​មាន ។

ក្រុម​អ្នក​ភូមិ​សង្ស័យ​ថា​ត្រី​ពុល​ងាប់​ពេញ​ប្រឡាយ​ទឹក​នេះ​ ដោយសារ​តែ​រោងចក្រ​ផលិត​ទឹកកក​បង្ហូរ​ជាតិ​ពុល ចេញ​មក​ប្រឡាយ​ទើប​បង្ក​ឱ្យ​មានការ​ពុល​ត្រី​ងាប់​បែប​នេះ ។