Messi មិន​អាច​ប្រៀប​នឹង Pele បាន​ទេ​ព្រោះ​ហេតុផល​សំខាន់​១

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា បន្ទាប់​ពី​មាន​ទំនាស់​បន្តិចបន្តួច​ជាមួយនឹង Lionel Messi លោក Tite ដែល​ជា​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន​បាន​អះអាង​ថា Messi មិន​អាច​យក​ទៅ​ប្រៀបប្រដូច​ទៅ​នឹង​អតីត​ជើង​ខ្លាំង Pele នោះ​ទេ ។

ក្នុង​ការ​ទទួល​ជ័យជម្នះ ១-០ របស់​អា​ហ្ស​ង់​ទី​ន​លើ​ក្រុម​ប្រេ​ស៊ី​ល​ក្នុង​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​កាលពី​ថ្ងៃ​សុក្រ​ស​ប្តា​ហ៍​មុន Tite និង Messi បាន​ទាស់សម្តី​គ្នា​បន្តិចបន្តួច​។ ប៉ុន្មាន​ថ្ងៃ​ក្រោយមក លោក Tite បាន​ឆ្លើយ​តប​ទៅ​នឹង​ការ​ប្រៀបធៀប​រវាង​ប្រធាន​ក្រុម​អា​ហ្ស​ង់​ទី​ន និង​អតីត​ជើង​ខ្លាំង​ប្រេ​ស៊ី​ល Pele ដោយ​ទទូច​ថា សូ​ម្បី​តែ​កីឡាករ​ជួរ​មុខ​របស់ Barcelona ក៏​មិន​បាន​ឈាន​ដល់​កម្រិត​ដែល​កីឡាករ​វ័យ ៧៩ ឆ្នាំ​រូប​នេះ​បាន​ធ្វើ​នោះ​ទេ ។

យោង​តាម​សារព័ត៌មាន Marca លោក Tite បាន​និយាយ​ថា​៖ « Messi ប្រសើរ​ជាង Pele​? អ្នក​ណា​ចង់​ប្រៀបធៀប Pele ជាមួយនឹង​កីឡាករ​ផ្សេង​ទៀត គឺជា​មនុស្ស​មិន​ស្គាល់​ពី​អ្វី​ទាំងអស់​។ Messi គឺជា​កីឡាករ​អស្ចារ្យ តែ​នៅ​ត្រឹម​កម្រិត​មនុស្ស​ប៉ុណ្ណោះ តែ​សម្រាប់ Pele គឺ​លើស​ពី​កម្រិត​របស់​មនុស្ស​»​។

លោក Tite បាន​បន្ត​ថា​៖ «​ខ្ញុំ​មិន​ប្រៀបធៀប​ទេ ព្រោះ​ខ្ញុំ​គឺជា​ជនជាតិ​ប្រេ​ស៊ី​ល​ដូច Pele ដែរ​។ ខ្ញុំ​និយាយ​បែប​នេះ ព្រោះតែ​ខ្ញុំ​បានឃើញ​របៀប​ដែល Pele លេង​។ ប្រសិនបើ​អ្នក​ចង់រក​ឃើញ​ចន្លោះ​ប្រហោង​នោះ គឺ​រក​មិនឃើញ​ទេ​»​។

លើស​ពី​នេះ លោក​បាន​បោះពាក្យ​សម្រាប់ Messi ទៀត​ថា Messi ខ្វះ​ភាព​ទំនាក់ទំនង​ល្អ ព្រោះតែ​គេ​បាន​ប្រាប់​លោក​ឱ្យ​បិទ​មាត់ នៅ​ពេល​ដែល​លោក​តវ៉ា​ឱ្យ​កាត​លឿង នៅ​ក្នុង​ការ​ប្រកួត​រវាង​អា​ហ្ស​ង់​ទី​ន និង ប្រេ​ស៊ី​ល ៕