ក្រុមហ៊ុន General Motors គ្រោងនឹងផលិតរថយន្តអគ្គិសនីថ្មី ហើយមានពាក្យចចាមអារាមដាច់ដោយឡែកទាក់ទងនឹងរថយន្តម៉ូដែល៣ជាពិសេស។ រថយន្តម៉ូដែល Cadillac Escalade ជំនាន់ក្រោយត្រូវបានលេចលឺថា នឹងមានម៉ាស៊ីនអគ្គិសនី ហើយក្រុមហ៊ុន GM គ្រោងនឹងបញ្ចេញនូវរថយន្តភីកអាប់អេឡិចត្រូនិច ដែលអាចជាម៉ូដែល Chevrolet Silverado ឬ GMC Sierra ផងដែរ។ យីហោ Hummer ក៏ត្រូវបានគ្រោងធ្វើឱ្យមានការវិលត្រឡប់ ជារថយន្តអគ្គិសនី ដែលជាផ្នែកមួយនៃការវិនិយោគចំនួន ៣ពាន់លានដុល្លារ របស់ក្រុមហ៊ុន GM ចំពោះរថយន្តអគ្គិសនី។
សារព័ត៌មាន Detroit បានរាយការណ៍ថា យានយន្តអគ្គិសនីថ្មីទាំងបីប្រភេទនេះ គឺ Escalade, Sierra និង Hummer នឹងត្រូវប្រមូលផ្តុំគ្នានៅឯរោងចក្រ Detroit-Hamtramck បើយោងតាមការស៊ើបការណ៍ដែលប្រមូលដោយក្រុមហ៊ុនព្យាករណ៍ឧស្សាហកម្ម LMC Automotive ។
លោក Jeff Schuster អ្នកវិភាគឧស្សាហកម្មនៅក្រុមហ៊ុន LMC ជឿថារថយន្តភីកអាប់ Hummer នឹងចូលផលិតកម្មនៅឆ្នាំ ២០២១ ដោយមានរថយន្តពីរប្រភេទទៀត ដែលផលិតនៅក្នុងឆ្នាំតែមួយ។ រថយន្ត Sierra នឹងចូលផលិតកម្មនៅឆ្នាំ ២០២៣ ប៉ុន្តែ Silverado មិនត្រូវបានលើកឡើងនៅក្នុងរបាយការណ៍នោះទេ។ ក្រុមហ៊ុន GM មិនបានប្រកាសជាសាធារណៈអំពីផែនការរបស់ខ្លួនសម្រាប់រោងចក្រនេះ ដែលដើមឡើយគ្រោងនឹងទុកចោលរហូតដល់ខែមករាឆ្នាំ ២០២០ ។
ជាផ្នែកមួយនៃការចរចារជាមួយសហជីព United Auto Workers រោងចក្រនេះគ្រោងនឹងបើកជាថ្មីជាមួយនឹងការវិនិយោគ ៣ពាន់លានដុល្លាររបស់ក្រុមហ៊ុន GM ដែលនឹងបង្កើតការងារថ្មីចំនួន ២២២៥កន្លែង។ លោក Schuster បាននិយាយថា៖ “វាពិតជាល្អសម្រាប់ទីក្រុង Detroit ហើយរោងចក្រនេះនឹងមិនត្រូវបានបិទទ្វារទៅអនាគតនោះទេ។”
រោងចក្រដំឡើងរថយន្ត Detroit-Hamtramck បច្ចុប្បន្នផលិតរថយន្ត Chevrolet Impala និង Cadillac CT6 ប៉ុន្តែគ្រោងនឹងបញ្ចប់ការផលិតម៉ូឌែលទាំងពីរ ដែលចាប់ផ្តើមពីខែកុម្ភៈឆ្នាំ ២០២០។ នៅឆ្នាំ ២០២៣ ក្រុមហ៊ុន GM នឹងផលិតរថយន្តអគ្គិសនីសរុបចំនួន ២៣ម៉ូដែលដែលក្នុងនោះមាន ៥ គ្រឿង នឹងត្រូវផលិតនៅរោងចក្រ Detroit-Hamtramck៕