Ford Mustang រថយន្ត​អគ្គិសនី​លេច​ចេញ​ជា​រូបរាង​ពេញលេញ​ហើយ

ការ​បង្ហាញ​រូបរាង​របស់​រថយន្ត Ford Mustang ប្រើ​អគ្គិសនី ដែល​មានឈ្មោះ​ថា Mustang Mach-E បាន​ធ្វើ​ឡើង​នៅ​រដ្ឋ​ឡូ​ស​អេ​ន​ជេ​ឡេ​ស ជាមួយនឹង​ព័ត៌មាន​លម្អិត​មួយ​ចំនួន​របស់​រថយន្ត​។ វា​ជា​រថយន្ត​សេ​រ៊ី​ឆ្នាំ​២០២១ ដែល Ford ហៅ​វា​ថា​ជា​ប្រភេទ​រថយន្ត Crossover (​ខុស​ពី​ម៉ូ​ដែល​មុន​ដែល​ហៅ​ថា Muscle Car)​។

Loading...

លោក Bill Ford នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Ford Motor បាន​និយាយ​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ថា​៖ «​នៅ​ក្នុង​ពិធី​តាំងពិព័រណ៍​រថយន្ត Detroit លើក​ដំបូង លោក Henry Ford បាន​និយាយ​ថា​លោក​កំពុងធ្វើការ​លើ​អ្វីមួយ​ដែល​អាច​បើក​បាន​លឿន​ដូច​ផ្លេកបន្ទោរ​» ។ នោះ​ជា​ម៉ូ​ឌែ​ល T​។ ថ្ងៃនេះ​ក្រុមហ៊ុន Ford Motor មាន​មោទនភាព​ក្នុង​ការ​បង្ហាញ​រថយន្ត​ដែល​បើក​ដូច​ផ្លេកបន្ទោរ​រញ្ជួយ​ជា​ថ្មី​ម្តងទៀត​។ ម៉ូ​ទ័​រ​អេ​ឡិច​ត្រូ​និ​ច​ថ្មី ត្រូវ​បាន​បំពាក់​លើ​រថយន្ត​នេះ ដែល​ធ្វើ​ឱ្យ​វា​បើក​បាន​ល្បឿន​លឿន និង ផ្តល់​នូវ​ភាព​រីករាយ​ពេល​បើកបរ​។

បើ​និយាយ​អំពី​ការ​បើកបរ​របស់​វា​វិញ គឺ​កប់​ហើយ​។ វា​មាន​ជម្រើស​ប៉ុង​ក្រោយ និង ប៉ុង​ពីរ ដែល​មាន​អា​គុយ​ជាប់​មក​ជាមួយ​ខុស​ៗ​គ្នា​។ ជាមួយនឹង​ប៉ុង​ពីរ គឺ​គេ​ប្រើប្រាស់​អា​គុយ​ថាមពល​ខ្ពស់​ជាង​។ Mustang ប៉ុង​ពីរ មាន​ថាមពល​៣៣២​សេះ និង កម្លាំង​បង្វិល ៤១៧​ផោន​-​ហ្វី​ត ដែល​អាច​ជាន់​ពី ០​គម​/​ម ទៅ ១០០​គម​/​ម ចំណាយពេល​ត្រឹមតែ ៥​វិនាទី​។ ដូចនេះ​វា​មាន​សន្ទុះ​ដូច​ជា Ford Mustang EcoBoost ដែរ​។ ម៉ូ​ដែល GT វិញ គឺ​អាច​ជាន់​ពី ០​គម​/​ម ទៅ ១០០​គម​/​ម ចំណាយពេល​មិន​ដល់​៤​វិនាទី​។ សម្រាប់​ម៉ូ​ដែល GT Performance វិញ អាច​ប្រណាំង​ជាមួយនឹង GT500 បាន ព្រោះ​វា​អាច​ជាន់​ពី ០​គម​/​ម ទៅ ១០០​គម​/​ម ដោយ​ប្រើ​ពេល​ត្រឹមតែ​៣.៥​វិនាទី​ប៉ុណ្ណោះ​។

Ford និយាយ​ថា​ម៉ូ​ឌែ​ល GT ទាំង​ពីរ​នឹង​ផលិត​កម្លាំង​ប្រហែល ៤៥៩​សេះ និង កម្លាំង​បង្វិល ៦១២​ផោន​-​ហ្វី​ត​។ ដូច្នេះ វា​គ្មាន​បញ្ហា​ចុះ​ល្បឿន​អ្វី​ទេ បើ​ទោះបីជា​ប្រភេទ​រថយន្ត​អគ្គិសនី​ក៏​ដោយ​។ ម្យ៉ាងវិញទៀត ប្រភេទ​ប៉ុង​ពីរ​នឹង​អាច​បើក​បាន ៣៣៧​គម រាល់​ការ​សាក​ថ្ម​ម្តង ខណៈ​ដែល​ប្រភេទ​ប៉ុង​មួយ​អាច​បើក​បាន ៣៧០​គម រាល់​ការ​សាក​ថ្ម​ម្តង​។ សម្រាប់​ប្រភេទ GT វិញ​អាច​បើក​បាន ៣៧៨​គម រាល់​ការ​សាក​ថ្ម​ម្តង​។ ការ​សាក​ថ្ម​ត្រឹមតែ​មួយ​ម៉ោង អាច​ឱ្យ Ford Mustang បើក​បាន ៥០​គម​។ នេះ​គឺ​ពិតជា​អស្ចារ្យ​មែនទែន​៕