អ្នក​ភូត​កុហក​បោក​បញ្ឆោត​គង់​នឹង​វិនាស

នៅ​ក្នុង​សេចក្តី​នេះ​យើង​អាច​បែងចែក​ពាក្យភូតកុហក​និង​បោក​បញ្ឆោត​ជា​ពីរ​ផ្នែក​ឲ្យ​ដាច់​ស្រឡះ​ពី​គ្នា​ដើម្បី​បកស្រាយ​ឱ្យ​ងាយ​យល់ ។

ផ្នែក​ទី​១​គឺ​ពាក្យភូតកុហក ។ ជា​ទូទៅ​ប្រហែលជា​គ្មាន​មនុស្ស​ណា​ម្នាក់​អាច​អួតអាង​ថា​ខ្លួន​មិន​ធ្លាប់​និយាយ​កុហក​សោះ​ក្នុង​មួយ​ជីវិត​នោះ​ទេ ។ មាន​ពេល​ខ្លះ​សំដី​កុហក​ក៏​អាច​ផ្តល់​ប្រយោជន៍​ដល់​អ្នក​និយាយ និង​គ្មាន​មនុស្ស​ណា​មក​ចាប់ទោស​អូស​ដំណើរ​អ្វី​ទេ​ប្រសិនបើ​គេ​ប្រើ​វា​សម្រាប់​ដោះ​ទាល់​ឬ​ការពារ​សុវត្ថិភាព​របស់​ខ្លួន ឬ​សុវត្ថិភាព​មនុស្ស​ដទៃ​នោះ ។

ប៉ុន្តែ​ការ​ពោល​ពាក្យ​កុហក​មួយ​ចំនួន​នឹង​នាំ​ផល​អវិជ្ជមាន​ដល់​ខ្លួន​ផង និង​ដល់​មនុស្ស​ដទៃ​ផង​ដែរ ។ ឧទាហរណ៍ ដូច​ខ្លួន​មិន​ចេះ​អ្វី​សោះ តែ​ពោល​ពាក្យ​អួតអាង​ថា​ចេះ​ចំ​ណេះ​​នេះ ចំណេះ​នោះ ហើយ​យក​ពាក្យភូតកុហក​ទាំងនេះ​ទៅ​បោក​បញ្ឆោត​គេ​ដើម្បី​ប្រយោជន៍​ផ្សេង​ៗ ។ នេះ​គឺជា​ការ​ពោល​ពាក្យ​កុហក​ដែល​បង្ក​ឲ្យ​អ្នក​ដទៃ​កើតក្តី​វិបត្តិ ពិតជា​មិនល្អ​ឡើយ គួរ​លះ​ចេញ ។

ផ្នែក​ទី ២ គឺ​ការ​បោក​បញ្ឆោត ។ ពាក្យ​ថា បោក​បញ្ឆោត គឺជា​សំដី​ដែល​មនុស្ស​ទី​១ ឬ​មនុស្ស​ពួក​មួយ​និយាយ​លួងលោម​មនុស្ស​ទី​២​ឲ្យ​ធ្វើអំពើ​អ្វីមួយ​ដែល​នឹង​មិន​នាំ​ផល​ល្អ ឬ​ឱ្យ​ដល់​នូវ​ក្តី​អន្តរាយ​ដោយ​ប្រការ​ផ្សេង​ៗ ។

ព្រោះហេតុនោះ​បានជា​លោក​ពោល​ថា ភូត​កុហក និង​បោក​បញ្ឆោត​ជា​ហេតុ​នាំ​ឱ្យ​វិនាស​ទាន់ហន់​ក្នុង​ប្រការ​ទី​៥ ។ (ដោយសាន សារិន)