WB៖​គុណភាព​ការងារ​នៅ​កម្ពុជា​កំពុង​មានការ​កែ​លម្អ ប៉ុន្តែ​ចាំបាច់​ត្រូវ​មាន​គោលនយោបាយ​ថ្មី​ៗ​បន្ថែម​ទៀត

រាជធានី​ភ្នំពេញ​៖ ធនាគា​ពិភពលោក (World Bank) បាន​ចេញផ្សាយ​របាយការណ៍​ថ្មី​មួយ​ក្រោម​ចំណងជើង «​អនាគត​ការងារ​នៅ​ប្រទេស​កម្ពុជា តំណ​ភ្ជាប់​ជាមួយ​សេដ្ឋកិច្ច​នា​ពេល​ខាង​មុខ​» ដោយ​និយាយ​ភាព​ចម្រុះ​និង​គុណភាព​នៃ​ការងារ​ដែល​មាននៅ​ក្នុង​ប្រទេស កំពុង​មានការ​កែ​លម្អ​ឱ្យ​ប្រសើរ​ឡើង ប៉ុន្តែ​កម្ពុជា​ចាំបាច់​ត្រូវ​មាន​គោលនយោបាយ​ថ្មី​ៗ ដើម្បី​ទាញ​យក​អត្ថប្រយោជន៍​ពី​ឱកាស​នានា​ដែល​អាច​រកបាន​នៅ​លើ​ទីផ្សារ​ពិភពលោក នា​ពេល​អនាគត​។

Loading...

​បើ​តាម​របាយការណ៍​ធនាគា​ពិភពលោក​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា​ម្សិលមិញ​នេះ​បង្ហាញ​ថា ក្នុង​ចំណោម​ការងារ​ចំនួន ៨​លាន​នៅ​ក្នុង​ប្រទេស​កម្ពុជា មាន ៣៧% ជា​ការងារ​មាន​ប្រាក់​ឈ្នួល​ដែល​ភាគច្រើន​ផ្តល់​ប្រាក់​ចំណូល​ខ្ពស់​គ្រាន់បើ​និង​អត្ថប្រយោជន៍​ការពារ​បន្ថែម​ដល់​កម្មករ​។
​របាយការណ៍​ដដែល​បាន​បញ្ជាក់​ថា «​ប៉ុន្តែ ៦៣%​ទៀត នៅ​តែ​ជា​ការងារ​បែប​ប្រពៃណី​នៅឡើយ​។ ក្នុង​នោះ​មានការ​ងារ​ដាំ​ដុះ​ឬ​អាជីវកម្ម​ជា​លក្ខណៈ​គ្រួសារ​ដែល​មិនសូវ​បាន​ធ្វើ​សមាហរណកម្ម​ចូល​ទៅ​ក្នុង​សេដ្ឋកិច្ច​ទំនើប​ប៉ុន្មាន​ទេ ហើយ​ផ្តល់​ឱ្យ​កម្មករ​នូវ​ប្រាក់​ចំណូល​ទាប​ជាង​»​។

​លោកស្រី អ៊ិ​ន​ហ្គូ​ណា ដូ​ប្រា​ចា ប្រធាន​គ្រប់គ្រង​ធនាគារពិភពលោក​ប្រចាំ​ប្រទេស​កម្ពុជា មាន​ប្រសាសន៍​ថា «​ភាព​ចម្រុះ​និង​គុណភាព​នៃ​ការងារ​នៅ​ក្នុង​ប្រទេស​កម្ពុជា ត្រូវ​បាន​កែ​លម្អ​ឱ្យ​ប្រសើរ​ឡើងជា​បណ្តើរ​ៗ​ហើយ​។ ប៉ុន្តែ និន្នាការ​សកល មាន​ដូច​ជា​ការ​កើនឡើង​នូវ​ចំនួន​របស់​វណ្ណៈ​កណ្តាល​ក្នុង​តំបន់​អាស៊ី បម្រែបម្រួល​លំនាំ​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម និង​ស្វ័យប្រវត្តិកម្ម តម្រូវ​ឱ្យ​កម្ពុជា​គិតគូរ​ឡើង​វិញ​អំពី​យុទ្ធសាស្ត្រ​ការងារ​របស់​ខ្លួន ខណៈ​ដែល​ប្រទេស​នេះ​កំពុង​ឈាន​ឆ្ពោះទៅ​កាន់​ដំណាក់កាល​មួយទៀត​នៃ​ការ​អភិវឌ្ឍ​ផ្អែក​លើ​ការ​នាំ​ចេញ​»​។

​ក្រុមហ៊ុន​ដែល​គ្រប់គ្រង​ដោយ​ជនបរទេស បាន​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការងារ​រួមចំណែក​បង្កើត​ការងារ​មានគុណ​ភាព​ខ្ពស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ មក​ដល់​ឆ្នាំ​២០១៥ មួយ​ភាគ​បី​នៃ​ការងារ​មាន​ប្រាក់​ឈ្នួល​នៅ​កម្ពុជា គឺ​ស្ថិត​នៅ​ក្នុង​ក្រុមហ៊ុន​ដែល​គ្រប់គ្រង​ដោយ​ជនបរទេស​។ ក្នុង​អំឡុង​ឆ្នាំ​២០១០-២០១៥ ឧស្សាហកម្ម​កាត់ដេរ​គឺជា​វិស័យ​មុខរបរ​ដែល​មានការ​រីក​លូតលាស់​យ៉ាង​លឿន​បំផុត ដោយ​បង្កើន​ចំណែក​របស់​ខ្លួន​នៅ​ក្នុង​ការ​បង្កើត​ការងារ​បាន ១,១​ភាគរយ ក្នុង​មួយ​ឆ្នាំ​។

ក្រុមហ៊ុន​ក្នុងស្រុក​មាន​ចំនួន​ច្រើន​ជាង​ក្រុមហ៊ុន​ដែល​គ្រប់គ្រង​ដោយ​ជនបរទេស ប៉ុន្តែ​ពួក​គេ​មិន​បាន​ចូលរួម​ចំណែក​បង្កើត​ការងារ​បាន​ច្រើន​ទេ​។ ក្រុមហ៊ុន​ក្នុងស្រុក​ជួល​កម្មករ​ជា​មធ្យម​៨​នាក់​ក្នុង​មួយ​ក្រុមហ៊ុន បើ​ប្រៀបធៀប​ទៅ​នឹង​១២៤​នាក់ ក្នុង​ក្រុមហ៊ុន​ដែល​គ្រប់គ្រង​ដោយ​ជនបរទេស​។ កង្វល់​ធំ​មួយ​គឺ​នៅ​ត្រង់​ការ​ធ្វើ​យ៉ាងណា​ឱ្យ​ពលករ​កម្ពុជា​មាន​ជំនាញ​ចាំបាច់​ដើម្បី​ពួក​គាត់​អាច​ទៅ​ប្រកួតប្រជែង​ជាមួយ​កម្មករ​មក​ពី​ប្រទេស​ផ្សេង​ទៀត ក្នុង​ការ​ស្វែងរក​ការងារ​ធ្វើ​ក្នុង​ក្រុមហ៊ុន​ដែល​គ្រប់គ្រង​ដោយ​បរទេស​។ នៅ​ឆ្នាំ​២០១៦ ៣៧,៦​ភាគរយ នៃ​ក្រុមហ៊ុននាំចេញ​បាន​ប្រាប់​ឱ្យ​ដឹង​ថា កម្លាំង​ពលកម្ម​ដែល​មានការ​អប់រំ​ជំនាញ​មិន​គ្រប់គ្រាន់ ជា​ឧបសគ្គ​ចម្បង​ដល់​ការ​ធ្វើ​អាជីវកម្ម​។

​របាយការណ៍​នេះ​ស្នើ​ជូន​អនុសាសន៍​បែប​យុទ្ធសាស្ត្រ​៤​ដើម្បី​ធានា​សម្រាប់​ឱ្យ​មានការ​ងារ​ច្រើន​និង​ប្រសើរ​នា​ពេល​អនាគត​៖ ធ្វើ​ពិពិធ​កម្មវិស័យ​នាំ​ចេញ​ឱ្យ​ចូល​ក្នុង​ខ្សែ​ចង្វាក់​តម្លៃ​នៃ​តម្លៃបន្ថែម បង្កើត​បរិយាកាស​ធុរកិច្ច​ក្នុងស្រុក​ដែល​គាំទ្រ​ដល់​ការ​រីក​លូតលាស់​នៃ​ក្រុមហ៊ុន​ក្នុងស្រុក ពង្រឹង​កា​រត​ភ្ជាប់​រវាង​វិស័យ​ការងារ​ក្នុងស្រុក​និង​ការ​នាំ​ចេញ​នៃ​សេដ្ឋកិច្ច និង​ការ​វិនិយោគ​លើ​ជំនាញ​និង​ការ​អប់រំ​នៃ​កម្មករ​។ របាយការណ៍​បាន​លើក​ឡើងជា​គោលនយោបាយ​ជាក់លាក់​ពាក់ព័ន្ធ​ការងារ​ចំនួន ៧ ដែល​អាច​ជួយ​សម្រេច​បាន​យុទ្ធសាស្ត្រ​នេះ​៖ ១-) ធ្វើ​ពិពិធ​កម្មវិស័យ​នាំ​ចេញ​និង​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស ឱ្យ​ចូល​ទៅ​ក្នុង​ខ្សែ​ចង្វាក់​តម្លៃ​នៃ​តម្លៃ​បន្ថែ​ន់​តែ​ខ្ពស់​។ បច្ចុប្បន្ន​នេះ ការងារ​ភាគច្រើន​ៗ​តែ​ស្ថិត​នៅ​ក្នុង​ផ្នែក​ណា​ដែល​មាន​តម្លៃ​ទាប​នៃ​ខ្សែ​ចង្វាក់​តម្លៃ​សកល ។

ការ​កែសម្រួល​ដំណើរការ​ឱ្យ​សាមញ្ញ ការ​ផ្តល់​ការ​លើកទឹកចិត្ត​ដល់​វិនិយោគិន​ប្រទេស និង​ការ​បង្កើត​សេវា​ត្រួតពិនិត្យ​ធានា​គុណភាព នឹង​ជួយ​ជំរុញ​ការ​ធ្វើ​ពិពិធ​កម្ម​នៃ​វិស័យ​នាំ​ចេញ​និង​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស ឱ្យ​ចូល​ទៅ​ក្នុង​ខ្សែ​ចង្វាក់​តម្លៃ​នៃ​តម្លៃបន្ថែម​កាន់តែ​ខ្ពស់ ឬ​ទៅ​ក្នុង​ផ្នែក​ណាមួយ​នៃ​ខ្សែ​ចង្វាក់​តម្លៃ​។ ២-)​សម្រួល​ដំណើរការ​នីតិវិធី​ឱ្យ​រលូន និង​កាត់​បន្ថយ​ចំណាយ​ថ្លៃដើម​លើ​ការ​បង្កើត​និង​ការ​ពង្រីក​សហគ្រាស​ខ្នាត​តូច​និង​មធ្យម ដែល​មាន​សក្តានុពល​ច្រើន​គួរសម​នៅ​ក្នុង​ការ​បង្កើត​ការងារ​។ គោលនយោបាយ​ទាំងនេះ រួម​ទាំង​ការ​កាត់​បន្ថយ​ការ​ចំណាយ​លើ​ធុរកិច្ច​សម្រាប់​ក្រុមហ៊ុន​ក្នុងស្រុក ការ​បង្កើន​ការ​ចូលរួម​របស់​ក្រុមហ៊ុន​ក្នុង​ការ​អភិវឌ្ឍ​ជំនាញ​សម្រាប់​កម្មករ ការ​បង្កើន​ការ​ទទួល​បាន​ហិរញ្ញវត្ថុ​តាម​រយៈ​កម្មវិធី​ជំនួយ​និង​ការ​លើកទឹកចិត្ត​សារពើពន្ធ និង​ការ​ផ្តល់​ការ​គាំទ្រ​ដល់​ក្រុមហ៊ុន​ក្នុង​ការ​ជ្រើសរើស​កម្មករ​។

អនុសាសន៍​បែប​យុទ្ធសាស្ត្រ​បន្ថែម​ទៀត​គឺ ទី ៣-)​ជួយ​ដល់​អាជីវកម្ម​តាម​គ្រួសារ
ឱ្យ​ពង្រីក​ផលិតភាព​របស់​ខ្លួន និង​បង្កើត​ការងារ​កាន់តែ​ល្អ​ឡើង​។ អាជីវកម្ម​តាម​គ្រួសារ ផ្តល់​ការងារ​មួយ​ក្នុង​ចំណោម​ការងារ​ប្រាំ ហើយ​គេ​រំពឹង​ថា​ចំណែក​ការងារ​ក្នុង​អាជីវកម្ម​តាម​គ្រួសារ​នេះ​នឹង​កើនឡើង​ថែម​ទៀត ជាមួយនឹង​ការ​រីក​ចម្រើន​របស់​ទីក្រុង​។ បច្ចេកវិទ្យា​ព័ត៌មាន ឧទាហរណ៍ អាច​ជួយ​អាជីវកម្ម​តាម​ផ្ទះ​ឱ្យ​បង្កើន​គុណភាព​នៃ​ទម្លាប់​អនុវត្ត​ជា​មូលដ្ឋាន​ក្នុង​ការ​ធ្វើ​ធុរកិច្ច​របស់​ខ្លួន និង​សមត្ថភាព​រកបាន​ទីផ្សារ​កាន់តែ​ធំ​។ ៤-)​គាំទ្រ​ការ​អភិវឌ្ឍ​បណ្តាញ​ត​ភ្ជាប់​រវាង​ក្រុមហ៊ុន​វិនិយោគ​ផ្ទាល់​ពី​បរទេស​សម្រាប់​ការ​នាំ​ចេញ និង​ក្រុមហ៊ុន​ផ្គត់ផ្គង់​ធាតុ​ចូល​ក្នុងស្រុក ឧទាហរណ៍ ដោយ​ផ្តល់​ការ​លើកទឹកចិត្ត​ដល់​ក្រុមហ៊ុន​គ្រប់គ្រង​ដោយ​ជនបរទេស​ណា​ដែល​ជាវ​ធាតុ​ចូល​ពី​សហគ្រាស​ខ្នាត​តូច​និង​មធ្យម​ក្នុងស្រុក​យក​ទៅ​ប្រើប្រាស់ ការ​បង្កើត​ជា​បញ្ជី​មួយ​ដែល​ភ្ជាប់​អ្នក​ផ្គត់ផ្គង់​ក្នុងស្រុក​ជាមួយនឹង​សមត្ថភាព​ជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន​បរទេស និង​ការ​បង្កើត​កម្មវិធី​អភិវឌ្ឍ​អ្នក​ផ្គត់​ផ្គង​ក្នុងស្រុក​។

​របាយការណ៍​ដដែល​បាន​បន្ត​ថា​ចំណុច ៥-) កសាង​ប្រព័ន្ធ​អភិវឌ្ឍន៍​ជំនាញ​មួយ​ដែល​នឹង​អាច​ទាក់ទាញ​បានការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ដែល​មាន​តម្លៃ​កាន់តែ​ខ្ពស់ និង​បង្កើន​ផលិតភាព​នៅ​តាម​គ្រប់​ផ្នែក​នៃ​សេដ្ឋកិច្ច​។ កម្លាំង​ពលកម្ម​នៅ​ប្រទេស​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន​នេះ ទទួល​បាន​កម្រិត​អប់​រំជា​មធ្យម​បាន​ត្រឹមតែ​៦,៣​ឆ្នាំ​ទេ​។ អ្នក​ធ្វើ​គោលនយោបាយ​គួរតែ​ផ្តោត​លើ​ការ​ធ្វើ​កំណែទម្រង់​ប្រព័ន្ធ​អប់រំ​សព្វ​ថ្ងៃនេះ ដើម្បី​ជួយ​ពលករ​នៅ​ថ្ងៃស្អែក​(​ថ្ងៃ​ខាង​មុខ​)​ឱ្យ​ទទួល​បាន​ជំនាញ​ច្រើន​មុខ ដែល​ចាំបាច់​សម្រាប់​ធ្វើការ​នៅ​ក្នុង​សេដ្ឋកិច្ច​ដែល​ពឹងផ្អែក​លើ​ចំណេះដឹង​ខ្លាំង ហើយ​ធ្វើការ​ពាក់ព័ន្ធ​សហគ្រាស​នានា​ឱ្យ​ចូលរួម​ក្នុង​ការ​រចនា​រៀបចំ ផ្តល់​ហិរញ្ញប្បទាន និង​ការ​គាំទ្រ​ដល់​ប្រព័ន្ធ​បណ្តុះបណ្តាល បច្ចេកទេស​និង​វិជ្ជាជីវៈ​មួយ ដើម្បី​ជា​ប្រយោជន៍​ដល់​កម្មករ​នា​បច្ចុប្បន្ន​នេះ​។

៦-)​លើកកម្ពស់​ចល័ត​ភាព​នៃ​កម្លាំង​ពលកម្ម​និង​ការ​ផ្គូផ្គង​ជំនាញ​ជាមួយ​ការងារ ឱ្យ​មាន​ប្រសិទ្ធ​ផល​ខ្ពស់ ដោយ​បើក​ឱ្យ​មាន​បណ្តាញ​ផ្លូវការ​សម្រាប់​ការ​ធ្វើ​ចំណាកស្រុក​ជា​អន្តរជាតិ និង​រៀបចំ​កម្មវិធី​គាំទ្រ​នានា​ដែល​លើកទឹកចិត្ត​ដល់​ការ​ធ្វើ​ចំណាកស្រុក​ជា​លក្ខណៈ​វិល​ជុំ និង​តាម​រយៈ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​អំពី​ឱកាស​ការងារ​ទាំង​ក្នុង​និង​ក្រៅប្រទេស​ដល់​និស្សិត អ្នក​ស្វែងរក​ការងារ វិទ្យាស្ថាន​អប់រំ​និង​បណ្តុះបណ្តាល និង​និយោជក ដើម្បី​ឱ្យ​ជម្រើស​ក្នុង​ការ​ភិ​វ​ឌ្ឍ​ជំនាញ​អាច​សម្រប​ខ្លួន​ស៊ីគ្នា​ជាមួយនឹង​តម្រូវការ​ទីផ្សារ​ការងារ​ដែល​កំពុង​មានកា​រវិ​វត្ត​ប្រែប្រួល​។ ៧-)​យក​មក​វិញ​ឱ្យ​បាន​នូវ​ឯករាជ្យ​ភាព​ផ្នែក​ម៉ាក្រូសេដ្ឋកិច្ច និង​អត្រា​ប្តូរ​ប្រាក់​មួយ​ដែល​មាន​ភាព​បត់បែន​។ ដំណើរ​ឡើង​ចុះ​តម្លៃ​ប្រាក់​ដុល្លារ​អា​មេ​រិ​ក​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​វិស័យ​ពាណិជ្ជកម្ម​និង​ទំនិញ​របស់​កម្ពុជា ដែល​ទទួលខុសត្រូវ​លើ​ការ​បង្កើត​ការងារ​ភាគច្រើន​របស់​ប្រទេស​។ នៅ​ពេល​ដែល​ប្រទេស​កម្ពុជា​ចាប់ផ្តើម​នាំ​ចេញ​ទៅ​កាន់​ប្រទេស​នានា​កាន់តែ​ច្រើន ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​និង​សារពើពន្ធ នឹង​ជួយ​ការពារ​ការងារ​ដែល​មាន​ស្រាប់​ពី​កត្តា​នានា​ដែល​ពាក់ព័ន្ធ​ជាមួយ​ប្រាក់​ដុល្លារ​អា​មេ​រិ​ក​។

លោកស្រី វេន​ឌី ខាន់​និង​ហេម សេដ្ឋវិទូ​ជាន់ខ្ពស់ និង​ជា​អ្នកនិពន្ធ​របាយការណ៍ មាន​ប្រសាសន៍​ថា «​ជោគជ័យ​នៃ​យុទ្ធសាស្ត្រ​ការងារ​របស់​ប្រទេស​កម្ពុជា នឹង​អាស្រ័យ​លើ​ការ​ចូលរួម​និង​កិច្ច​សហប្រតិបត្តិការ​របស់​ភាគី​ពាក់ព័ន្ធ​នានា​លើ​គ្រប់​ផ្នែក​នៃ​សេដ្ឋកិច្ច មិនមែន​ត្រឹមតែ​អ្នក​ធ្វើ​គោលនយោបាយ​និង​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គឺ​ទាំង​សហគ្រិន អ្នក​វិនិយោគ ដៃគូ​អភិវឌ្ឍន៍ និង​ជា​ពិសេស គឺ​ពលករ​ខ្លួនឯង តែ​ម្តង​» ៕ កែសម្រួលដោយ ៖ សុឃាក់