វិនិយោគិន​មក​ពី​ខេត្ត​ហូ​ណា​ន ចុះហត្ថលេខា​វិនិយោគ​ទឹកប្រាក់​១,៣​ពាន់​លាន​ដុល្លារ​ជាមួយ​ភាគី​កម្ពុជា

​រាជធានី​ភ្នំពេញ ៖ វិនិយោគិន​មក​ពី​ខេត្ត​ហូ​ណា​ន ប្រទេស​ចិន គ្រោង​នឹង​បណ្ដាក់ទុន​រួម​គ្នា​ជាមួយ​ភាគី​កម្ពុជា ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​១,៣​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក លើ​វិស័យ​នានា​ទៅ​តាម​ជំនាញ​របស់​ពួក​គេ ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុជា កាលពី​ថ្ងៃ​ទី​១៨ វិច្ឆិកា បាន​ឲ្យ​ដឹង​ថា​។

Loading...

ជាក់ស្តែង​នៅ​ថ្ងៃ​ទី ១៩ ​ខែវិច្ឆិកា ២០១៩ នេះ​ដែរ ក្រុម​វិនិយោគិន​ពី​ខេត្ត​មួយ​នេះ ក៏​បាន​រៀបចំ​នូវ​ពិព័រណ៍​ការ​វិនិយោគ និង​ពិធី​ចុះហត្ថលេខា​លើ​គម្រោង​ដែល​នឹង​វិនិយោគ​នៅ​កម្ពុជា ចំនួន​១៥​ផង​ដែរ ។ ​នៅ​ក្នុង​ពិធី​ចុះហត្ថលេខា​ចំនួន​១៥​ចំនុច លោក​ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន ដែល​ធ្វើ​ជា​សាក្សី​នោះ បាន​មាន​ប្រសាសន៍​ថា ទំនាក់ទំនង​រវាង​ប្រទេស​ចិន និង​កម្ពុជា ជា​ពិសេស​យុទ្ធសាស្ត្រ​ខ្សែ​ក្រ​វ៉ា​ត់​មួយ​ផ្លូវ​មួយ របស់​ប្រទេស​បាន​ហុច​ផល​ចំណេញ​ដល់​ប្រទេស​ជា​ដៃគូរ​ជា​ច្រើន ក្នុង​នោះ​ក៏​មាន​ប្រទេស​កម្ពុជា​ផងដែរ ។ ​លោក​រដ្ឋមន្ត្រី​បាន​បន្ត​ថា សម្រាប់​ព្រឹត្តិការណ៍​នៅ​ក្នុងថ្ងៃនេះ លោក​សង្ឃឹមថា នឹង​ធ្វើ​អោយ​កម្ពុជា​ទទួល​បាន​ផល​ចំណេញ ថែម​ទៀត​តាម​រយៈ​ការ​វិនិយោគ​ផ្ទាល់​ពី​ប្រទេស​ចិន និង​អាច​បង្កើន​ទំហំ​ពាណិជ្ជកម្ម រវាង​ប្រទេស​ទាំង​ពីរ​បាន​កាន់តែ​ច្រើន​ផង​ដែរ ។

​លោក​ស៊ុន ចាន់​ថុ​ល បាន​បន្ត​ថា « បច្ចុប្បន្ន​នេះ ចិន​បាន​ឈរ​លំដាប់​ទី​១​រួច​ទៅ​ហើយ ជា​វិនិយោគិន​បរទេស​វិនិយោគ​នៅ​កម្ពុជា ហើយ​សព្វ​ថ្ងៃនេះ ចិន​បាន​កាន់កាប់​ចំណែក​វិនិយោគ​ប្រមាណ ៧០​ភាគរយ​ទៅ​ហើយ​នៃ​វិនិយោគ​ពី​បរទេស ខណៈ​ភ្ញៀវ​ទេសចរ​បរទេស​នៅ​កម្ពុជា​ក៏​ចិន​ដណ្ដើម​បាន​លេខ​១​ផង​ដែរ ជាក់ស្ដែង ក្នុង​ឆ្នាំ​២០១៨ ភ្ញៀវ​ទេសចរ​ចិន​ប្រមាណ​២​លាន​នាក់​បាន​មក​ដល់​ប្រទេស​កម្ពុជា »​។

លោក ទូ ចា​ហាវ លេខា​គណៈកម្មាធិការ​បក្ស​ខេត្ត​ហ៊ូ​ណា​ន និង​ជា​អ្នកដឹកនាំ​ក្រុម​វិនិយោគ​ពី​ខេត្ត​ហ៊ូ​ណា​ន​បាន​មាន​ប្រសាសន៍​ថា ខេត្ត​ហ៊ូ​ណា​ន​ជា​ខេត្ត​ស្រុក​កំណើត​របស់​បិតា​ស្ថាបនិក​ប្រទេស​ចិន លោក ម៉ៅ សេ​ទុង ដូច្នេះ​ប្រជាជន និង​អ្នក​វិនិយោគ​បាន​នាំ​គ្នា​ដាក់​ទុន​វិនិយោគ​នៅ​ក្នុង​ខេត្ត​នេះ​ជា​ច្រើន ដែល​ធ្វើ​អោយ​ខេត្ត​ហ៊ូ​ណា​ន ក្លាយជា​តំបន់​មួយ​ដែល​មានការ​ចាប់អារម្មណ៍​ខ្លាំង​លើ​ការ​វិនិយោគ​មក​ពី​តំបន់​នានា ហើយ​ក៏​បាន​ក្លាយជា​តំបន់​ដែល​ពោរពេញ​ដោយ​សក្ដានុពល​លើ​ការ​ផលិតផល​នូវ​ទំនិញ​នានា ។

ដោយឡែក​លោក​វ៉ាង វិ​ន​ធាន អគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំកម្ពុជា បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា ដោយ​មានការ​ខិតខំ​រវាង​មេដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ បាន​ធ្វើ​អោយ​កម្ពុជា និង​ចិន សម្រេច​បាន​នូវ​សមិទ្ធផល​គួរ​ជា​មោទនភាព​មួយ​ចំនួន ហើយ​បាន​ធ្វើ​អោយ​ប្រទេស​ទាំង​ពីរ ទំនាក់ទំនង​ពាណិជ្ជកម្ម​និង​ទេសចរណ៍​កាន់តែ​ខ្លាំង​ផងដែរ ។ ​លោក​វ៉ាង វិ​ន​ធាន បាន​និយាយ​ថា « នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ កម្ពុជា​និង​ចិន ក៏​នឹង​ធ្វើ​ពាណិជ្ជកម្ម​សេរី​រួម​គ្នា​ផង​ដែរ ហើយ​ចិន​រង់ចាំ​ស្វាគមន៍​ចំពោះ​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​កម្ពុជា ដើម្បី​រឹតចំណង​មិត្តភាព​បន្ថែម​ទៀត »​។

លោក​បាន​បន្ត​ថា ប្រទេស​កម្ពុជា ជា​ប្រទេស​ដ៏​សំខាន់​មួយ​ក្នុង​តំបន់​អាស៊ាន និង​ជា​ប្រទេស​ដែល​ចាំបាច់​ក្នុង​ការ​កសាង​ខ្សែ​ក្រ​វ៉ា​ត់​និង​ផ្លូវ ហើយ​លោក​ជឿជាក់​វិនិយោគិន​ជា​ច្រើន​ទៀត​មក​ពី​ប្រទេស​ចិន ជា​ពិសេស​មក​ពី​ខេត្ត​ហ៊ូ​ណា​ន នឹង​ចូល​មក​បណ្ដាក់ទុន​វិនិយោគ នៅ​កម្ពុជា ដើម្បី​សម្រេច​គោលដៅ រួម​រវាង​ប្រទេស​ទាំង​ពីរ ។ ហើយ​ក្នុង​នាម​ជា​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា លោក​នឹង​ជំរុញ​អោយ​សហគ្រិន​ដែល​ជា​ម្ចាស់​សហគ្រាស​នានា ពី​ប្រទេស​ចិន ចូល​មក​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បន្ថែម ក្នុង​ពេល​ដែល​កម្ពុជា​កំពុង​មាន​សក្ដានុពល​ខ្ពស់​បែប​នេះ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា យោង​តាម​របាយការណ៍​របស់​អាជ្ញាធរ​កម្ពុជា ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​-​ចិន ឆ្នាំ​២០១៧ មាន​ទំហំ​ទឹកប្រាក់​ចំនួន ៥.៥៧៧​លាន​ដុល្លារ ហើយ​ក្នុង​ឆ្នាំ​២០១៨ កើនឡើង​រហូត​ដល់ ៦.៦០០​លាន​ដុល្លារ ។ ចំពោះ​ទំហំ​ទឹកប្រាក់​វិនិយោគ​នៅ​កម្ពុជា ក្នុង​ឆ្នាំ​២០១៧ មាន​ចំនួន ១.៦០០​លាន​ដុល្លារ ហើយ​ឆ្នាំ​២០១៨ មានការ​កើនឡើង​ទ្វេ​ដង​រហូត​ដល់ ៣.៥៩៤​លាន​ដុល្លារ ៕ កែសម្រួលដោយ ៖ សុឃាក់