ឪពុក​ម្តាយ​ជា​ពន្លឺ​របស់​កូន

មាតាបិតា​ជា​អ្នក​នាំ​ផ្លូវ​នាំ​ពន្លឺ​ភ្លឺស្វាង​មក​ឲ្យ​កូន ដែល​ព្រះពុទ្ធ​បាន​លើក​ឪពុក​ម្ដាយ​ដូច​ជា​ទិស​ខាងកើត គឺជា​ទិស​ដែល​ព្រះអាទិត្យ​រះ​ឡើង ដែល​មាន​អត្ថប្រយោជន៍​ជា​អនេក ដោ យ​ព្រះអាទិត្យ​រះ​ឡើង ក៏​បញ្ចេញ​ពន្លឺ​រស្មី​បង្ហាញផ្លូវ​ដល់​មនុស្ស​សត្វ​សព្វ​ទិស ។

ឪពុក​ម្ដាយ​តែង​ឲ្យ​ពន្លឺ​ភ្លឺស្វាង​ដែល​ជា​ចំណេះដឹង​ជា​របស់​កាត់ថ្លៃ​មិន​បាន និង​ប្រាប់​វិធី​ក្នុង​ដំណើរ​ជីវិត​ដល់​កូន​ឱ្យ​មាន​រស្មី ។

ព្រោះហេតុនោះ​ទើប​ព្រះពុទ្ធ​ទ្រង់​សម្ដែង​ឋានៈ​របស់​ឪពុក​ម្ដាយ​ទុក​មក​ថា ៖

១- ជា​ព្រះព្រហ្ម ព្រោះ​ជា​អ្នក​ឲ្យ​កំណើត​ដល់​កូន ជា​អ្នក​កសាង​ជីវិត​ដល់​កូន ជា​អ្នក​ចិញ្ចឹម​កូន និង​ជា​អ្នក​សម្ដែង​លោក​នេះ​ឲ្យ​ដល់​កូន ។

២- ជា​បុព្វាចារ្យ គឺជា​គ្រូអាចារ្យ​ដំបូង​បង្អស់​ដែល​បង្រៀន​តាំង​តែ​ពី ស៊ី ផឹក អង្គុយ ដេក ដើរ និយាយ គឺ​គ្រប់យ៉ាង​ដែល​ប្រើ​ក្នុង​ដំណើរ​ជីវិត ឬ​ជា​មូលដ្ឋាន​ក្នុង​ដំណើរ​ជីវិត​ទៅ​ដោយ​ខ្លួនឯង ។

៣- ជា​អា​ហុ​នេ​យ្យ​បុគ្គល ជា​ពាក្យ​ហៅ​សម្រាប់​ព្រះ​អរិយៈ​ទាំងឡាយ​ក្នុង​សង្គម​ដែល​ចាត់​ទុក​ឪពុក​ម្ដាយ​ជា​ព្រះអរហន្ត​របស់​កូន គឺ​មានគុណ​ធម៌ យ៉ាង​ហោច​ណាស់​ក៏​លោក​មានចិត្ត​បរិសុទ្ធ​ចំពោះ​កូន ស្រឡាញ់​កូន​ដោយ​ពិត ។

ឋានៈ​ទាំង​៣​យ៉ាងនេះ រាប់​ថា​ជា​ប្រការ​សំខាន់​គឺ មួយ​ជា​ព្រះព្រហ្ម ពីរ​ជា​បុព្វាចារ្យ និង​បី​ជា​ព្រះអរហន្ត​របស់​កូន ។ (ដោយសាន សារិន)