កឹ​ម សុខា ៖ ពន្លឺសេរីភាព​នឹង​នាំ​ដល់​ពន្លឺ​នយោបាយ?

ជាមួយនឹង​ស្នាមញញឹម លោក កឹ​ម សុខា បាន​ជួប​ដោយឡែក​ពី​គ្នា​ជាមួយ​ឯកអគ្គរដ្ឋទូត​បារាំង អា​មេ​រិ​ក និង​ជប៉ុន និង​មាន​គម្រោង​ជួប​ទូត​ប្រទេស​ជា​ច្រើន ទៀត​នៅ​គេហដ្ឋាន​របស់​លោក បន្ទាប់​ពី​ការ​ឃុំខ្លួន​នៅ​ក្នុង​មន្ទីរ​រ​ឃុំឃាំង​និង​ក្នុងផ្ទះ​អស់​រយៈពេល​ពីរ​ឆ្នាំ ។

Loading...

ទោះបីជា​លោក​មាន​សេរីភាព​ច្រើន​ជាង​មុន​មែន ប៉ុន្តែ លោក កឹ​ម សុខា និង​គណបក្ស​សង្គ្រោះ ជាតិ នៅ​តែ​ទាមទារ​ឱ្យ​មានការ​លុប​ចោលការ​ចោទប្រកាន់​នឹង​រូប​លោក​ពី​បទ​ក្បត់ជាតិ ហើយ​អាច​ឱ្យ​លោក​មាន​ជីវ​ភាព​​នយោបាយ​ដូច​ដើម​វិញ ។

ការ​សម្រេច​របស់​តុលាការ​កាលពី​ថ្ងៃ​ទី​១០ ខែវិច្ឆិកា​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ជំហាន​ដ៏​វិជ្ជមាន​មួយ ដែល​អាច​ធ្វើ​ឱ្យ​កម្តៅ​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ថមថយ​មក​វិញ​ហើយ​នាំ​ឱ្យ​មានការ​គិត​ថា​វា​អាច​នឹង​មានរឿង​ល្អ​ផ្សេង​ៗ​ទៀត​កើត​មាន​បន្ទាប់​ពី​ការ​សម្រេចចិត្ត​ដោះ​លែង​រូប​លោក​ពី​ការ​ការ​ឃុំខ្លួន​នៅ​ក្នុងផ្ទះ ទោះបីជា​លោក​មិន​អាច​ចេញ​ក្រៅប្រទេស​និង​ធ្វើ​នយោបាយ​ក្តី ។

បន្ត​មក​ទៀត សម្តេច​តេ​ជោ ហ៊ុន សែន ក៏​បាន​សម្រេច​ឱ្យ​មានការ​ដោះ​លែង​អ្នក​កំពុង​ជាប់​ឃុំ​ចំនួន​៧០​នាក់ ដែល​ត្រូវ​ចាត់​ទុក​ថា​ជាប់​ពាក់ព័ន្ធ​នឹង​ផែនការ​របស់​លោក សម រ​ង្ស៊ី ដើម្បីវិល​ត្រឡប់​និង​ផ្តួលរំលំ​រាជរដ្ឋាភិ​បាល​កម្ពុជា ។ ការ​ដោះ​លែង​ក៏​បាន​ចាប់ផ្តើម​ភ្លាម​ៗជា​បន្តបន្ទាប់ ។

ថ្មី​ៗ​ចុង​ក្រោយ​នេះ ចៅក្រម​ស៊ើបសួរ​បាន​បញ្ចប់​ការ​ស៊ើបសួរ ហើយ​ក៏​សម្រេច​បញ្ជូន​សំណុំរឿង​របស់​លោក​កឹ​ម សុខា​ទៅ​ឱ្យ​ចៅក្រម​ជំនុំជម្រះ ។

ឥឡូវ​រូប​លោក​ត្រូវ​ចៅក្រម ស៊ើបសួរ​សម្រេច​ផ្តល់​សេរីភាព​ធ្វើ​ដំណើរ​នៅ​ក្នុង​ប្រទេស​កម្ពុជា ប៉ុន្តែ​ហាម​មិន​ឱ្យ​ចេញ​ទៅ​បរទេស​និង​ហាម​ធ្វើ​នយោបាយ ។ ចំណែក​សហគមន៍​អន្តរជាតិ នៅ​តែ​បន្តទាមទារ​ឱ្យ​ផ្តល់​សេរីភាព​ពេញលេញ​ជូន​ដល់ កឹ​ម សុខា ហើយ​អាច​ឱ្យ​គាត់​ធ្វើ​នយោបាយ​ដូច​ដើម ។

ខណៈ​ដែល​សហគមន៍​អន្តរជាតិ​ទាំងអស់​អាច​មាន​សិទ្ធិ​នៅ​ក្នុង​ការ​បញ្ចេញមតិ​របស់​ពួក​គេ​នោះ កម្ពុជា​បាន​ស្នើ​កុំឱ្យ​មានការ​ជ្រៀតជ្រែក​ការងារ​ផ្ទៃក្នុង​របស់​តុលាការ​កម្ពុជា ។

នៅ​ពេល​ដែល​សំណុំរឿង​របស់ កឹ​ម សុខា បាន​បញ្ជូន​ទៅ​កាន់​ចៅក្រម​ជំនុំជម្រះ​នោះ​សេណា​រី​យ៉ូ​ូ​ពីរ​អាច​នឹង​កើតឡើង ។

សេណា​រី​យ៉ូ​ទី​មួយ តុលាការ​អាច​កាត់ក្តី​អោយ​រូប​លោ​ករូច​ខ្លួន ។ សេណា​រី​យ៉ូ​ទី​ពីរ រូប​លោក អាច​នឹង​ត្រូវ​កាត់ទោស​ឱ្យ​មានទោស​ពី​បទ​ក្បត់ជាតិ​ដូចដែល​បាន​ចោទប្រកាន់ ។ បើសិនជា កម្ពុជាធ្វើ​ដំណើរ​តាម​ផ្លូវ​នេះ វា​ទំនងជា​មាន​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​សម្រាប់​សេដ្ឋកិច្ច​និងនយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ ក្នុង​ករណី​នេះ​រូប​លោក​នឹង​អាច​មាន​សិទ្ធិ​បន្ត​ប្តឹង ឧទ្ធរណ៍​បន្ត​ទៀត ។

ប៉ុន្តែ​បើសិនជា​សាលក្រម​ស្ថាពរ​មួយ​រក​ឃើញ​ថា​លោក មាន​កំហុស និង​ធ្វើការផ្តន្ទាទោស​នោះ​លោក​ក៏​នៅ​អាច​មានឱកាស​ចុង​ក្រោយ​ដើម្បី​ទទួល​បាន​សេរីភាព​ឡើង​វិញ​។ នោះ​គឺ​ការ​លើកលែងទោស​ពី​ព្រះមហាក្សត្រ​ដែល​ជា​ទូទៅ​ត្រូវ​បាន​ធ្វើ​ឡើង​តាម​ការ​ស្នើ​ពី​នាយក​រដ្ឋមន្ត្រី​គឺ​សម្តេច​តេ​ជោ ហ៊ុន សែន ។

ប៉ុន្តែ​តើ​គេ​ត្រូវធ្វើ​យ៉ាងណា​ដើម្បី​អាច​បន្ទន់ចិត្ត របស់​បុរស​ខ្លាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ឱ្យ​លោក​អាច​យល់ព្រម​សរសេរ​លិខិត​ទៅ​កាន់​ព្រះមហាក្សត្រ​ដើម្បី​សុំ​ឱ្យ​ព្រះ​អង្គ​ព្រះ​រាជទាន​ការ​លើកលែងទោស​ជូន​ដល់​លោក កឹ​ម សុខា ?

ការ​សម្រេចចិត្ត​ណាមួយ​ដោយ​តុលាការ​ឬ​ក៏​ដោយ​ព្រះមហាក្សត្រ​ដែល​ឈាន​ដល់​ការ​ផ្តល់​សេរីភាព​ពេញ​លេញ​ដល់​លោក កឹ​ម សុខា នឹង​អាច​ធ្វើ​ឱ្យ​ស្ថានភាព​នយោបាយ​កម្ពុជា​វិល​ត្រឡប់​ទៅ​រកភាព​ប្រក្រតី​ឡើង​វិញ ។ ការ​សម្រេចចិត្ត​នោះ​នឹង​ត្រូវ​សាទរ​ដោយ​សហគមន៍​អន្តរជាតិ ពិសេស​សហភាព​អឺរ៉ុប​និង​អា​មេ​រិ​ក ។

ការ​សម្រេចចិត្ត​នោះ​ក៏​នឹង​អាច​រក្សា​កម្ពុជា​មិនឱ្យ​បាត់បង់​សិទ្ធិ​អនុគ្រោះ​ពន្ធ​នៃ​គម្រោង​អ្វី​ៗ​ទាំងអស់​លើក​លែងតែ​អាវុធ ឬ (Every thing But Arms) ។ សេដ្ឋកិច្ច​កម្ពុជា និង​ការងារ​របស់​កម្មករ​ប្រមាណ​ជិត​១​លាន​នាក់ ក៏​នឹង​មិន​ត្រូវ​រង​ផល​ប៉ះពាល់ ដោយសារ​ការ​បាត់បង់ EBA ។ ចំណែក​ប្រជាធិបតេយ្យ នៅ​កម្ពុជា​នឹង​ត្រូវ​បាន​មើលឃើញ​កាន់តែ​រស់​រវើក​ជាង​មុន ។

កម្ពុជា​ត្រូវ​បាន​ផ្តល់​ពេល​មួយ​ខែ​ចាប់ពី​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ដើម្បី​ឆ្លើយ​តប​នឹង​របាយការណ៍​បឋម​របស់​សហ​ភាព​អឺរ៉ុប​ជំ​ុ​វិញ​បញ្ហា EBA ។ ដូច្នេះ​តុលាការ​កម្ពុជា ប្រហែលជា​នឹង​ត្រូវ ដំណើរការ​រឿង​ក្តី​របស់​លោក កឹ​ម សុខា យ៉ាង​លឿន​ក្នុង​រយៈពេល​មួយ​ខែ​នេះ ដោយ​ពិចារណា​ទៅ​លើ​សារសំខាន់​នៃ​រឿង​ក្តី​នេះ ។

ពី​ពេល​នេះ​ដល់​ចុងឆ្នាំ​២០១៩ នឹង​ក្លាយជា​ពេលវេលា​ដ៏​សំខាន់​សម្រាប់ តាមដាន​សភាពការណ៍​នយោបាយ​នៅ​កម្ពុជា ។ ចំណែក​ដើមឆ្នាំ​២០២០ គឺ​នៅ​ខែកុម្ភៈ នឹង​កា្ល​យ​ជា​ពេលវេលា​ដ៏សំខាន់​ខ្លាំង​ដែល​អាច​ដឹង​ច្បាស់​ពី​ជំហរ​របស់​សហភាព​អឺរ៉ុប​ថា តើ​នឹង​ត្រូវ​បន្ត​គម្រោង EBA ដល់​កម្ពុជា​ឬ​ក៏​ត្រូវ​ព្យួរ​បណ្តោះអាសន្ន ។

ការ​សម្រេច​របស់​តុលាការ ការ​សម្រេច​របស់​ព្រះមហាក្សត្រ​តាម​ការ​ស្នើ​សុំ​ពី​នាយក​រដ្ឋមន្ត្រី និង​ការ​សម្រេច​ចិត្ត​របស់​សហភាព​អឺរ៉ុប​នឹង​មាន​ផល​ប៉ះពាល់​ខ្លាំង​ដល់​អនាគត នយោបាយ និង​សេដ្ឋកិច្ច​កម្ពុជា​ដោយ​មិន​ត្រឹមតែ​សេរីភាព​របស់​លោក​កឹ​ម សុខា មួយ​នោះ​ឡើយ ៕