បើ​សិន​អ្នកមាន​រោគ​សញ្ញា​ទាំងនេះ ច្បាស់​​ជា​ឆ្លង​មេរោគ​ផ្សិត​នៅ​ទ្វារមាស​ហើយ

ជា​ទូទៅ ការ​ឆ្លង​មេរោគ​ផ្សិត​មាន​រោគ​សញ្ញា​ស្រ​ដៀង​គ្នា​ទៅ​នឹង​ជំងឺ​កាមរោគ ដូច​ជា​ការ​រលាក​ទ្វារមាស ការ​រមាស់ ការ​ឈឺ ការ​ក្រហាយ និង​ការ​ហូរ​ទឹករំអិល​។

ការ​ឆ្លង​មេរោគ​ផ្សិត​នេះ ​បង្ក​ឡើង​ដោយ​មេរោគ​ផ្សិត​ម្យ៉ាង​ដែល​គេ​ហៅ​ថា candida albicans ក្នុង​ទ្វា​មាស និង​ផ្នែក​ខាងក្រៅ​ទ្វា​មាស​។ ប៉ុន្តែ​មាន​តែ​គ្រូពេទ្យ​ទេ​ដែល​ជា​អ្នក​ផ្ទៀងផ្ទាត់​ថា​ បញ្ហា​ទាំងនោះ​បង្ក​ឡើង​ដោយ​មេរោគ​ផ្សិត ឬ​អត់​នោះ​។ ទាំងនេះ​គឺជា​សញ្ញា​ទូទៅ​ដែល​អ្នក​អាច​ជា​ជន​រង​គ្រោះ​នៃ​ការ​ឆ្លង​មេរោគ​ផ្សិត​មួយ​នេះ​ដែរ​។

១-ការ​រមាស់​ទ្វារមាស ៖ ជា​ធម្មតា ការ​រមាស់​ទ្វារមាស​នេះ​អាច​នៅ​យូរ ហើយ​វា​អាច​ធ្ងន់ធ្ងរ បើ​មានការ​ឆ្លង​រាលដាល​នៅ​ជុំវិញ​ទ្វារមាស និង​រន្ធ​គូថ​។ ការ​ឈឺចាប់ និង​រមាស់​អាច​ជា​រឿង​ធម្មតា​ក្នុងអំឡុងពេល​នោម​ផង​ដែរ​។

២-ការ​ធ្លាក់ស​ពី​ទ្វារមាស ៖ វា​ជា​ការ​ហូរ​ទឹករំអិល​ពី​ទ្វារមាស​មាន​ពណ៌​ស ដុំ​ៗ​ហើយ​ញឹកញាប់ អ្នក​អាច​មានការ​ឆ្លង​មេរោគ​ផ្សិត​។

៣-រលាក​ទ្វារមាស ៖ បើ​អ្នក​បើកទ្វា​រមាស​មើល​នោះ អ្នក​នឹង​សម្គាល់​ឃើញ​ថា ​វា​ហាក់ដូចជា​រលាក និង​មាន​ពណ៌​ក្រហម​។

៤-ការ​ឈឺចាប់​នៅ​ពេល​នោម ៖ ការ​ឈឺចាប់​នេះ​កើតឡើង​ដោយសារ​ទឹកនោម​មាន​ជាតិ​អាស៊ីត ហើយ​វា​ប៉ះ​នឹង​បរបេ​ទ្វារមាស និង​ជាលិកា​ទ្វារមាស​ដែល​កំពុង​តែ​រលាក​។

៥-ការ​ឡើង​កន្ទួល ៖ ការ​ឆ្លង​មេរោគ​ផ្សិត​នេះ​អាច​បណ្តាល​ឲ្យ​​ហើម​នៅ​កន្លែង​ដែល​មាន​សំណើម​នៅ​ជុំវិញ​ទ្វារមាស​រួម​ជាមួយ​កន្ទួល​ដែល​មានការ​ឈឺចាប់​។

៦-ទ្វារមាស​មាន​ក្លិនឆ្អាប ៖ ការ​ឆ្លង​មេរោគ​ផ្សិត​នេះ​ធ្វើ​ឲ្យ​ធ្លាក់ស​រួម​ជាមួយ​ក្លិនឆ្អាប​យ៉ាង​ខ្លាំង​។

៧-ការ​ឈឺចាប់​ក្នុង​កំឡុង​ពេល​រួម​ភេទ ៖ វា​កើតឡើង​ដោយសារ​ការ​រលាក និង​ហើម​នៃ​ទ្វារមាស (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)