ការ​ប្រកួត​កីឡា​ប៉េតង់​ជើងឯក​ពិភព​លោក​​ចាប់ផ្ដើម​ហើយ​!

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​កីឡា​ប៉េតង់​យុវជន និង​យុវនារី​ពិភពលោក​លើក​ទី​១៧​ បាន​ចាប់ផ្ដើម​ហើយ​កាលពី​ថ្ងៃ​ទី​១៩ វិច្ឆិកា នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក រាជធានី​ភ្នំពេញ ។
លោក ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន និង កីឡា និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង​កម្ពុជា និង​លោក Claude Azema ប្រធាន​សហព័ន្ធ​ប៉េតង់​អន្តរជាតិ​បាន​អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​បើក​ការ​ប្រកួត​នេះ ។

លោក ស សុខា បាន​មាន​ប្រសាសន៍​ថា ក្នុង​នាម​លោក​ជា​ប្រធាន​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា និង​គណៈកម្មការ​ទូទៅ​នៃ​ការ​ប្រកួត​កីឡា​ប៉េតង់​យុវជន និង​យុវនារី​ពិភពលោក​លើក​ទី​១៧ សូម​ថ្លែងអំណរគុណ​ចំពោះ​លោក Claude Azema ប្រធាន​សហព័ន្ធ​អន្តរជាតិ (FIPJP) គណៈកម្មាធិការ​បច្ចេកទេស​អន្តរជាតិ និង​ប្រទេស​ចំនួន​៤៩​ផ្សេង​ទៀត​ដែល​បាន​ផ្តល់​ឲ្យ​យើង​នូវ​ឱកាស និង​ការ​ជឿជាក់​លើ​ពួក​យើង​ឲ្យ​ធ្វើ​ជា​ម្ចាស់ផ្ទះ​ការ​ប្រកួត​នេះ ។ លោក​សូម​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​ប្រតិភូ គ្រូបង្វឹក និង​កីឡាករ​ទាំងអស់​ដែល​មក​ពី​៤៩​ប្រទេស (៨០​ក្រុម​) មក​ផ្ទះ​របស់​យើង ។

ព្រឹត្តិការណ៍​នេះ​បង្ហាញ​ពី​ការ​រីក​ចម្រើន​ជា​វិជ្ជមាន​នៃ​កីឡា​ប៉េតង់​នៅ​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ដែល​ដឹកនាំ​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ដោយ​ឈរ​លើ​មូលដ្ឋាន​សន្តិភាព​ស្ថិរភាព​នយោបាយ និង​វឌ្ឍនភាព​លើ​គ្រប់​វិស័យ​របស់​រដ្ឋាភិបាល តាម​រយៈ​ការ​អនុវត្ត​ដំណាក់កាល​ទី​៤ នៃ​យុទ្ធ សាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ និង​ចក្ខុវិស័យ​នៃ​ទិស​ដៅ​បន្ទាប់​របស់​រដ្ឋាភិបាល​កម្ពុជា​នឹង​ក្លាយជា​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​មាន​ប្រាក់​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០ ។

លោក​បាន​បន្ត​ថា ក្រៅពី​ការ​ឈ្នះ​និង​ចាញ់ ការ​ប្រកួតប្រជែង​នេះ​ផ្តោត​លើ​កិច្ច​សហប្រតិបត្តិការ ការ​ប្រាស្រ័យ ទាក់ទង និង​មិត្តភាព ក្នុង​គោលបំណង​ភ្ជាប់​ទំនាក់ទំនង​រវាង​ប្រជាជាតិ ភាសា និង​សាសនា​ផ្សេង​ៗ​គ្នា​ដើម្បី​ចែករំលែក​ទស្សនៈ​រួម​មួយ​សម្រាប់​ភាព​សុខដុម​នៃ​គ្រួសារ​ប៉េតង់ ។ ប្រទេស​កម្ពុជា​បាន​ក្លាយជា​សមាជិក​នៃ FIPJP ចាប់តាំងពី​ឆ្នាំ​១៩៩៣ ។ រហូត​មក​ដល់​ពេល​នេះ​យើង​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ប្រទេស​មួយ​ដែល​មាន​ឥទ្ធិពល​បំផុត​នៅ​ក្នុង​ការ​ប្រកួត​ប៉េតង់​ទាំង​ក្នុង​តំបន់​និង​អន្តរជាតិ ដោយសារ​តែ​ដណ្តើម​មេដាយមាស ប្រាក់ និង​សំរឹទ្ធ​ជា​ច្រើន ។

លោក ស សុខា បន្ថែម​ថា ប្រទេស​កម្ពុជា​ពិតជា​មាន​កិត្តិយស​ណាស់​ដែល​មានឱកាស​ធ្វើ​ជា​ម្ចាស់ផ្ទះ​សម្រាប់​ការ​ប្រកួត​កីឡា​ប៉េតង់​ពិភពលោក​នេះ​ជា​លើក​ដំបូង ដោយសារ​តែ​ស្នាដៃ​សម្តេច​ក្រឡាហោម ស ខេ​ង និង​សម្តេច​វិបុល​បញ្ញា សុខ អាន បាន​កសាង​គ្រឹះ​រឹង​មាំ និង​ត្រួសត្រាយ​ផ្លូវ​យ៉ាង​រលូន​សម្រាប់​ពួក​យើង​ទាំងអស់​គ្នា ។

ក្នុង​ថា​នៈ​ជា​ម្ចាស់ផ្ទះ កម្ពុជា​ដែល​មាន​កីឡាករ​កីឡា​ការិនី​មាន​សក្ដានុពល​ខ្ពស់​លើ​ប្រភេទ​កីឡា​នេះ បាន​ដាក់​ក្ដី​សង្ឃឹមថានឹង​ប្រជែង​បាន​មេដាយ​ជា​មិន​ខាន​ឡើយ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)