ខេត្តកំពត ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាបានបើករថយន្តមួយគ្រឿងធ្លាក់ចូលក្នុងទឹកត្រពាំងខាងក្រោយផ្ទះ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរនោះនាំគ្នារត់មកមើល និងជួយអន្តរាគមន៍ទាញជនរងគ្រោះចេញពីក្នុងរថយន្តដើម្បីយកទៅសង្គ្រោះដែរ ប៉ុន្តែជាអកុសលជនរងគ្រោះបានឈ្លក់ទឹកស្លាប់បាត់ទៅហើយ ។

ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១និង១៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតនៅចំណុចភូមិត្រពាំងអណ្ដូង ឃុំសត្វពង ស្រុកឈូក ខេត្តកំពត។

ជនរងគ្រោះដែលស្លាប់ឈ្មោះជុង អូ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ ។
សមត្ថកិច្ចចរាចរណ៍ស្រុកឈូកបានឲ្យដឹងថា ជុំវិញករណីគ្រោះថ្នាក់ខាងលើនេះគឺបណ្ដាលមកពីជនរងគ្រោះស្រវឹងស្រា ហើយបាត់ម្ចាស់ការក្នុងការបើកបរ ទើបបណ្ដាលឱ្យធ្លាក់ចូលក្នុងទឹកត្រពាំងឈ្លក់ទឹកស្លាប់យ៉ាងដូច្នេះ។

ក្រោយពីពិនិត្យរួច សមត្ថកិច្ចបានប្រគល់សពជនរងគ្រោះជូនទៅក្រុមគ្រួសារដើម្បីចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី៕ (កែសម្រួលដោយ ៖ ធីតា)