រាជធានីភ្នំពេញ ៖ នៅទីបំផុតតារាសម្តែងលោក អ៊ឹម ជីវ៉ា និងលោក ហេង ឡុង បានបញ្ចប់ជម្លោះក្រៅប្រព័ន្ធតុលាការហើយ បន្ទាប់ពីការផ្សះផ្សាដោយសន្តិវិធី ។ ជម្លោះរបស់អ្នកទាំងពីរ បានឈានទៅដល់ការចាប់ដៃគ្នាវិញ ដែលត្រូវបានគេដឹងថា ដោយសារមានការជួយផ្សះផ្សាពីលោកជំទាវ ហ៊ុន ស៊ីណាត ។
បើយោងតាមការបង្ហោះសារពីលោក អ៊ឹម ជីវ៉ា បានអោយដឹងថា «ខ្ញុំបាទ អ៊ឹម ជីវ៉ា សូមជម្រាបជូនសាធារណជន និងបងប្អូនអ្នកសារព័ត៌មានមេត្តាជ្រាបថា ៖ ក្រោយពីបានជួបជជែកគ្នារវាងខ្ញុំបាទ មេធាវី និងភាគីលោក ហេង ឡុង ក្នុងស្មារតីជាគ្រួសារអ្នកសិល្បៈ ភាគីទាំងអស់បានសម្រេចបញ្ចប់ការយល់ច្រឡំគ្នានាពេលកន្លងមក ដោយសន្តិវិធី ។

ក្នុងន័យនេះផងដែរ ខ្ញុំបាទ សូមធ្វើការបំភ្លឺទាក់ទងនឹងការយល់ច្រឡំគ្នានាពេលកន្លងមក ដូចខាងក្រោម៖
ទី១- កាលពីថ្ងៃទី 15/11/2019 ខ្ញុំបាទប្រកាសលាឈប់ពីសមាគមសិល្បៈ ដោយភ្ជាប់ជាមួយការស្នើសុំឲ្យមានបំភ្លឺចំនួន៩ចំណុច ទាក់ទងនឹងការងាររបស់សមាគម តាមរយៈគណនីហ្វេសប៊ុករបស់ខ្ញុំបាទ ដែលខ្លឹមសារដែលខ្ញុំបាទបាន Post ធ្វើឲ្យមានការយល់ច្រឡំពីសំណាក់បង ហេង ឡុង និងអ្នកបង ចន ច័ន្ទលក្ខិណា ថា ជាការបរិហាកេរ្តិ៍ ការប្រមាថ និងការគំរាមកំហែងហែកកេរ្តិ៍ទៅវិញ ដែលធ្វើឲ្យប៉ះពាល់អារម្មណ៍របស់ពួកគាត់ ដែលជាបុគ្គលស្អាតស្អំ និងខិតខំដើម្បីសិល្បៈនាពេលកន្លងមក ។

ទី២- ខ្ញុំបានយល់ច្បាស់ថា សកម្មភាពបណ្តឹងរបស់បង ហេង ឡុង និងអ្នកបង ចន ច័ន្ទលក្ខិណា គឺជាសកម្មភាពប្រកបសីលធម៌ ដោយមិនមានចេតនាអាក្រក់ណាមួយមកលើខ្ញុំឡើយ ផ្ទុយទៅវិញវាជាសិទ្ធិស្របច្បាប់របស់ពួកគាត់ដែលត្រូវតែធ្វើយ៉ាងចាំបាច់ការពារភាពស្អាតស្អំ ភាពចាស់ទុំ និងកិត្តិយសរបស់សមាគម ហើយខ្ញុំបាទក៏មិនការអាក់អន់ស្រពន់ចិត្តអ្វី ។
ទាក់ទងនឹងសកម្មភាពរបស់ពួកគាត់ឡើយ ដោយខ្ញុំបាទបានយល់ច្បាស់ពីសិទ្ធិរបស់ពួកគាត់ក្នុងនាមខ្ញុំបាទជាបញ្ញាវ័ន្តម្នាក់ដែលបានបញ្ចប់ការសិក្សាបរិញ្ញាបត្រច្បាប់ ផ្ទុយទៅវិញខ្ញុំបាទយល់ឃើញថា វាគឺជាសេក្តីថ្លៃថ្នូរមួយដែលអ្នកសិល្បៈមិនឈ្លោះហែកហួរគ្នាតាមបណ្តាញសង្គម Facebook ។

ទី៣- បើទោះបីជាខ្ញុំបានលាឈប់ពីសមាគមសិល្បៈហើយក្តី ប៉ុន្តែខ្ញុំនៅតែស្រលាញ់រាប់អានបង ហេង ឡុង និងអ្នកបង ចន ច័ន្ទលក្ខិណា ដោយស្មារតីជាគ្រួសារអ្នកសិល្បៈតែមួយ ។
និងក៏សូមថ្លែងអំណរអរគុណដល់អ្នកម្តាយ ហ៊ុន ស៊ីណាត ដែលជាអ្នកម្តាយដែលមានព្រហ្មវិហារធម៌ ដែលបានអោយកូនសម្រុះសម្រួលគ្នា ឈប់តបតគ្នា ត្រូវចេះយោគយល់គ្នា ចេះសាមគ្គីគ្នា ចាប់ពីថ្ងៃនេះតទៅ រស់ក្នុងដំបូលសន្តិភាពតែមួយ ៕ (កែសម្រួលដោយ ៖ បុប្ផា)