ការ​រកស៊ី​របស់​កូរ៉េ​នៅ​កម្ពុជា​អាច​នឹង​កើនឡើង បន្ទាប់​ពី​ទស្សនកិច្ច​របស់​នាយក​រដ្ឋមន្ត្រី

ការ​វិនិយោគ និង​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​កូរ៉េ​អាច​នឹង​មានការ​កើនឡើង​បន្ថែម​ទៀត​ក្រោយ​ទស្សនកិច្ច​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ទៅ​កាន់​ប្រទេស​កូរ៉េ នៅ​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា​ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​សាធារណរដ្ឋ​កូរ៉េ ។

Loading...

ទស្សនកិច្ច​នោះ​នឹង​ក្លាយជា​ឪ​កាស​មួយ​សម្រាប់​កម្ពុជា នៅ​ក្នុង​ការ​ជំរុញ​ពាណិជ្ជកម្ម និង​ការ​វិនិយោគ​របស់​កូរ៉េ​មក​កាន់​ប្រទេស​កម្ពុជា ខណៈ​ដែល​សម្តេច​តេ​ជោ​គ្រោង​នឹង​ជួប​ទ្វេភាគី​ផង​ដែរ​ជាមួយនឹង​លោក មូ​ន ចែ​អ៊ី​ន ប្រធានាធិបតី​កួ​រ៉េ​ខាងត្បូង ។ លោក ផាក ហ៊ឹង ខ្យ​ង់ ឯកអគ្គរដ្ឋទូត​កូរ៉េ​ខាងត្បូង​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​បាន​ប្រាប់​កោះសន្តិភាព​ថា ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​កូរ៉េ​ខាងត្បូង​មាន​តម្លៃ​ជា​ទឹកប្រាក់​១០០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ខ​ណៈ​ដែល​ការ​វិនិយោគ​របស់​កូរ៉េ​ខាងត្បូង នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ចំនួន​៥៨០០​លាន​ដុល្លារ ចាប់តាំងពី​ការ​បង្កើត​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ​តាំងពី​ឆ្នាំ​១៩៩៧​មក ដោយ​ធ្វើ​ឲ្យ​កូរ៉េ​ខាងត្បូង​ក្លាយជា​វិនិយោគិន​ធំ​ជាងគេ​បំផុត ទី​ពីរ​នៅ​កម្ពុជា​បន្ទាប់​ពី​ប្រទេស​ចិន ។

លោក​ទូត​បាន​ឲ្យ​ដឹងផង​ដែរ​ថា សាធារណរដ្ឋ​កូរ៉េ ឬ​កូរ៉េ​ខាងត្បូង ជា​ប្រទេស​ផ្តល់​ជំនួយ​ដ៏​សំខាន់​មួយ​ដល់​កម្ពុជា​ផង​ដែរ ។ កូរ៉េ​ខាងត្បូង​បាន​ផ្តល់​ជំនួយ​ដល់​កម្ពុជា​មាន​តម្លៃ​ជា​ទឹកប្រាក់​រហូត​ដល់​៧០០​លាន​ដុល្លារ ។ ខណៈ​ដែល​កម្មករ​កម្ពុជា​ជាង​៤០០០០​នាក់ កំពុងធ្វើការ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​នោះ​មាន​ជនជាតិ​កូរ៉េ​១៥០០០​នាក់ រស់នៅ និង​រកស៊ី​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​មាន​ក្រុមហ៊ុន​កូរ៉េ​ចំនួន​២៥០​ដំណើរការ​រកស៊ី​នៅ​កម្ពុជា ៕