រញ្ជួយ​ដី​ខ្លាំង​មួយ​ នៅ​ឡាវ​ជិត​ព្រំដែន​ថៃ

ប្រទេស​ឡាវ ៖ វិទ្យាស្ថាន​ភូ​គ​ម្ភ​សាស្ត្រ​អា​មេ​រិ​ក USGS​រាយការណ៍​ថា ការ​រញ្ជួយ​ដី​មួយ​មាន​កម្លាំង​៦,១​រី​ស្ទ័​រ កើត​មាន​កាលពី​ថ្ងៃ​ទី​២១​វិច្ឆិកា​នៅ​ភាគ​ពាយ័ព្យ​ឡាវ​ជិត​ព្រំដែន​ថៃ​។ការ​រញ្ជួយ​ដី​នេះ​កើត​មាន​ក្នុង​ជម្រៅ​រាក់​នា​ថ្ងៃ​ទី​២១​វិច្ឆិកា​វេលា​ម៉ោង​៦​និង​៥០​នាទី​ម៉ោង​ក្នុងស្រុក​។ ការ​រញ្ជួយ​ដី​នេះ​បណ្ដាល​ឲ្យ​មានការ​ញ័រ​រង្គើរ​រហូត​ដល់​រាជធានី​ថៃ​ក្រុង​បាងកក ចម្ងាយ​ប្រមាណ​ជាង​៧០០​គីឡូម៉ែត្រ​ពី​ទីនោះ ខណៈ​សម្ដេច​សង្ឃ​កាតូលិក​ប៉ាប​ហ្រ​ង់​ស្វ័​រ​កំពុង​តែ​បំពេញ​ព្រះរាជ​ទស្សនកិច្ច​មួយ​នៅ​ថៃ​។

លោក​SOPHON CHAILA​អ្នក​ទទួលខុសត្រូវ​ម្នាក់​នៃ​ផ្នែក​ឧតុនិយម​ថៃ​គូសបញ្ជាក់​ថា ការ​រញ្ជួយ​ដី​នេះ​នាំ​ឲ្យ​មានការ​ញ័រ​រង្គើរ​ដល់​ភាគ​ខាងជើង​និង​ភាគ​ឦសាន​ថៃ ព្រមទាំង​នៅ​ក្រុង​បាងកក​។ សម្រាប់​ពេល​នេះ​ពុំ​ទាន់​មាន​ព័ត៌មាន​ពី​ការ​ខូចខាត​នៅ​ថៃ​នៅឡើយ ក្រោយ​ការ​រញ្ជួយ​ដី​នោះ​។ ចំណែក​ប្រជាជន​នៅ​ទីក្រុង​ហាណូយ​រដ្ឋធានី​វៀតណាម​វិញ ក៏​រាយការណ៍​ពី​ការ​ញ័រ​រង្គើរ​ពេល​មានការ​រញ្ជួយ​ដី​នេះ​ដែរ​។ អ្នកក្រុង​ហាណូយ​ម្នាក់​ដែល​លំនៅ​ឋាន​របស់​គេ ស្ថិត​ក្នុង​អគារ​កម្ពស់​២៧​ជាន់​មួយ​និយាយ​ថា បណ្ដា​អំ​ពូ​ល​ភ្លើង​ព្យួរ​នៅ​ជាប់​ពិ​ដាន​មានការ​រង្គើរ​ខ្លាំង​គួរសម​ហើយ​គាត់​មានការ​ភ័យ​ខ្លាច​។

ការ​រញ្ជួយ​ដី​នេះ​កើត​មាន​៣​ម៉ោង​បន្ទាប់​ពី​ការ​រញ្ជួយ​ដី​ដំបូង​កម្លាំង​៥,៧​រី​ស្ទ័​រដែ​ល​កើត​មាន​ក្នុង​តំបន់​នោះ​ដែរ នៃ​ប្រទេស​ឡាវ​ជិត​ទំនប់​វា​រី​អគ្គិសនី​ដ៏​ធំ​នៅ​សា​យ៉ា​ប៊ូ​ួ​រី​តាម​ដង​ទន្លេ​មេ​គ្គង​។​ក្នុង​ពេល​ភ្លាម​ៗ​ពុំ​ទាន់​មាន​ព័ត៌មាន​មក​ពី​ឡាវ​អំពី​ការ​ខូចខាត​ឬ​ជន​រង​គ្រោះ​នៅឡើយ​។

សម្ដេច​ប៉ាប​បាន​យាង​មក​ដល់​ប្រទេស​ថៃ​កាលពី​ថ្ងៃ​ទី​២០​វិច្ឆិកា ជា​ដំណាក់កាល​ដំបូង​នៃ​ដំណើរ​ទស្សនកិច្ច​របស់​ព្រះ​អង្គ​នៅ​អា​ស៊ី មុន​ពេល​យាង​មក​កាន់​ប្រទេស​ជប៉ុន​។ នា​ថ្ងៃ​ទី​២១​វិច្ឆិកា​ព្រះ​អង្គ​ចូល​គាល់​ព្រះមហាក្សត្រ​ថៃ​និង​ជួប​បណ្ដា​អ្នក​ទទួលខុសត្រូវ​នយោបាយ​ថៃ មុន​ពេល​ប្រារព្ធ​ការសូត្រ​ធ​ម៍​ជា​សាធារណៈ​នា​វេលា​ល្ងាច​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)