ម្ចាស់អាជីវកម្មមួយណាក៏ចង់មើលឃើញអាជីវកម្មខ្លួនរីកចម្រើនកាន់តែធំទៗដែរ ប៉ុន្តែផ្នែកមួយទៀតដែលជួយឲ្យម្ចាស់អាជីវកម្មមានអារម្មណ៍ថាជោគជ័យគឺការគ្រប់គ្រងលុយដោយមានប្រសិទ្ធិភាព និងច្បាស់លាស់ ។

យុទ្ធសាស្ត្រចាត់ចែងលុយដែលល្អបំផុតភាគច្រើនកើតចេញពីទម្លាប់ចាត់ចែងលុយរបស់មនុស្ស ។ តើអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភមានទម្លាប់ចាត់ចែងលុយរបស់ខ្លួនយ៉ាងដូចម្តេច? ហើយតើមនុស្សសាមញ្ញដូចយើងអាចរៀនសូត្រពីពួកគេបានយ៉ាងណា?
១. កំណត់គោលដៅដែលជួយជំរុញទឹកចិត្ត៖
អ្នកមាន ឬអ្នកពូកែទុកដាក់លុយភាគច្រើនតែងតែមានផែនការចាយវាយច្បាស់លាស់ដោយមានកំណត់គោលដៅទាក់ទិននឹងលុយសម្រាប់ខ្លួនឯង ។ អ្នកក៏គួរមានគោលដៅច្បាស់លាស់ដែរ និងមើលជារៀងរាល់ថ្ងៃថាអ្នកកំពុងតែដើរទៅតាមទិសដៅនៃគោលដៅរបស់អ្នកឬទេ? ឧទាហរណ៍ដូចជាអ្នកមានគោលដៅកាត់បន្ថយការចាយវាយក្នុងខែនេះប្រមាណ ១០០ដុល្លារ ឬបង្កើនប្រាក់ចំណូលពីអាជីវកម្មប្រមាណ ៥០% ជាដើម ។
២. បែងចែកប្រាក់ចំណាយ និងប្រាក់សន្សំឲ្យបានច្បាស់លាស់៖
ការមិនមានផែនការច្បាស់លាស់ទាក់ទិននឹងប្រាក់ចំណាយ និងប្រាក់សន្សំ គឺជាកំហុសឆ្គងធំជាងគេដែលរាំងស្ទះមិនឲ្យមនុស្សក្លាយជាអ្នកមានបាន ។ បញ្ហាធំជាងគេ គឺមនុស្សភាគច្រើនមិនតាមដានមើលទម្លាប់នៃការចាយវាយរបស់ពួកគេ ។ ពេលដែលអ្នកដឹងច្បាស់ថាអ្នកចាយវាយលើអ្វីខ្លះនោះអ្នកនឹងដឹងថាមានផ្នែកណាដែលអ្នកចាយវាយខ្ជះខ្ជាយដើម្បីកែសម្រួល ។
៣. កាត់បន្ថយហានិភ័យដោយបង្កើនប្រភពចំណូល៖
យោងទៅតាមសៀវភៅ Rich Habits: The Daily Habits of Successful People បានឲ្យដឹងថា ប្រមាណ ៦៥% នៃមហាសេដ្ឋីមានប្រភពចំណូលយ៉ាងតិចក៏ ៣ប្រភពដែរ និង ២៩ ទៀតមានដល់ទៅ ៥ ឬច្រើនជាង ៥ ប្រភពទៅទៀត ។ ការមានប្រភពចំណូលច្រើនមានន័យថា អ្នកអាចរកចំណូលបានច្រើន ហើយក៏មានន័យថាអ្នកអាចកាត់បន្ថយហានិភ័យដែរ ។
៤. តាមដានទីផ្សារឲ្យបានច្បាស់៖
ការស្រាវជ្រាវជាច្រើនបានបង្ហាញថា ក្រុមហ៊ុនថ្មីៗជាច្រើនបានបរាជ័យព្រោះតែពួកគេមិនយល់ច្បាស់ពីតម្រូវការទីផ្សារ ។ ការខ្វះខាតការយល់ដឹងទាំងនេះអាចប៉ះពាល់ទាំងអាជីវកម្មអ្នក និងចំណូលផ្ទាល់ខ្លួនរបស់អ្នក ។ អ្នកដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភមិនដែលមើលរំលងទីផ្សារទេ ដូចជាអត្រាការប្រាក់ជាដើមព្រោះវានឹងប៉ះពាល់ដល់ប្រាក់កម្ចីសម្រាប់បើកអាជីវកម្ម ឬទិញផ្ទះ ៕ កែសម្រួលដោយ ៖ សុឃាក់