រាជធានីភ្នំពេញ ៖ ដោយសារនៅតែឡើងកូដ កីឡាករវ័យក្មេងកម្ពុជា បាង កាយ៉ាក ត្រូវបានគេឲ្យប្រកួតក្នុងនាមជាគូអន្តរជាតិ ក្រោយពីកីឡាកររូបនេះខកខានបង្ហាញមុខនៅសង្វៀនស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥មួយរយៈមកហើយ ដោយសាររវល់ពេក ។ កីឡាករថៃដែលគេស្គាល់ថា ជាជើងខ្លាំងក្នុងពិភពប្រដាល់ឈ្មោះ ឃុំ ផាយ៉ាក គឺជាគូប្រកួត ដែលរូបគេត្រូវប៉ះជាមួយ ។
អ្នកទាំង២នឹងប៉ះគ្នានៅល្ងាចថ្ងៃសៅរ៍ទី២៤ ខែវិច្ឆិកា នៅក្នុងព្រឹត្តិការណ៍ TV5 Knock Out Serie by K-Cement ក្នុងពេលដែលការប្រកួតជើងឯករដូវកាលទី៦នេះ ស្ថិតក្នុងដំណាក់កាលកាន់តែសំខាន់ គឺជាការជម្រុះពី៨នាក់យក៤នាក់ ឆ្ពោះទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។
បាង កាយ៉ាក ដែលជាជើងខ្លាំងឡើងកូដ ត្រូវបានគេចាប់អារម្មណ៍ហួសប្រមាណក្រោយពីមានការប្រកាសថា តម្រូវឲ្យស្វាគមន៍ជើងខ្លាំងមកពីប្រទេសថៃ ឃុំ ផាយ៉ាក ដែលអ្នកណាៗ
ក៏ស្គាល់ថាជាជើងខ្លាំង ធ្លាប់ប្រកួតឈ្នះកីឡាករកម្ពុជាកន្លងមក ។ វត្តមានកីឡាករទាំងកម្ពុជា និង ថៃក្នុងសប្ដាហ៍នេះ មិនថាការប្រកួតជាលក្ខណៈអន្តរជាតិឬការប្រកួតជាលក្ខណៈមិត្តភាពក្នុង ស្រុកនោះទេ ពិតជាធ្វើឲ្យអ្នកស្នេហាកីឡាប្រ ដាល់មានការចាប់អារម្មណ៍ ជាពិសេសគឺវត្តមានបាង កាយ៉ាក ដោយសារតែកីឡាកររូបនេះ ទើបតែឡើងកូដក្ដៅៗ ។
សមាសភាពគូប្រកួតជាលក្ខណៈអន្តរជាតិនេះ ត្រូវបានគេអះអាងថាមានការសម្រាំងយ៉ាង ពិសេស ដើម្បីឲ្យអ្នកទស្សនាកាន់តែកន្ត្រាក់អារម្មណ៍ ក្នុងពេលដែលសប្ដាហ៍នេះគឺជាសប្ដាហ៍ដែលតម្រូវឲ្យអ្នកមានឈ្មោះក្នុងការប្រកួតជ្រើសរើសជើងឯកទាំង៨រូប ប្រកួតជម្រុះយក៤រូប ដើម្បីយកអ្នកឈ្នះទៅបន្តដណ្ដើមជើងឯក ។
លោក សេង កដិកា អ្នករៀបចំការប្រកួតនិយាយថា សមាសភាពខាងកម្ពុជា សម្រាប់ការ ប្រកួតជាមួយថៃ លោកជឿជាក់ខ្លាំងលើកីឡាករ ឃុំ ផាយ៉ាក ដោយសារតែរូបគេគឺជាជើងខ្លាំង ហើយបើទោះជាមិនសូវមានបទពិសោធន៍ច្រើននៅក្នុងការប្រកួតជាអន្តរជាតិកន្លងមក ប៉ុន្តែសមត្ថភាពគេល្អ ។ ម្យ៉ាង មកពីលោកចង់លើក មុខម្ចាស់ពានផង ទើបសម្រេចដាក់ឲ្យប្រកួតជាលក្ខៈអន្តរជាតិ ដើម្បីឲ្យកាន់តែទទួលបាន ការចាប់អារម្មណ៍នៅក្នុងកីឡាប្រដាល់ ។
លោកប្រកាសថា វត្តមានរបស់កីឡាករថៃ ឃុំ ផាយ៉ាក គឺលោកចង់ផ្ដល់ឱកាសឲ្យ បាង កាយ៉ាក ដោយសារតែអ្នកទាំង២សុទ្ធតែមានស្នៀតល្អដូចគ្នា ទើបលោកហ៊ានសម្រេចផ្គូផ្គង បើទោះជាអ្នកគាំទ្រភាគច្រើនថាកីឡាករកម្ពុជារូបនេះ អាចនឹងពិបាកទប់កីឡាករថៃ ព្រោះ គេជាជើងថ្មីក៏ដោយ ។
លោកបានកំណត់ឲ្យកីឡាករកម្ពុជា ហ្វឹក ហាត់ជាប់លាប់មិនតិចជាង១សប្ដាហ៍មុនពេលផ្គូផ្គង ទើបលោកយល់ថាសមត្ថភាពរបស់កីឡាករកម្ពុជារូបនេះ គ្រប់គ្រាន់សម្រាប់ឲ្យស្ថា នីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ដាក់ឲ្យប្រកួតជាលក្ខ ណៈអន្តរជាតិ នៅថ្ងៃសៅរ៍នោះ ។ គូនេះមាន ការចាប់អារម្មណ៍ភាគច្រើន ដោយរំពឹងថានឹងមានអ្នកស្នេហាកីឡាប្រដាល់ជក់ចិត្ត និងចង់ដឹងពីបទពិសោធន៍របស់អ្នកទាំង២នៅពេលប៉ះគ្នា ។
លោក សេង កដិកា បន្តថា ជំនួបជាលក្ខណៈអន្តរជាតិដែលធ្វើឡើងនៅសង្វៀនស្ថានីយ ទូរទស្សន៍ប៉ុស្តិ៍លេខ៥ មិនមែនសុទ្ធតែរន្ថើនព្រឹត្តិការណ៍ជើងឯកឲ្យអ្នកទស្សនាកាន់តែមានអារម្មណ៍កញ្ជ្រោលនោះទេ ប៉ុន្តែសម្រាប់ជំនួបរវាងកីឡាករទាំង២ លោកជឿជាក់ថានឹងកក្រើក
ដោយសារកីឡាករថៃលោកស្គាល់ថ្វីដៃច្បាស់ហើយថាមិនធម្មតា ហើយសម្រាប់កីឡាករកម្ពុជាវិញ ក៏ល្អស្ថិតក្នុងទំនុកចិត្តរបស់លោក តាំងពីមុនផ្គូផ្គង ៕ (កែសម្រួលដោយ ៖ បុប្ផា)