រដ្ឋមន្ត្រី​កសិកម្ម​ ៖ កម្លាំង​ពលកម្ម​ក្នុង​វិស័យ​កសិកម្ម​កាន់តែ​បាត់បង់ ​ខណៈ​វិស័យ​នេះ​នៅសំខាន់​សម្រាប់​សេដ្ឋកិច្ច

130

​រាជធានី​ភ្នំពេញ ៖ ក្នុង​ពេល​វិស័យ​កសិកម្ម​នៅ​តែ​សំខាន់​សម្រាប់​ចំណែក​សេដ្ឋកិច្ចជាតិ​នោះ បែរជា​វិស័យ​នេះ​រង​នូវ​ផល​ប៉ះពាល់​មួយ​គួរ​ឲ្យ​កត់សម្គាល់ នោះ​គឺ​កំលាំង​ពលកម្ម​ក្នុង​វិស័យ​នេះ​បាន​នឹង​កំពុង​ធ្លាក់​ចុះ​ជា​បន្តបន្ទាប់ ។ ទោះបីជា​កំលាំង​ពលកម្ម​ក្នុង​វិស័យ​កសិកម្ម​កម្ពុជា​ត្រូវ​បាន​ថយ​ចុះ​យ៉ាងណា​ក្ដី តែ​ពុំ​មែនមាន​ន័យ​ថា​ធ្វើ​អោយ​វិស័យ​កសិកម្ម​ទាំងមូល​ត្រូវ​ធ្លាក់​ចុះ​នោះ​ដែរ​ទេ ផ្ទុយ​ទៅ​វិញ​វា​នៅ​តែ​រួមចំណែក​សំខាន់​ក្នុង​កំណើនសេដ្ឋកិច្ច ជាក់ស្ដែង​ដូច​ជា​ការ​នាំ​ចេញ​ផលិតផល​កសិកម្ម​ទៅ​កាន់​ទីផ្សារ​ក្រៅប្រទេស​ជាដើម ។

Loading...

ដោយសារ​តែ​វិស័យ​ជា​ច្រើន​ក្នុង​ប្រទេស​កម្ពុជា​បាន​រីក​ដុះដាល បាន​ធ្វើ​អោយកំលាំង​ពលកម្ម​ក្នុង​វិស័យ​កសិកម្ម​មានការ​ថយ​ចុះ​ជា​បន្តបន្ទាប់ ជាក់ស្ដែង​ក្នុង​ឆ្នាំ ១៩៩៣ កំលាំង​ពលកម្ម​សរុប​ក្នុង​វិស័យ​កសិកម្ម​មាន​ប្រមាណ​៨០​ភាគរយ​នៃ​កំលាំង​ពលកម្ម​សរុប និង​បាន​ធ្លាក់​មក​ដល់​ត្រឹម​៥៤​ភាគរយ​ក្នុង​ឆ្នាំ ២០១០ និង​បន្ត​ធ្លាក់​បន្ត​ទៀត មក​នៅ​ត្រឹម​៣៧​ភាគរយ​នៅ​ក្នុង​ឆ្នា ២០១៧ នឹង​បន្ត​ធ្លាក់​នៅ​ត្រឹមតែ​ប្រមាណ​២៥​ភាគរយ​នៅ​ក្នុង​ឆ្នាំ ២០៣០​ខាង​មុខ ។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក​វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ ។

លោក​រដ្ឋមន្ត្រី​បាន​បន្ត​ថា ការ​ធ្លាក់​ចុះ​កំលាំង​ពលកម្ម​នេះ មិនមែន​មាន​ន័យ​ថា​វិស័យ​កសិកម្ម​ធ្លាក់​ចុះ​នោះ​ទេ ថ្វី​ត្បិត​តែ​កំលាំង​ធ្លាក់​ចុះ​មែន ក៏​ប៉ុន្តែ​បាន​ជំនួស​មក​វិញ​នូវ កំលាំង​គ្រឿងយន្ត​កសិកម្ម ដែល​ធ្វើ​អោយ​ការ​បង្កបង្កើន​ផល​របស់​ប្រជា​កសិករ​មាន​ភាព​លឿន​រហ័ស និង​ចំណេញ​កំលាំង​ពលកម្ម​ផង​ដែរ ។ ​លោក​វេ​ង សា​ខុន បាន​បញ្ជាក់​ថា «​ការ​ប្រើប្រាស់​គ្រឿងយន្ត​កសិកម្ម​ក្នុង​វិស័យ​នេះ កាន់តែ​ច្រើន​ឡើង​ៗ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ជាក់ស្ដែង​ក្នុង​ឆ្នាំ ២០១៧​កន្លង​ទៅ​នេះ ការ​រៀបចំ​ដី​ដោយ​គ្រឿងយន្ត​កសិកម្ម​មាន​ប្រមាណ​ជាង​៩០​ភាគរយ នៅ​ឆ្នាំ ២០១៨ មាន​ប្រមាណ​៩៨​ភាគរយ និង​ឆ្នាំ ២០១៩​នេះ ការ​រៀបចំ​ដី​កសិកម្ម​ដោយ​ប្រើប្រាស់​គ្រឿងយន្ត មាន​ប្រមាណ​ជាង​៩៣​ភាគរយ​ផង​ដែរ ។ ក្រៅពី​នោះ ការ​ប្រមូល​ផល​កសិកម្ម​ក៏​បាន​ផ្លាស់​ប្តូរ​ពី​កំលាំង​មនុស្ស​ទៅ​រក​ប្រើប្រាស់​គ្រឿងយន្ត​កសិកម្ម​ផង​ដែរ ជាក់ស្ដែង​ក្នុង​ឆ្នាំ​មុន​នេះ ការ​ប្រើប្រាស់​គ្រឿងយន្ត​កសិកម្ម​សម្រាប់​ប្រមូល​កសិផល​ក៏​មាន​ទំហំ​ធំ​ផង​ដែរ​» ។

លោក​បាន​បន្ថែម​ថា ថ្វី​ត្បិត​តែ​ការ​ធ្វើ​កសិកម្ម​កាន់តែ​ងាយស្រួល​ក៏​ដោយ ក៏​វិស័យ​នេះ នៅ​ជួប​បញ្ហា​ប្រឈម​មួយ​ចំនួន​ផង​ដែរ ដូច​ជា ការ​ផលិត​នៅ​ទាប ,​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​មិន​ទាន់​ឆ្លើយ​តប​ទៅ​នឹង​ត្រូវការ​ទីផ្សារ​យន្តការ​សម្របសម្រួល​ទៅ​នឹង​ការ​នាំ​ចេញ និង​មិន​ទាន់​មាន​ភាព​ប្រទាក់ក្រឡា​និង​បំពេញ​អោយ​គ្នា​បាន ប្រព័ន្ធ​អនាម័យ ភូតគាម​អនាម័យ នៅ​មិន​ទាន់​រឹង​មាំ ប្រព័ន្ធ​ស្រោចស្រព​នៅ​មិន​ទាន់​បាន​ទូលំទូលាយ​នៅឡើយ ។​ម្យ៉ាងវិញទៀត ប្រព័ន្ធ​កសិកម្ម​នៅ​កម្ពុជា ភាគច្រើន​ជា​កសិកម្ម​ខ្នាត​តូច ដែល​តែងតែ​ទទួល​រង​នូវ​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​ពី​ឥទ្ធិពល​បាតុភូត​គ្រោះ​ធម្មជាតិ​នៃ​ការ​ប្រែប្រួល​អាកាសធាតុ ដោយសារ​តែ​ការ​ដាំ​ដុះ​របស់​កសិករ​មួយ​ចំនួន​នៅ​តែ​ពឹងពាក់​លើ​ទឹកភ្លៀង​ជាដើម ។

យោង​តាម​ការ​ព្យាករណ៍​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំ​កម្ពុជា បានអោយ​ដឹង​ថា​ក្នុង​ឆ្នាំ ២០១៩ កំណើន​ផលិតផល​ក្នុងស្រុក​សរុប​របស់​កម្ពុជា​អាច​នឹង​សម្រេច​បាន​៧​ភាគរយ ហើយ​ឆ្នាំ ២០២០ កំនើន​ផលិតផល​ក្នុងស្រុក​សរុប​ប្រមាណ​៦,៨​ភាគរយ ។ ក៏​ប៉ុន្តែ​យោង​ទៅ​តាម​កត្តា​ប្រែប្រួល​អាកាសធាតុ ធនាគារ​អភិវឌ្ឍន៍​ក៏​បាន​បង្ហាញ​ពី​ហានិភ័យ​ចំពោះ​ផល​ប៉ះពាល់​សេដ្ឋកិច្ច​កម្ពុជា​ផង​ដែរ ដូច្នេះ​វា​បាន​បញ្ជាក់​ថា វិស័យ​កសិកម្ម​នៅ​តែ​ជា​កត្តា​សំខាន់​សម្រាប់​ការ​រួមចំណែក​ក្នុង​សេដ្ឋកិច្ច ។

របាយការណ៍​ដដែល​បាន​កត់សម្គាល់ ពី​ហានិភ័យ​ចំពោះ​ផលិតកម្ម ដែល​អាច​រង​ផល​ប៉ះពាល់​ពី​ការ​ប្រែប្រួល​អាកាសធាតុ ។ គ្រោះ​រាំង​ស្ងួត​បាន​អូស​បន្លាយ​ប្រមាណ​ពាក់កណ្ដាល​ឆ្នាំ​ដំបូង បាន​ធ្វើ​អោយ​ផលិតកម្ម​កសិផល និង​ជលផល​បាន​ធ្លាក់​ចុះ និង​បាន​ធ្វើ​អោយ​កំ​ណើ​បាន​ថមថយ​មក​នៅ​ត្រឹម ១,១​ភាគរយ ។

តាម​របាយការណ៍​របស់​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ ក្នុង​រយៈ​១០​ខែ និង​១៥ នៃ​ឆ្នាំ​២០១៩​នេះ ការ​នាំ​ចេញ​ផលិតផល​កសិកម្ម ទៅ​កាន់​ទីផ្សារ​បរទេស​សរុប​មាន​ចំនួន​ប្រមាណ​៥,៤​លាន​តោន ក្នុង​នោះ​កម្ពុជា​ក៏​បាន​នាំ​ចេញ បន្លែស្រស់​របស់​ខ្លួន​ទៅ​កាន់​ទីផ្សារ​ប្រទេស​អឺរ៉ុប ដូច​ជា​ប្រទេស​អង់គ្លេស បារាំង ឆេ​ក​និង ណូ​វែ​ល​ហ្សេ​ឡង់ ៕ កែសម្រួលដោយ ៖ សុឃាក់