លាក់​អាហារ​បរិភោគ​តែ​ម្នាក់ឯង​ក៏​វិនាស

ការ​លាក់​ទ្រព្យ លាក់​អាហារ​ឆ្ងាញ់​មិន​ចែករំលែក​ឱ្យ​អ្នក​មនុស្ស​ដទៃ​បាន​ប្រើប្រាស់ បាន​បរិភោគ​ផង ក៏​ឈ្មោះ​ថា​ជា​ហេតុ​នាំ​ឱ្យ​វិនាស​ទាន់ហន់ ។

តាម​ច្បាប់ធម្មជាតិ សត្វលោក​ទាំងអស់​ខ្វល់ខ្វាយ​នឹង​អាហារ​ខ្លាំង​ណាស់ ពួក​សត្វ​ខ្លះ​ប្រឹង​ស្វែងរក​ចំណីអាហារ​សម្រាប់​ចិញ្ចឹមជីវិត​ត្រឹមតែ​មួយ​ថ្ងៃ​សម្រាប់​មួយ​ថ្ងៃ​តែ​ប៉ុណ្ណោះ ពួក​គេ​មិន​ដែល​ខ្វល់ខ្វាយ​កើប​ប្រមូល​អាហារ​មក​ទុក​សម្រាប់​ថ្ងៃស្អែក​ទេ ។

ចំណែក​ពួក​មនុស្ស​ក៏​ជា​សត្វ​ត្រូវការ​ចំណីអាហារ​ដូច​ជា​សត្វ​ដទៃ​ដែរ តែ​មនុស្ស​មាន​ប្រាជ្ញា​ចេះ​រក្សាទ្រព្យ ប្រមូល​ចំណីអាហារ​មក​លាក់​ទុក​សម្រាប់​បរិភោគ​នៅ​ថ្ងៃក្រោយ​ទៀត ។ ល្បិច​រក​ទ្រព្យ រក​អាហារ​នេះ​កើត​មាននៅ​ក្នុង​ខួរក្បាល​មនុស្ស​ចាប់តាំងពី​ពេល​ពូជ​មនុស្ស​ដំបូង​ៗ​ដែល​ដើរ​ស្វែងរក​ចំណីអាហារ​បាន​មក​យ៉ាង​លំបាកលំបិន​ម្ល៉េះ ។

សូ​ម្បី​មក​ដល់​សម័យ​ទំនើប​នេះ​ដែល​ងាយ​រក​ទ្រព្យ​រក​ចំណីអាហារ​ក៏​ដោយ ក៏​មនុស្ស​បន្ត​កើប​ប្រាក់​ប្រមូល​ចំណីអាហារ​លាក់​ទុក​សម្រាប់​តែ​ខ្លួនឯង ឬ​ក្រុម​គ្រួសារ​របស់​ខ្លួន​ដដែល គឺ​មិន​បាន​គិតគូរ​ដល់​អ្នក​ដទៃ​ឡើយ ។

ឯ​អ្នកបួស​ខ្លះ​ក៏​មាន​ល្បិច​លាក់​អាហារ​ទុក​មិន​ចែករំលែក​ឲ្យ​កូនសិស្ស​នៅ​ក្នុង​វត្ត​អារាម​អាច​ទទួលទាន ហើយ​មាន​ពេល​ខ្លះ​អាហារ​នោះ​ក៏​ហួស​ថ្ងៃ​កំណត់​ដែល​អាច​ទទួលទាន​បាន ឬ​ផ្អូម​ស្អុយ​ខូច​មិន​អាច​បរិភោគ​បាន​ក៏​យក​ចេញ​មក​ប្រគល់​ឲ្យ​កូនសិស្ស ។ ទ​ង្វើ​បែប​នេះ​គឺជា​អំពើ​ដ៏​ថោកទាប​ដែល​មនុស្ស​មិន​គួរ​នឹង​បន្ត​ធ្វើ​តទៅ​ទៀត​ឡើយ ។

បើ​ថ្ងៃនេះ​យើង​មានទ្រព្យ មាន​ចំណីអាហារ​ទទួលទាន​បរិបូណ៌​ហើយ យើង​គួរ​ចែករំលែ​ក​ឲ្យ​មនុស្ស​ដទៃ​បាន​ប្រើប្រាស់ បាន​បរិភោគ​ដូច​យើង​ផង ពួក​គេ​នឹង​សប្បាយ​រីករាយ​ជា​មួយនឹង​យើង ។ ថ្ងៃក្រោយ​នៅ​ពេល​ពួក​គេ​មានទ្រព្យ មាន​ចំណី​ឆ្ងាញ់ ពួក​គេ​នឹកឃើញ​អំ​ពើ​ល្អ​របស់​យើង ពេល​នោះ​ពួក​គេ​ក៏​នឹង​ចែកទ្រព្យ​ចែក​ចំណី​ឆ្ងាញ់​ជាមួយ​យើង​ដែរ ។ (ដោយសាន សារិន)