កុំ​គិតតែ​ពី​ប្រយោជន៍​បច្ចុប្បន្ន

មនុស្ស​យើង​មិន​អាច​ដំអក់​នៅ​តែ​ក្នុង​ប្រយោជន៍​បច្ចុប្បន្ន ដែល​ជា​ឈ្នាន់​ថ្នាក់​ក្រោម​ប៉ុណ្ណោះ​ទេ គឺ​ត្រូវ​តែ​សាង​ប្រយោជន៍​បរលោក​ថែម​ទៀត​ផង​ទើប​ប្រពៃ ព្រោះ​យើង​មិនមែន​រស់នៅ​តែ​ជាមួយនឹង​ជីវិត​បច្ចុប្បន្ន​នេះ​ឯណា មិនយូរ​ប៉ុន្មាន​ទៀត​ទេ​នឹង​ត្រូវ​ស្លាប់​អស់​ទៅ​ហើយ ។

ម្យ៉ាងទៀត​បើ​តណ្ហា​នៅ​មាន​ប្រាកដជា​នឹង​មាន​ជាតិ​ថ្មី​ក្នុង​លោក​ខាង​មុខ​ៗ ទៀត​មិន​ខាន ហើយ​អ្វី​ជាដើម​ទុន​សម្រាប់​ជាតិ​ថ្មី​នោះ មាន​តែ​បុណ្យ​កុសល​នេះឯង ។

នៅ​ក្នុង​គម្ពីរ​ធម្មបទដ្ឋកថា​ព្រះ​សម្ពុទ្ធ​ទ្រង់​ត្រាស់​នឹង​ទីឃ​ជា​ណុ​មាណព​អំពី​ប្រយោជន៍​ក្នុង​បរលោក​ថា​មាន​៤​ប្រការ​គឺៈ

១- សទ្ធា​សម្បទា ដល់​ព្រម​ដោយ​សទ្ធា ។

២- សីលសម្បទា ដល់​ព្រម​ដោយ​សីល ។

៣- ចាគ​សម្បទា ដល់​ព្រម​ដោយ​ការ​បរិច្ចាគ​ទាន ។

៤- បញ្ញា​សម្បទា ដល់​ព្រម​ដោយ​បញ្ញា ។

សម្បទា​ទាំង​៤​យ៉ាងនេះ​ជា​កិច្ច​ដែល​អ្នក​កាន់​ព្រះពុទ្ធ​សាសនា​គួរ​ដល់​ព្រម​ដើម្បី​ជា​ប្រយោជន៍​ក្នុង​លោក​នេះ​ផង​និង​លោក​ខាង​មុខ​ផង ។ (ដោយសាន សារិន)