ខេត្តព្រះសីហនុ ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា មានអគ្គីភ័យនៅម្តុំជិតតោ២ ក្រុងព្រះសីហនុ នៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២១ វិច្ឆិកានេះ បណ្ដាលឲ្យរថយន្តមួយគ្រឿងនិងម៉ូតូ២គ្រឿងរងការខូចខាតស្ទើរទាំងស្រុង ។

ភ្លាមៗនោះលោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ លោកអភិបាលក្រុងបានអញ្ជើញចុះផ្ទាល់ ដើម្បីដឹកនាំការពន្លត់ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់នគរបាល និងកងរាជអាវុធហត្ថ។
ជុំវិញករណីអគ្គីភ័យនេះផងដែរ សមត្ថកិច្ចបញ្ជាក់ថា គឺផ្តើមចេញពីទុស្សេខ្សែភ្លើង ហើយធ្លាក់អណ្ដាតភ្លើងលើកកម្ទេចសំរាមរបស់សណ្ឋាគារដែលកំពុងរៀបចំត្រៀមនឹងបើកសម្ពោធជាផ្លូវការ នៅថ្ងៃទី២២នេះ ។

ប្រភពសមត្ថកិច្ចដដែលបានបង្ហើបឲ្យដឹងថា ក្នុងករណីអគ្គីភ័យនេះ បានបង្កឲ្យខូចខាតរថយន្តចំនួនមួយគ្រឿង និងម៉ូតូចំនួន ២គ្រឿង ។ ចំពោះយុទ្ធនាការនៃការជួយសង្គ្រោះនេះផងដែរ សមត្ថកិច្ចបានប្រើរយៈពេល ៣០នាទី ទើបគ្រប់គ្រងស្ថានការណ៍ទាំងស្រុងបានដោយប្រើរថយន្តចំនួនពីរគ្រឿង មកពីអង្គភាពនគរបាលចំនួនមួយគ្រឿង និងអង្គភាពកងរាជអាវុធហត្ថខេត្តមួយគ្រឿងផងដែរ ។

ប៉ុន្តែបើទោះបីជាមានការសន្និដ្ឋាន និងវាយតម្លៃជំហានដំបូងពីសមត្ថកិច្ចយ៉ាងណាក្តីមានប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍បានខ្សឹបខ្សៀវប្រាប់បណ្ដាញសារព័ត៌មានថា អគ្គីភ័យនេះ បណ្ដាលមកពីជនជាតិចិនម្ចាស់ការដ្ឋាននាំគ្នាដុតកាកសំណល់សំណង់ និងសំរាមខ្វះការប្រុងប្រយ័ត្ននៅខាងមុខអគារដែលជិតសម្ពោធ បណ្តាលឲ្យរាលឆេះខូចខាតរថយន្តមួយគ្រឿង ប៉ុន្តែមិនមានមនុស្សរងគ្រោះថ្នាក់ទេ ៕ កែសម្រួលដោយ ៖ សុឃាក់



