រាជធានីភ្នំពេញ ៖ សហរដ្ឋអាមេរិកបានបង្ហាញជំហរគោរពអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា និងមិនមានការគាំទ្រឲ្យមានការផ្លាស់ប្តូររបបនៅក្នុងប្រទេសកម្ពុជានោះទេ ។ នេះ បើតាមការបញ្ជាក់របស់ប្រធានាធិបតីដូណាល់ត្រាំ ។ ក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីរសៀលថ្ងៃទី២១ វិច្ឆិកា នៅវិមានសន្តិភាព ។

លោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាបាននាំយកនូវលិខិត០២ របស់លោក Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិកផ្ញើជូនចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រីដែលលិខិតទី០១ ស្ដីអំពីទំនាក់ទំនង និងសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងកម្ពុជា ដែលសហរដ្ឋអាមេរិកមានបំណងពង្រឹង និងធ្វើឲ្យកាន់តែប្រសើរឡើងនូវទំនាក់ទំនងដែលប្រទេសទាំងពីរមានជាយូរលង់មកហើយ ដែលក្នុងនោះ គឺមានកិច្ចសហប្រតិបត្តិការជាមួយគ្នាជាច្រើនវិស័យ ។
យោងតាមបណ្តាញសង្គមហ្វេសប៊ុក សម្តេចតេជោបានឲ្យដឹងថា ក្នុងលិខិតពីសេតវិមានវ៉ាយហៅស៍ ( White House) ដែលចុះហត្ថលេខាដោយលោកប្រធានាធិបតី Donald Trump គឺបាន បញ្ជាក់ច្បាស់អំពីជំហរយ៉ាងដូច្នេះថា«សហរដ្ឋអាមេរិកដោយមានការប្ដេជ្ញាខ្ពស់ក្នុងការគាំទ្រដល់ប្រទេសកម្ពុជា ជាពិសេសគោរពអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា និងមិនមានការគាំទ្រឲ្យមានការផ្លាស់ប្តូររបបនៅក្នុងប្រទេសកម្ពុជានោះទេ ។
ជាពិសេសទៀតនោះ គឺសហរដ្ឋអាមេរិក និងជួយការពារអធិបតេយ្យភាពកម្ពុជាផងដែរ ហើយសហរដ្ឋអាមេរិកបន្តជួយកម្ពុជាឲ្យមានប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុរឹងមាំ ប្រកបដោយតម្លាភាព ទប់ស្កាត់ការលាងលុយកក្វក់ដែលធ្វើឲ្យប៉ះពាល់ដល់ប្រទេសជាតិ ព្រមទាំងជំនួយបច្ចេកទេសជាច្រើនទៀត ដែលកម្ពុជាត្រូវការ គឺសហរដ្ឋអាមេរិកជួយ ដើម្បីជំរុញមិត្តភាព និងកិច្ចសហការឲ្យកាន់តែល្អនឹងជឿទុកចិត្តគ្នាទៅវិញទៅមកកាន់តែខ្លាំង« ។
ចំណែកលិខិតទី២ គឺលោកប្រធានាធិបតី Donald Trump គោរពអញ្ជើញសម្តេចតេជោ ហ៊ុន សែន អញ្ជើញ ចូលរួមប្រជុំកំពូលពិសេសរវាងសហរដ្ឋអាមេរិក និងអាស៊ាននៅលើទឹកដីសហរដ្ឋក្នុងឆមាសទី១ ក្នងឆ្នាំ២០២០ខាងមុខនេះ ។
ជាឆ្លើយតបសម្ដេចតេជោនាយករដ្ឋមន្ត្រី បានគាំទ្រគំនិតផ្ដួចផ្ដើមរបស់លោកប្រធានាធិបតី Donald Trump ហើយសម្តេចតេជោបានចាត់ទុកថា ជាកិច្ចប្រជុំដ៏សំខាន់ដែលអាស៊ាន និងសហរដ្ឋអាមេរិកមានកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីផលប្រយោជន៍ទាំងសងខាងរវាងអាមេរិក និងអាស៊ាន ។ សម្ដេចតេជោនឹងពិភាក្សាជាមួយនឹងប្រមុខដឹកនាំប្រទេសអាស៊ានផ្សេងៗទៀត ក្នុងការគាំទ្រអាមេរិក និងអាស៊ាន ដើម្បីធ្វើយ៉ាងណាឲ្យកិច្ចប្រជុំកំពូលនេះឲ្យបានល្អប្រសើរ ។
សម្តេចគិតថា នេះជាយុទ្ធសាស្ត្រធ្វើឲ្យអាស៊ាន-សហរដ្ឋអាមេរិក កាន់តែជិតស្និទ្ធបន្តមានភាពរីកចម្រើន និងផ្ដល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមកកាន់តែច្រើនឡើង ។ នៅក្នុងជំនួបនេះផងដែរ លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកក៏បានចូលរួមរំលែកនូវព្រះមរណទុក្ខចំពោះការយាងសោយទីវង្គតរបស់សម្ដេចរាជបុត្រី ព្រះរៀមនរោត្តម បុប្ផាទីវី ដែលព្រះអង្គបានចូលរួមលើកស្ទួយវិស័យវប្បធម៌ជាច្រើន របស់ប្រទេសកម្ពុជានោះ ហើយបានយាងសោយទិវង្គតកាលពីថ្ងៃទី១៨ វិច្ឆិកាកន្លងទៅនេះ ។
ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានអរគុណសហរដ្ឋអាមេរិកដែលបានគាំទ្រប្រទេសកម្ពុជាតាំងពីកម្ពុជាមិនទាន់ទទួលបានឯករាជ្យក្នុងឆ្នាំ១៩៥៣ មកម្ល៉េះ ។ នេះ គឺបង្ហាញពីចំណងមិត្តភាព និងសហប្រតិបត្តិការល្អជាមួយគ្នា ដែលមានរយៈពេលយូរលង់មកហើយ ។ ទន្ទឹមនឹងនេះដែរសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីក៏បានអរគុណដល់លោកឯកអគ្គរដ្ឋទូតសហរដ្ឋ អាមេរិកដែលបាននាំយកលិខិត២ច្បាប់របស់លោកប្រធានាធិបតី Donald Trump ទាក់ទងទៅនឹងទាក់ទងទៅនឹងការបង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ និងលិខិតអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាមេរិកអាស៊ាន ២០២០ ៕ កែសម្រួលដោយ ៖ សុឃាក់