មនុស្ស​បច្ចុប្បន្ន​ពពាក់ពពូន​តែ​នឹង​បញ្ច​កាម

សកលទ្វីប​បាន​ក្លាយទៅជា​លោក​ដែល​មាន​កម្តៅ​ទាំង​មនុស្ស​ទាំង​សត្វ​ទាំង​សកល​ធាតុ​ក៏​ព្រោះតែ​មនុស្ស​ក្នុង​ពិភពលោក​នាំ​គ្នា​ស្ទាបអង្អែល​នូវ​បញ្ចកាមគុណ នាំ​គ្នា​បម្រើ​សេច​ក្តី​រីករាយ​សប្បាយ ប្រកបដោយ​ចិត្ត​ពោរពេញ​ទៅ​ដោយ រាគៈ ទោសៈ មោហៈ លើស​ពី​សម័យ​មុន​ៗ ។

បច្ចុប្បន្ន​មនុស្ស​បាន​នាំ​គ្នា​ខ្វល់ខ្វាយ ពពាក់ពពូន ជំពាក់ជំពិន​តែ​នឹង​កាមគុណ​ដែល​ជា​អំពើ​ដុត​កម្តៅ​ខ្លួនឯង​ពោរពេញ​ទៅ​ដោយ រាគៈ ទោសៈ មោហៈ ពេញបន្ទុក ហើយ​ក៏​នាំ​គ្នា​ថ្ងូរ នាំ​គ្នា​ជូរ​ចត់​ក្នុង​ជីវិត​របស់​ខ្លួន គេ​នាំ​គ្នា​បង្កើន​កិលេស​របស់​ខ្លួន​ឱ្យ​លុះ​ក្នុង​អំណាច​នៃ​ការ​ត្រេកត្រអាល ។

លើស​ពី​នេះ​ទៀត មនុស្ស​ម្នាក់​ៗ តែង​មានការ​ប្រកាន់​យក​នូវ​របស់​មិន​ទៀង ជា​ទុក្ខ ជា​អនត្តា ថា​ជា​របស់​ទៀង ជា​សុខ ជា​អត្តា ។ ប៉ុន្តែ​ការ​ប្រកាន់​របស់​អ្នក​ទាំងនោះ​លទ្ធផល​ចុង​ក្រោយ គឺ​សំណើច​លាយ​ទំនួញ សម្អប់​លាយ​ស្រឡាញ់ សម្លូត​លាយ​កំណាច ដែល​ផ្លាស់​ប្តូរ​គ្នា​ទៅ​វិញ​ទៅ​មក​ឥត​ឈប់​ឈរ ស្ថិត​ក្រោម​លក្ខណៈ​ដុត​បំផ្លាញ​ខ្លួនឯង​ដោយ​វិធី​ផ្សេង​ៗ យ៉ាង​គួរ​ឲ្យ​សង្វេគ ។

ដូច​ពុទ្ធភាសិត​បាន​លើក​ឡើង​ថា មិន​មាន​ភ្លើង​អ្វី​ក្តៅ​សើ្ម​ដោយ​រាគៈ មិន​មាន​ចង្រៃ​អ្វី​ឲ្យ​ទោស​ស្មើដោយ​ទោសៈ មិន​មាន​អវិជ្ជា​អ្វី​សើ្ម​ដោយ​មោហៈ ។

តាម​ភាសិត​ខាងលើ​នេះ ស្តែង​ឲ្យ​យើង​ឃើញ​កាន់តែ​ច្បាស់​ថា សូ​ម្បី​តែ​ភ្លើង​ពិត​ៗ ក៏​មិន​អាច​មាន​កម្តៅ​ស្មើដោយ​ភ្លើងរាគៈ ។ ដូច្នេះ នរក​ក្នុង​លោក​នេះ គឺជា​នរក​កាច​សាហាវ​ជាង​នរក​ស្រុក​ខ្មោច ទៅ​ទៀត ។ (ដោយសាន សារិន)