តាមប្រភពព័ត៌មាន Legit បានឱ្យដឹងថា អ្នកប្រដាល់អាមេរិចចូលនិវត្តន៍ Floyd Mayweather បានបញ្ជាក់យ៉ាងច្បាស់ថា គាត់នឹងមិនវិលមកសង្វៀនវិញទេ សម្រាប់ការប្រកួតសងសឹកជាមួយ Manny Pacquiao។
ចាប់តាំងពីគាត់ផ្តួល Conor McGregor ក្នុងទឹកទី១០ ក្នុងឆ្នាំ ២០១៧ Floyd Mayweather មិនបានឡើងប្រកួតជាមួយនរណាទៀតទេ។ មានការសន្និដ្ឋានថា Floyd Mayweather អាចវិលចូលប្រដាល់អាជីពវិញបាន ២ឆ្នាំបន្ទាប់ពីឈប់ពីការងារ។ ប៉ុន្តែបុរសវ័យ ៤២ ឆ្នាំរូបនេះបានច្រានចោលការលើកឡើងនេះ ដោយនិយាយថា ពេលនេះគាត់រកលុយបានច្រើនជាងកីឡាករ ដែលកំពុងនៅប្រកួតលើសង្វៀន។

កីឡាករសំបូរលុយរូបនេះបានលើកឡើងថា៖«ខ្ញុំបានទទួលការហៅឱ្យត្រលប់ចូលសង្វៀនវិញ ប៉ុន្តែសុខភាពរបស់ខ្ញុំគឺជាទ្រព្យសម្បត្តិរបស់ខ្ញុំ។ ប្រដាល់គឺជាកីឡាដែលសាហាវ និង អាចជាសាហាវបំផុតក៏ថាបាន។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះអ្នកប្រយុទ្ធជាច្រើនបានស្លាប់ ដោយសារតែកីឡានេះ»។
គេបានបន្តថា៖ «អ្នកត្រូវដឹងថាពេលណាគួរចូលនិវត្តន៍។ ខ្ញុំមានអាជីពដ៏អស្ចារ្យមួយ។ ខ្ញុំនឹងនៅតែធ្វើដំណើរ និងធ្វើពិព័រណ៍។ ខ្ញុំរកលុយបានច្រើនក្នុងការតាំងពិព័រណ៍» ។
គួរបញ្ជាក់ផងដែរថា ឆ្លងកាត់រាល់ការប្រកួតអាជីពរបស់គេ Floyd Mayweather មិនដែលចាញ់ដោយគូប្រកួតណាមួយឡើយ។ ពេលថ្មីៗកន្លងមកនេះ គេឃើញមហាសេដ្ឋីចិន លោក Jack Ma និង ស្តេចប្រដាល់ហ្វីលីពីន Pacquiao ចេញវីឌីអូ ហៅ Floyd ទៅប្រកួតវិញដែរ តែពេលនេះ Floyd បានធ្វើការសម្រេចចិត្តច្បាស់លាស់ហើយ ៕