វាក់ជាមួយឡានដឹកឥដ្ឋ ជាន់ហ្វ្រាំងមិនជាប់ពន្លះខ្ទេចមុខ​ (មានវីដេអូ)

រាជធានី​ភ្នំពេញ ៖ រថយន្ត​បែន​មួយ​គ្រឿង​បាន​រង​ការ​ខូចខាត​ក្រពឹត​ខ្ទេច​មុខ និង​ដាច់​ចង្កូត បន្ទាប់​ពី​បើកបរ​ក្នុង​ល្បឿន​លឿន​ហើយ​វាក់​ជាមួយ​រថយន្ត​ដឹក​ឥដ្ឋ​មួយ​គ្រឿង​ទៀត លុះ​ជាន់​ហ្វ្រាំង​មិន​ជាប់​ក៏​ជ្រុល​ទៅ​បុក​ពីក្រោយ​រថយន្ត​ដឹក​ឥដ្ឋ​នោះ​យ៉ាង​ពេញ​ហំ​ហឹ​ង ប៉ុន្តែ​មិន​បាន​បណ្ដាល​ឲ្យ​មនុស្ស​ណា​ម្នាក់​រង​របួស​ឡើយ​។

ហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​លើ​កំណាត់​មហាវិថី​ឈ្នះ​ឈ្នះ កែង​ផ្លូវ​បេតុង​ចូល​ភូមិ​សាមគ្គី ស្ថិត​នៅ​ក្នុងភូមិ​ជង្រុក សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា រថយន្ត​បែន​មួយ​គ្រឿង​ខាងលើ ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ ៣A-៣៩៤៥ បើកបរ​ដោយ​បុរស​ម្នាក់ មិន​ស្គាល់​អត្តសញ្ញាណ ចំណែក​រថយន្ត​ដឹក​ឥដ្ឋ​មួយ​គ្រឿង​ទៀត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំ​ព​ញ ៣C-៨១០០ បើកបរ​ដោយ​បុរស​ម្នាក់ មិន​ស្គាល់​អត្តសញ្ញាណ​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​បែន​បើកបរ​ក្នុង​ល្បឿន​លឿន​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ខាងលើ​បាន​វាក់​ជាមួយ​រថយន្ត​ដឹក​ឥដ្ឋ​ដែល​កំពុង​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ស្របគ្នា ។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​បន្ត​ទៀត​ថា ខណៈនោះ​រថយន្ត​បែន​ជាន់​ហ្វ្រាំង​ដែរ ប៉ុន្តែ​ហ្វ្រាំង​អត់​ស៊ី ក៏​ជ្រុល​ទៅ​បុក​ពីក្រោយ​រថយន្ត​ដឹក​ឥដ្ឋ​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​រង​ខូចខាត​ខ្ទេច​មុខ​ខ្លួនឯង និង​ដាច់​ចង្កូត​តែ​ម្ដង ចំណែក​រថយន្ត​ដឹក​ឥដ្ឋ​រង​ការ​ខូចខាត​វៀច​កាង​ក្រោយ​។

ក្រោយ​កើតហេតុ រថយន្ត​ទាំង​២​បាន​ធ្វើការ​សម្របសម្រួល​គ្នា ដោយ​ខាង​ភាគី​រថយន្ត​បែន ជួយ​ចេញថ្លៃ​ខូចខាត​ទៅ​ឱ្យ​រថយន្ត​ដឹក​ឥដ្ឋ​ដើម្បី​បញ្ចប់រឿង​នៅ​កន្លែង​កើតហេតុ​៕ (​កែសម្រួល​ដោយ ៖ ធីតា​)