រាជធានីភ្នំពេញ ៖ កាលពីល្ងាចថ្ងៃទី២១ ខែវិច្ឆិកាកន្លងទៅ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មានរៀបចំធ្វើមហាសន្និបាតវិសាមញ្ញដើម្បីជ្រើសរើសថ្នាក់ដឹកនាំសហព័ន្ធកីឡាវាយកូនឃ្លីលើតុអាណត្តិថ្មី បន្ទាប់ពីលោកឧកញ៉ា រ័ត្ន សុខន ប្រធានសហព័ន្ធអាណត្តិចាស់បានដកខ្លួនចេញអស់ជាច្រើនឆ្នាំមក ហើយ ។ នៅក្នុងឱកាសនោះដែរ ក៏មានការចូលរួមធ្វើជាសាក្សីពីសំណាក់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈ កម្មាធិការជាតិអូឡាំពិកកម្ពុជា និងលោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ។

តាមរយៈមហាសន្និបាតវិសាមញ្ញនេះ ក៏បានឯកភាពគ្នាធ្វើការជ្រើសរើសសមាជិកប្រតិបត្តិអា
ណត្តិថ្មី ដែលមានលោកនាយឧត្តមសេនីយ៍ គាត ច័ន្ទថារិទ្ធ ជាប្រធាន ។ រីឯអនុប្រធានរួមមាន លោកឧត្តមសេនីយ៍ ដួង ហេង លោក តែ សុងហេង លោក ពុំ កិត្យា និងលោក លី សេងហុង ។
លោក ស៊ុន សុទ្ធារិទ្ធ អគ្គលេខាធិការ លោក ចាន់ ពិសិទ្ធ អគ្គលេខាធិការរង លោក ព្រុំ ឌុចបូរ៉ា អគ្គហេរញ្ញិក ហើយក៏នៅមានសមាជិកគណៈកម្មការប្រតិបត្តិចំនួន៤រូបទៀត គឺលោក អុឹង ប៊ុនឃាង លោក អម សុផាណា លោក រស់ ជាតិ និងលោក ដួង វណ្ណា ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មានប្រសាសន៍ថា នេះជាការកែទម្រង់ថ្មីមួយដើម្បីអភិវឌ្ឍន៍គុណភាពកីឡាឱ្យទាន់បណ្ដាប្រទេសក្នុងតំបន់ ទ្វីប និងពិភពលោក ហើយការកែទម្រង់នេះនឹងត្រូវធ្វើរហូតដល់ឆ្នាំ២០២២ ។
អ្វីដែលជាការកត់សម្គាល់នោះ លោក ស៊ុន សុទ្ធារិទ្ធ អគ្គលេខាធិការអាណត្តិចាស់ដ៏មានឥទ្ធិពលបានវិលចូលមកកាន់តំណែងជាអគ្គលេខាធិការអាណត្តិថ្មី បន្ទាប់ពីរូបលោកបានបោះ បង់អស់រយៈពេល៥ឆ្នាំមកហើយ ។ ក្រោយពីលោកត្រូវបានតែងតាំងជាអគ្គលេខាធិការវិញនេះបានឱ្យដឹងថា បច្ចុប្បន្ននេះក្នុងសហព័ន្ធមាន កីឡាករជម្រើសជាតិចំនួន៥នាក់(ស្រី១នាក់)កីឡាករថ្នាលមាន៨នាក់(ស្រី៣នាក់) មានយុវ កីឡាករស្ម័គ្រចិត្តចូលហ្វឹកហាត់៨នាក់(ស្រី២នាក់) គ្រូបង្វឹកជម្រើសជាតិនិងថ្នាល៣នាក់ ក្លិបនៅទូទាំងប្រទេសចំនួន២៥ ហើយនៅតាមក្លិបនីមួយៗមានគ្រូបង្វឹក១នាក់ឬ២នាក់ ។

លោករដ្ឋលេខាធិការ ស សុខា ទាមទារឱ្យបង្កើតព្រឹត្តិការណ៍ប្រកួតឱ្យបានច្រើន ដើម្បីបង្កើនសមត្ថភាពរបស់កីឡាករកីឡាការិនី។លោកបញ្ជាក់ថា ការប្រកួតកាន់តែច្រើគឺកាន់តែល្អ បើគ្មានការប្រកួតទេនោះគឺលំបាកហើយ ។
លោក គាត ច័ន្ទថារិទ្ធ បានបង្ហាញពីទឹកចិត្តក្នុងការបំពាក់ឡើងវិញនូវសម្ភារហ្វឹកហាត់និងប្រកួតឱ្យបានត្រឹមត្រូវ ។ ជាងនេះទៀត រៀបចំទីតាំងហ្វឹកហាត់ឱ្យបានល្អប្រសើរ ព្រមទាំងគិតគូរពីការបញ្ជូនកីឡាករទៅហ្វឹកហាត់នៅក្រៅប្រទេស ឬអញ្ជើញគ្រូមកបង្ហាត់នៅក្នុងប្រទេសតែម្ដង ។
ម្យ៉ាងវិញទៀត រយៈពេលដ៏ខ្លីខាងមុខនេះលោកនឹងរៀបចំបញ្ជូនប្រតិភូមួយក្រុមទៅធ្វើ ទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ ជប៉ុន សិង្ហបុរី និងចិន ដើម្បីស្វែងយល់ពីការរីកចម្រើនលើវិស័យកីឡាវាយកូនឃ្លីលើតុរបស់គេ ៕ (កែសម្រួលដោយ ៖ បុប្ផា)