មានបញ្ជា​ឱ្យ​សួរ​នាំមន្ត្រីនគរបាល​ស្រុក​ភ្នំព្រឹក​៩​នាក់​«​​ការ​ស្លាប់​អ្នក​ល្បែង​ម្នាក់​»

282

ខេត្តបាត់ដំបង ៖ មន្ត្រី​នគរបាលនៃ​អធិការដ្ឋាន​ស្រុក​ភ្នំព្រឹក​ប្រមាណ​៩​នាក់ នឹង​ត្រូវ​សួរ​ដេញដោល​ឡើង​វិញ តាម​សំណើ​​របស់​ក្រសួងមហាផ្ទៃ​អំពី​ការ​«​ស្លាប់​ពលរដ្ឋ​ម្នាក់​» ក្រោយ​ពី​សមត្ថកិច្ច​ក្រុម​នេះ ​ឃាត់ខ្លួន​ក្នុង​ករណី​ប្រព្រឹត្ត​ល្បែងស៊ីសង​ខុសច្បាប់ កាលពី​អំឡុង​ខែតុលា​កន្លង​ទៅ​ ។ នេះ​បើ​តាម​ប្រភព​ព័​ត៌មាន​ពី​មន្ត្រី​ស្នង​ការដ្ឋាន​ខេត្ត ដែល​បាន​បង្ហើប​ឲ្យ​ដឹង កាលពី​ថ្ងៃ​ទី​២១ វិច្ឆិកា ២០១៩​ ។

Loading...

លោក​ឧត្តម​សេនី​យ៍​ត្រី ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្តបាន​ទ​ទូល​ស្គាល់​ថា ពិតជា​មាន​ចំណារ​តាម​លំដាប់​លំដោយ​ពី​ថ្នាក់លើ​បញ្ជា​ឲ្យ​អង្គភាព​ស្នងការដ្ឋាន​នគរបាល​ខេត្ត កោះហៅ​មន្ត្រី​នគរបាល​ស្រុក​ភ្នំព្រឹក មួយ​ចំនួន​មក​សួរនាំ​ឡើង​វិញ ពាក់ព័ន្ធ​នឹង​ការ​ស្លាប់​អ្នកលេង​ល្បែងស៊ីសង​ម្នាក់​នោះ​មែន​។ ប៉ុន្តែ​លោក​មិន​ទាន់​ដឹង​ឲ្យ​ប្រាកដ​ថា នឹង​មាន​មន្ត្រី​ប៉ុន្មាន​នាក់ អាច​ត្រូវ​សួរនាំ​នៅ​ក្នុង​សំណុំរឿង​នេះ​ទេ ​។ លោកស្នងការ​រង​បាន​បញ្ជាក់​ថា ក្រុម​គ្រួសារ​ជន​រង​គ្រោះ ហាក់​គ្មាន​ជំនឿ​លើ​ការ​បកស្រាយ​របស់​លោក​អធិការ​ស្រុក​ភ្នំព្រឹក ទើប​​គាត់​ដាក់​ពាក្យ​បណ្ដឹងសុំ​អន្តរា​គម​៍​ពី​ក្រសួងមហាផ្ទៃ ហើយ​ក្រសួង​ក៏​បាន​ចារ​បញ្ជូន​តាម​លំដាប់លំដោយ ស្នើ​ឱ្យស្នងការដ្ឋាន​ខេត្ត ចាំបាច់​ត្រូវ​ចាត់វិធានការ​លើ​ករណី​នេះ ។

ពាក់ព័ន្ធ​នឹង​សំណុំរឿង​នេះ បើ​តាម​របាយ​ការ​ណ៍​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា កម្លាំង​ផ្នែក​ព្រហ្មទណ្ឌនៃ​អធិ​ការដ្ឋាន​ស្រុក​ភ្នំព្រឹក មួយ​ក្រុម​បាន​ចុះ​បង្ក្រាប​បន​ល្បែងស៊ីសង​ខុសច្បាប់​មួយ​កន្លែង (​អាប៉ោង​) កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៩ តុលា កន្លង​ទៅ​ថ្មី​ៗ​នេះ នៅ​ក្នុងភូមិ​ភ្នំព្រឹក ឃុំ​ភ្នំព្រឹក ស្រុក​ភ្នំព្រឹក​។កិច្ច​ប្រតិបត្តិ​ទាំង​យប់​នោះ សមត្ថកិច្ច​ឃាត់ខ្លួន​អ្នកលេង​ល្បែង​បាន​តែ​ម្នាក់​ប៉ុណ្ណោះ គឺ​ឈ្មោះ​ជ័យ ភា​រិ​ន ហៅ ពៅ អាយុ​៣៦​ឆ្នាំ ខណៈ​អ្នកលេង​ជា​ច្រើន​នាក់​ទៀត​បាន​រត់​រួច​ ។ ជាមួយនឹង​ការ​ឃាត់ខ្លួន​បាន​ម្នាក់​នេះ សមត្ថកិច្ច​បាន​ដកហូត​វ​ត្តុ​តាង​មួយ​ចំនួន រួម​ទាំង​ម៉ូតូ​ចំនួន​៣​គ្រឿង​ផង​ដែរ​។

របាយ​ការ​ណ៍ដដែល​បាន​បញ្ជាក់​ថា ក្រោយ​ធ្វើ​កំណត់ហេតុ សមត្ថកិច្ច​បាន​ប្រមូល​វត្ថុ​តាង​ដឹក​តាម​រថយន្ត​យក​ទៅ​កាន់​អធិការ​ស្រុក​ភ្នំព្រឹក​ទាំង​យប់ ហើយ​បាន​ឲ្យ​ជនសង្ស័យ​អង្គុយ​ខាងក្រោយ​ជួយ​ទប់​ម៉ូតូ ​។ ប៉ុន្តែ​ពេល​ចេញ​ផុត​ពី​កន្លែង​កើតហេតុ​បាន​បន្តិច ស្រាប់តែ​ឈ្មោះ​ជ័យ ភា​រិ​ន បាន​លោត​ចុះ​ពី​រថយន្ត​បណ្ដាល​ឲ្យ​រង​របួសធ្ងន់ តែ​បាន​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​បង្អែក​ស្រុក​សំពៅ​លូន​។ ក្រុម​គ្រួសារ​ជន​រង​គ្រោះ បាន​​ប្រតិកម្ម​យ៉ាង​ខ្លាំង​ ចំពោះ​សម​កិច្ច​ដែល​ធ្វើ​ឲ្យ​សាច់ញាតិ​ពួក​គេ​ស្លាប់ ដោយ​គ្មាន​ការ​ទ​ទូល​ខុស​ត្រូវ ក្រោយ​ពី​ចាប់ខ្លួន គ្រាន់តែ​លេងល្បែង​ស៊ីសង ​។ សាច់ញាតិ​ជន​រង​គ្រោះ ហាក់​បាន​ចង្អុល​ចំ​ៗ​មុខ ក្រុម​សមត្ថកិច្ច​ដែល​ចុះ​បង្ក្រាប​ល្បែង​អាប៉ោង​នេះ ហើយ​បាន​ចោទ​ថា សមត្ថកិច្ច​ជា​អ្នក​ធ្វើ​ឲ្យ​ឈ្មោះ​ជ័យ ភា​រិ​ន ស្លាប់​ ។ ថែម​ទាំង​សង្ស័យ​ទៅ​លើ​សមត្ថកិច្ច​ទៀត​ថា បាន​វាយ​ធ្វើ​ទារុណកម្ម ឬអាច​រុញ​ជន​រង​គ្រោះ​ទម្លាក់​ពីលើ​រថយន្ត​ទៀត​ផង​ ។ ប៉ុន្តែ​លោក​សា​រ៉េ​ត វិ​សេដ្ឋ អធិការ​នគរបាល​ស្រុក​នេះ បាន​ចេញ​មុខ​បដិសេធ​
ភ្លាម​ៗ ចំពោះ​ការ​ចោទប្រកាន់​ខាងលើ​នេះ​។

លោក​សា​រ៉េ​ត វិ​សេដ្ឋ អធិការ​ស្រុក​ភ្នំព្រឹក បាន​ចេញ​សេចក្ដី​បំភ្លឺ​ឆ្លើយ​តប​មួយ ពាក់ព័ន្ធ​នឹង​ករណី​នេះ បន្ទាប់​ពី​រង​នូវ​ការ​រិះគន់​ពី​មហាជន និង ក្រុម​គ្រួសារ​ជន​រង​គ្រោះ​។ នៅ​ក្នុង​សេចក្ដី​បំភ្លឺ លោក​សា​រ៉េ​ត វិ​សេដ្ឋ បាន​និយាយ​ថា ក្រោយ​បញ្ចប់​ការងារ កម្លាំង​ជំនាញ​បាន​យក​រថយន្ត​ម៉ាក​នី​ស្សាន់​មួយ​បាំង​កន្លះ​ទៅ​ដឹក​ម៉ូតូ​ដែល​ដកហូត និង​បាន​ឲ្យ​ជនសង្ស័យ​ឈ្មោះ​ជ័យ ភា​រិ​ន ជិះ​ខាងក្រោយ​ជួយ​ទប់​ម៉ូតូ ជាមួយ​សមត្ថកិច្ច​ផង​។ ប៉ុន្តែ​ពេល​រថយន្ត​ចេញ​ផុត​ពី​កន្លែង​ល្បែង បាន​ប្រហែល​១,០០០​ម៉ែត្រ ស្រាប់តែ​ឈ្មោះ​ភា​រិ​ន ដែល​មាន​ធំក្លិន​ស្រា​ផង បាន​លោត​ទម្លាក់​ពីលើ​រថយន្ត​ដែល​កំពុង​ធ្វើ​ដំណើរ​បណ្ដាល​ឲ្យ​របួស​ក្បាល​ខាងស្ដាំ​។ គ្រានោះ​សមត្ថកិច្ច​ក៏​បាន​ដឹក​ជន​រង​គ្រោះ​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក ស្រុក​សំពៅ​លូនភ្លាម​ៗ​ដែរ តែ​បាន​ស្លាប់​នៅ​ម៉ោង​ជា​១​រំលង​អា​ធ្រា​ត្រ​។

ជុំវិញ​ករណី​នេះ លោក​សា​រ៉េ​ត វិ​សេដ្ឋ ហាក់​បាន​ប្រឹងប្រែង​ស្វែងរក​អំណះអំណាង​នានា ពី​គ្រូពេទ្យ ក្នុង​ចេតនា​ជួយ​សម្រាល​ពី​ការ​រិះគន់​ ។ នៅ​ក្នុង​សេចក្ដី​បំភ្លឺ លោក​អធិការ​ដែល​ទើប​ចូល​កាន់​តំណែង​រូប​នេះ បាន​ដកស្រង់​សំដី​គ្រូពេទ្យ​មក​បង្ហាញ​ប្រាប់​មហាជន​ទូទៅ ​និង​គ្រួសារ​ជន​រង​គ្រោះ​ថា ពេល​បញ្ជូន​ដល់​មន្ទីរ​ពេទ្យ «​គ្រូពេទ្យ​បាន​ប្រាប់​ថា ជន​រង​គ្រោះ​មាន​ជាតិ​អាកុល​ច្រើន និង​ខ្សោយកម្លាំង​បន្តិច​»រហូត​ដល់​រំលង​អ​ធ្រា​ត្រ​ជន​រង​គ្រោះ​ក៏​បាន​ស្លាប់​តែ​ម្ដង ​។ លោក​អធិការ​បាន​បញ្ជាក់​ចុង​ក្រោយ​ថា «​នៅ​ក្នុង​កិច្ច​ប្រតិ​បត្តិការ​សមត្ថកិច្ច​យើង មិន​បាន​ធ្វើ​ទារុណកម្ម​ទៅ​លើ​ជន​រង​គ្រោះ​ឡើយ ​។ ប៉ុន្តែ​បើ​តាម​ប្រភព​ពី​មន្ត្រី​ស្នង​ការ​ខេត្ត បាន​បង្ហើប​ឲ្យ​ដឹង​ថា «​គ្រួ​ពេទ្យ​មិន​បាន​និយាយ​ពី​មូលហេតុ​នៃ​ការ​ស្លាប់​ជន​រង​គ្រោះ​នេះ​ទេ ហើយ​គ្រួ​ពេទ្យ​ក៏​មានបាន​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរ​ណ៍​ដែរ​»​។

ការ​ចេញ​សេចក្ដី​បំភ្លឺ ក្នុង​ចេតនា​ជួយ​សម្រាល​បន្ទុក​របស់​លោក​សា​រ៉េ​ត វិ​សេដ្ឋ អធិការ​ស្រុក​ភ្នំព្រឹក ខាងលើ​នេះ ហាក់​មិន​បាន​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ស្ងប់ចិត្ត​ឡើយ ​។ ផ្ទុយ​ទៅ​វិញ ពួក​គេ​បាន​កើតទុក្ខ​មិន​សុខ​ចិត្ត រហូត​ស្វះ​ស្វែងរក​អ្នក​ច្បាប់ ឲ្យ​ជួយ​ជ្រោម​ជ្រែង​ដាក់​ពាក្យ​ប្ដឹង​ទៅ​ក្រសួងមហាផ្ទៃ ដើម្បី​សុំ​ឲ្យ​ជួយ​អន្តរា​គម​ន៍ ជួយ​រក​យុ​ត្តិ​ធ​ម៌​ដល់​គ្រួសារ​ខ្លួន​ទៀត​ផង ​។ សាច់ញាតិ​ជន​រង​គ្រោះ​បាន​ដាក់​ការ​សង្ស័យ​ទៅ​លើ​កម្លាំង​សមត្ថកិច្ច​ថា អាច​វាយ​ធ្វើ​ទារុណកម្ម​ទៅ​លើ​ឈ្មោះ​ជ័យ ភា​រិ​ន ទើប​ជន​រង​គ្រោះ​មាន​ស្នាម​របួស​ធ្ងន់​ធ្ងរ​រហូត​ដល់​ស្លាប់​បែប​នេះ​។

លោក​ឧត្តម​សេនីយ៍​ត្រី ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្ត បាន​រិះគន់​ផង​ដែរ ​ក្រោយ​កើតហេតុ​ភ្លាម​ៗ ចំពោះ​សមត្ថ​កិច្ច​ស្រុក​ភ្នំព្រឹក ដែល​មានការ​ធ្វេសប្រហែស​ដល់​ការ​ដឹក​ជញ្ជូន​វត្ថុ​តាង និង​ជនសង្ស័យ​ ។ លោក ស្នងការ​រង​បាន​លើក​ឡើង​ថា នេះ​ជា​ការ​ធ្វេសប្រហែស​របស់​សមត្ថកិច្ច ទើប​ធ្វើ​ឲ្យ​មានការ​ថ្លោះ​ធ្លោយ​កើត​ឡើង ​។ ប៉ុន្តែ​យ៉ាងណា លោក​បាន​បញ្ជាក់​ថា ក្រោយ​ពី​មាន​បទបញ្ជា​ពី​ក្រសួងមហាផ្ទៃ និង អគ្គស្នងការ​នគរបាល​ជាតិ បញ្ជា​ឲ្យ​ស្នងការដ្ឋាន​ខេត្ត សើរើ​សំណុំរឿង​នេះ​ឡើង​វិញ ដើម្បី​រក​យុ​ត្តិ​ធ​ម៌ជូន​គ្រួសារ​ជន​រង​គ្រោះ​។

លោកស្នងការ​ខេត្ត​បាន​ប្រគល់​ភារកិច្ច​នេះ​ឲ្យ​ទៅ​មន្ត្រី​ជំនាញ ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ នៃ​ស្នងការ​ខេត្ត ដើម្បី​ធ្វើការ​ស៊ើបអង្កេត និងកោះហៅ​មន្ត្រី​នគរបាល​ស្រុក​ភ្នំព្រឹក ជិត​១០​នាក់ ដែល​ពាក់ព័ន្ធ​មក​សួរនាំ ហើយ​មន្ត្រី​ជំនាញ​បាន​ចាប់ផ្ដើម​ធ្វើ​ការងារ​នេះ​ជា​បណ្ដើរ​ៗ​ហើយ​។ បើ​តាម​ប្រភព​បាន​ប្រាប់​ថា មន្ត្រី​ដែល​ត្រូវ​សួរនាំ​នេះ គឺ​មាន​ចំនួន​៩​នាក់ ក្នុង​នោះ​មាន​លោក​អធិការរង​មួយ​រូប​ផង​ដែរ​។ នេះ​ជា​ការ​ធ្វេសប្រហែស​របស់​សមត្ថកិច្ច ដែល​មិន​អនុវត្ត​តាម​នីតិ​វ​ិធី នៅ​ពេល​ចុះ​ប្រតិបត្តិការ​ការងារ ។