បដិសេធ​ព័ត៌មាន… ការ​​ដក​កងទ័ព​អា​មេ​​រិកប្រមាណ​ជា​៤០០០​នាក់​​​ចេញពី​កូរ៉េ​

សហរដ្ឋអាមេរិក​-​កួ​រ៉េ​ខាងត្បូង ៖ ក្រសួង​ការពារ​ប្រទេស​អា​មេ​រិ​ក កាលពី​ថ្ងៃ​ទី​២១​វិច្ឆិកា​បាន​បដិសេធ​ព័ត៌មាន​របស់​កាសែត​កូរ៉េ​ខាងត្បូង​មូ​យ ស្ដី​ពី​លទ្ធភាព​នៃ​ការ​ដក​កង​ទាហាន​អា​មេ​រិ​ក​ប្រមាណ​ជា​៤០០០​នាក់​ចេញពី​ឧបទ្វីប​កូរ៉េ ប្រសិនបើ​ក្រុង​សេ​អ៊ូ​ល​បដិសេធ​មិន​ចូលរួម​ចំណែក​ថែម​ទៀត ក្នុង​ការ​ចំណាយ​សម្រាប់​ការ​ដាក់​ពង្រាយ​កង​ទាហាន​ទាំងនោះ​ក្នុង​ប្រទេស​។

Loading...

ក្នុង​សេចក្ដី​ប្រកាស​មួយ​មន្ទីរ​ប៉ង់​តា​ហ្គោ​ន​ថ្លែង​ថា ពុំ​មាន​អ្វី​ជា​ការ​ពិត​ដាច់ខាត​ព័ត៌មាន​របស់​កាសែត​CHOSUN ILBO​ដែល​ថា ក្រសួង​ការពារ​ប្រទេស​អា​មេ​រិ​ក គ្រោង​ដក​ក្នុង​ពេល​ភ្លាម​ៗ​កង​ទាហាន​របស់​ខ្លួន​ចេញពី​ឧបទ្វីប​កូរ៉េ​។ យើង​ស្នើ​ដល់​កាសែត​នេះ​ឲ្យ​ដក​ចេញ​ជា​បន្ទាន់​នូវ​អត្ថបទ​របស់​ខ្លួន​នោះ​។

ការ​ប្រកាស​នេះ​របស់​មន្ទីរ​ប៉ង់​តា​ហ្គោ​ន​កើត​មាន បន្ទាប់​ពី​កាសែត​CHOSUN ILBO​ដែល​ថា ដកស្រង់​ប្រភព​ការទូត​មួយ​របស់​ក្រុង​វ៉ា​ស៊ិ​ន​តោន​ដែល​ដឹង​ពី​ការ​ចរចា​រាយការណ៍​ថា សហ​រដ្ឋអាមេរិក​គ្រោង​ដក​កងពលតូច​មួយ​ទាំងមូល ដែល​មាន​ទាហាន​ពី​៣០០០​ទៅ​៤០០០​នាក់​ចេញពី​កូរ៉េ​ខាងត្បូង ប្រសិនបើ​ក្រុង​សេ​អ៊ូ​ល​បដិសេធ​មិន​ព្រម​បង្កើន​ការ​ចំណាយ សម្រាប់​វត្តមាន​កង​យោធា​អា​មេ​រិ​ក​នៅ​ក្នុង​ប្រទេស​នោះ​ទេ​។

សហរដ្ឋអាមេរិក​បាន​ទាមទារ​ប្រាក់​ប្រមាណ​ជា​៥​ពាន់​លាន​ដុល្លារ​ពី​កូរ៉េ​ខាងត្បូង សម្រាប់​ការ​ចំណាយ​លើ​ការ​រក្សា​ទុក​កង​ទាហាន​អា​មេ​រិ​ក ក្នុង​ប្រទេស​ខ្លូ​ន​ក្នុង​ឆ្នាំ​២០២០​។ កូរ៉េ​ខាងត្បូង​បាន​យល់ព្រម​ចេញ​ប្រមាណ​ជា​៨៧០​លាន​ដុល្លារ​នា​ឆ្នាំ​នេះ​។

ក្នុង​ស​ប្ដា​ហ៍​នេះ​ដែរ​កួ​រ៉េ​ខាងត្បូង​និង​សហរដ្ឋអាមេរិក បាន​បញ្ចប់​ការ​ចរចា​នៅ​ក្រុង​សេ​អ៊ូ​ល​ស្ដី​ពី​វិធី​ជួយ​ចេញ​ប្រាក់​សម្រាប់​ការ​រក្សា​ទុក​កង​ទាហាន​អា​មេ​រិ​ក​នៅ​កូរ៉េ​ខាងត្បូង តែ​ពុំ​សម្រេច​បានការ​រីក​ចម្រើន​ឡើយ​។ ទាហាន​អា​មេ​រិ​ក​ប្រមាណ​ជា​២៨.៥០០​នាក់ បច្ចុប្បន្ន​កំពុង​ដាក់​ពង្រាយ​នៅ​កូរ៉េ​ខាងត្បូង​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)